តើ​អាកាស​ធាតុ​ក្ដៅ​ប៉ះពាល់​សុខ​ភាព​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​បែប​ណា?

  • 2024-03-16 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​ក្ដៅ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ជួប​បញ្ហា​សុខ​ភាព​​មួយ​ចំនួន​។​ ការ​​សិក្សា​រក​ឃើញ​ថា​អាកាស​ធាតុ​ក្ដៅ​​​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​សីតុណ្ហភាព​ក្ដៅ និង​សំណើម​ក្នុង​បរិយាកាស​។​

​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​អាច​ប្រឈម​ខ្ពស់​ទៅ​នឹង​ការ​ល្ហិតល្ហៃ​ដោយ​សារ​សីតុណ្ហភាព​ក្ដៅ​។ ដូច​នេះ​បើ​សិន​ជា​​​អាកាស​ធាតុ​ក្ដៅ​ខ្លាំង អ្នក​ជំងឺ​គួរ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់ និង​​តាម​ដាន​រោគ​សញ្ញា​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ដោយសារ​តែ​សីតុណ្ហភាព​ក្ដៅ​នេះ​ផង​ដែរ ដើម្បី​អាច​​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា​។

សីតុណ្ហភាព​ក្ដៅ​ប៉ះពាល់​សុខ​ភាព​អ្នក​ជំងឺ​បែប​ណា​?

​សីតុណ្ហភាព​ក្ដៅ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខ្សោះ​​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​​ស្ថាន​ភាព​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ ជាក់​ស្ដែង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ​ងាយ​នឹង​​បាត់​បង់​ជាតិ​ទឹក​ជាង​អ្នក​​ដែល​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ខាង​ក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​បង្ហាញ​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​កំពុង​ខ្វះ​ជាតិទឹក។

  • អស់​កម្លាំង
  • មិន​សូវ​នោម
  • ស្រេក​ទឹក​ខ្លាំង​
  • វិល​មុខ ឬ​ធេងធោង
  • ស្ងួត​មាត់ និង​ភ្នែក​
  • ឈឺ​ក្បាល​

គន្លឹះ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ថែទាំ​សុខ​ភាព​ពេល​អាកាស​ធាតុ​ក្ដៅ

ការ​តាម​ដាន និង​ដឹង​ពី​វិធី​ការ​ពារ​ខ្លួន​ពី​ផល​រំខាន​នានា​ដោយ​សារ​តែ​អាកាស​ធាតុ​ក្ដៅ គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ធានា​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​តែ​មាន​សុខ​ភាព​ល្អ​។ ខាង​ក្រោម​ជា​គន្លឹះ​ចាំ​បាច់​មួយ​ចំនួន​។​

ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​៖ ​វិធី​ដែល​ល្អ​ក្នុង​ការ​បង្ការ​បញ្ហា​បាត់​បង់​ជាតិ​ទឹក​ក្នុង​រាង​កាយ គឺ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ ប៉ុន្តែ​មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​ច្រើន ឬ​ញ៉ាំ​ជំនួស​ទឹក​នោះ​ទេ​។​

ជៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង​៖ ​ជាតិ​អាល់កុល​អាច​មាន​ឥទ្ធិ​ពល​លើ​ការ​បត់ជើង​តូច​ ដូច​នេះ​ការ​ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹក និង​ងាយ​បាត់​បង់​ជាតិ​ទឹក​​ក្នុង​ខ្លួន​។​

​ពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ញឹក​ញាប់៖ ជា​ទូទៅ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​តែង​តែ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​របស់​ខ្លួន​ជា​ប្រចាំ​ទៅ​ហើយ ប៉ុន្តែ​អាកាស​ធាតុ​ក្ដៅ​អាច​​ធ្វើ​ឲ្យ​​កម្រិត​ជាតិ​ស្ករ​កាន់​តែ​ងាយ​ប្រែ​ប្រួល​ចុះ​ឡើង។ ដូច​នេះ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តាម​ដាន​អាការៈ​របស់​ខ្លួន និង​​តាម​ដាន​កម្រិត​ជាតិ​ស្ករ​បន្ថែម​បើ​ចាំ​បាច់​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា