របៀបសម្គាល់ឡេសុទ្ធត្រឹមត្រូវ និងឡេលាយ ឬផលិតផលដែលមានសារធាតុបារត និងស្តេរ៉យឬអត់?

  • 2024-03-13 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូចបងប្អូនបានដឹងហើយថាសារធាតុបារត ឬស្តេរ៉យសព្វថ្ងៃនេះគឺកំពុងចរាចរណ៍ច្រើនមែនទែនលើទីផ្សារផលិតផលគ្រឿងថែរក្សាសម្រស់ និងគ្រឿងសម្អាង ហើយវិធីដែលអាចឲ្យយើងដឹងថាឡេ ឬផលិតផលនោះមានសារធាតុបារត ឬស្តេរ៉យ គឺទាល់តែឆ្លងកាត់មន្ទីរពិសោធន៍ជាមុនសិន យើងមិនអាចមើលនឹងភ្នែក ឬហិតក្លិនដឹងបាននោះទេ ។

យោងតាមរយៈ វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន ឯកទេសសើស្បែកប្រចាំការនៅ គ្លីនិក មៀរ៉ាបានឲ្យដឹងថា ការប្រើប្រាស់ឧបករណ៍តេស្តរហ័សដើម្បីមើលសារធាតុបារតក្នុងឡេ ឬផលិតផលផ្សេងៗ គឺមិនជាក់លាក់១០០%នោះទេ (Failed negative) ហើយអាចនឹងធ្វើឲ្យបងប្អូនខ្ជះខ្ជាយថវិកា ក្នុងការទិញឡេ ឬផលិតផលផ្សេងៗ ដើម្បីមកធ្វើការតេស្ត។

វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន បានបន្តទៀតថា យើងអាចមើលឡេ ឬផលិតផលផ្សេងៗដែលមានសុវត្ថិភាពបាន ដោយផ្អែកលើ ៤ចំណុចសំខាន់ៗដូចជា៖

១.មើលទៅលើទីផ្សារ ឈ្មោះក្រុមហ៊ុនផលិត ក្រុមហ៊ុនចែកចាយ ឬក្រុមហ៊ុនវេចខ្ចប់ ដែលមានលេខបញ្ជីការ មានម៉ាកច្បាស់លាស់ និងមានធាតុផ្សំ បិទលើសំបកផលិតផលត្រឹមត្រូវ គឺមានន័យថាបានឆ្លងកាត់មន្ទីរពិសោធន៍រួចរាល់

២.មានព័ត៌មានគ្រប់គ្រាន់លើសំបកផលិតផល (Website, កន្លែងផលិត, កន្លែងវេចខ្ចប់, លេខទូរស័ព្ទទំនាក់ទំនង ឬព័ត៌មានផ្សេងៗដែលយើងងាយរកមើលបានទូលំទូលាយ)

៣.របៀបប្រើប្រាស់ ការប្រុងប្រយ័ត្ន និង ការហាមឃាត់

៤.ថ្ងៃខែផលិត និងផុតកំណត់ ឬអាយុកាលរបស់ផលិតផលបន្ទាប់ពីបើកប្រើ។ជាចុងក្រោយសូមបងប្អូនត្រូវចងចាំថា សារធាតុអ្វីដែលធ្វើឲ្យ ស បានលឿន ប្រាកដជាមានសារធាតុគ្រោះថ្នាក់៕

ប្រភព៖ គ្លីនិក មៀរ៉ា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម