គេង​បើក​កង្ហារ​ពេល​យប់​មាន​គុណវិបត្តិ​ដែរ​ទេ?

  • 2024-03-15 00:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បើក​កង្ហារ​សម្រាប់​​គេង​ពេល​យប់​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ត្រជាក់ និង​ស្រួល​គេង​។​ ប៉ុន្តែ​ទន្ទឹម​នឹង​​មាន​ផល​ល្អ​ទាំង​នេះ តើ​កង្ហារ​មាន​ផល​អវិជ្ជមាន​ខ្លះ​ដែរ​ទេ? តស់​ស្វែង​យល់​ទាំង​អស់​គ្នា​មើល​ថា​យ៉ាង​ម៉េច​ខ្លះ?​

តឹង​ច្រមុះ​

ការ​គេង​បើក​កង្ហារ​នៅ​ពេល​យប់​ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​​ត្រជាក់ គេង​បាន​លក់​ស្រួល ក៏​មាន​គ្នា​យើង​មួយ​ចំនួន​ជួប​ផល​រំខាន​ពី​កង្ហារ​ដែរ។ ខ្យល់​ចេញ​ពី​កង្ហារ​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់ ច្រមុះ និង​បំពង់​ក​ ដែល​អាច​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ស្លេស្ម​។ ក្រៅ​ពី​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល តឹង​ច្រមុះ ឈឺ​ក ឬ​អាច​ស្រមុក​ថែម​ទៀត​ផង​។ ដើម្បី​បង្ការ​បញ្ហា​តឹង​ច្រមុះ ដោយសារ​កង្ហារ​យើង​អាច​ញ៉ាំ​ទឹក​បន្ថែម និង​អាច​ប្រើ​ម៉ាស៊ីន​ផ្ដល់​សំណើម​ក្នុង​បន្ទប់​ ស្រប​ពេល​ដែល​យើង​បើក​កង្ហារ​។​

អាលែកហ្ស៊ី

កង្ហារ​អាច​បក់​ធូលី ឬ​លម្អង​ផ្កា​ឲ្យ​វិល​ចុះ​ឡើង​​ក្នុង​បរិយាកាស​បន្ទប់ ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​បាន​ ពិសេស​ធូលី​ដែល​តោង​ជាប់​នឹង​ស្លាប​កង្ហារ​​។ បើ​សិន​ជា​យើង​ដក​ដង្ហើម​ស្រូប​យក​ធូលី​ទាំង​នោះ​ចូល​ យើង​អាច​នឹង​មាន​បញ្ហា​ហៀរ​សំបោរ រមាស់​បំពង់​ក ហៀរ​ទឹក​ភ្នែក និង​ពិបាក​ដក​ដង្ហើម​ជា​ដើម​។

ស្ងួត​ភ្នែក និង​ស្បែក

ខ្យល់​ចេញ​ពី​កង្ហារ​អាច​ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​របស់​យើង​ស្ងួត​ដែរ​។ ប្រើ​គ្រីម​ផ្ដល់​សំណើម​ដល់​ស្បែក និង​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ទំនង​ជា​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្ងួត​ស្បែក និង​ភ្នែក​បាន។ យ៉ាង​ណា ចំពោះ​ការ​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ណា​មួយ​គួរ​ប្រឹក្សា​ជាមួយ​ឱសថការី ឬ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន​។​

ឈឺ​សាច់​ដុំ

ពេល​ត្រូវ​កង្ហារ​យូរ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​តឹង ឬ​ឈឺ​ចាប់​បាន​ដែរ​។ ក្នុង​ន័យ​នេះ កង្ហារ​អាច​រំខាន​ដំណេក​របស់​យើង​បាន​ ដោយសារ​តែ​​យើង​អាច​ភ្ញាក់​ដោយសារ​តែ​ឈឺ​សាច់​ដុំ​។ ការ​ពារ​បញ្ហា​នេះ យើង​អាច​បង្វែរ​មុខ​កង្ហារ​កុំ​ឲ្យ​ចំ​ខ្លួន​យើង​ពេក​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម