អាកាសធាតុ​ក្ដៅ​​អាច​បង្ក​ឲ្យ​កើត​ចែង​ថ្ងៃ​ ​នេះ​ជា​គន្លឹះ​ដោះ​ស្រាយ​

  • 2024-03-14 12:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចែង​ថ្ងៃ​ជា​ប្រភេទ​នៃ​ជំងឺ​ស្បែក​ម្យ៉ាង​​ដែល​អាច​នាំ​ឲ្យ​ស្កៀប​ និង​រមាស់។ ជំងឺ​នេះ​ច្រើន​កើន​ទៅ​ពេល​មាន​អាកាស​ធាតុ​ក្ដៅ​។ ​ក្រៅ​ពី​ស្កៀប​រមាស់ ចែង​ថ្ងៃ​អាច​ចេញ​អាការៈ​ផ្សេង​ទៀត​ដូច​ជា​ប្រែ​ពណ៌​ស្បែក និង​មាន​ឡើង​កន្ទួល​ៗ​តូច​ៗ​ជា​ដើម​។

ចែង​ថ្ងៃ​អាច​កើត​លើ​ស្បែក​នៅ​គ្រប់​កន្លែង ប៉ុន្តែ​កន្លែង​ដែល​មាន​ផ្នត់​ស្បែក​ដូច​ជា​នៅ​ត្រង់​ក ក្លៀក និង​នៅ​កៀន​ភ្លៅ​ គឺ​ងាយ​កើត​ជាង​​ទី​តាំង​ដទៃ។

​ចែង​ថ្ងៃ​កើត​ឡើង​ដោយសារ​តែ​ការ​ស្ទះ​ញើស​នៅ​ត្រង់​រន្ធ​រោម​ខ្លាំង​។ អ្នក​ដែល​ធ្វើ​ការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង ឬ​មាន​សំណើម​ងាយ​នឹង​កើត​បញ្ហា​នេះ​។ ជា​ទូទៅ​ចែង​ថ្ងៃ​មិន​មាន​ជា​បញ្ហា​​​សុខ​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​​។ យ៉ាងណា​បញ្ហា​នេះ​ក៏​រំខាន​ដល់​ការ​រស់​នៅ​របស់​យើង​ផង​ដែរ បើ​សិន​ជា​យើង​ជា​អ្នក​បែក​ញើស​ច្រើន​។ គន្លឹះ​មួយ​ចំនួន​នេះ​អាច​ជួយ​សម្រួល​អាការៈ​បាន​។​

ស្អំ​ទឹក​កក ឬ​ក្រណាត់​ត្រជាក់​

​ទឹក​កក​ឬ​ក្រណាត់​ត្រជាក់​ គឺ​ជួយ​សម្រួល​ដល់​អាការៈ​ស្កៀប​លើ​ស្បែក។ ជ្រលក់​ក្រណាត់​ក្នុង​ទឹក​ត្រជាក់ ឬ​ខ្ចប់​ជាមួយ​ទឹក​កក​ដាក់​ស្អំ​លើ​កន្លែង​មាន​ចែង​ថ្ងៃ នោះ​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​បញ្ហា​ស្កៀប​រមាស់​បាន​។ ​​​​

ងូត​ទឹក​ត្រជាក់​​

​អាការៈ​រមាស់ ឬ​ឈឺ​ផ្សារ​ដោយ​សារ​ចែង​ថ្ងៃ​អាច​នឹង​ថយ​ចុះ​ពេល​ស្បែក​ចុះ​ត្រជាក់​។ ដូច​នេះ​ការ​ងូត​ទឹក​ត្រជាក់​ក៏​អាច​ជួយ​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដែរ។ ក្រោយ​ងូត​ទឹក​រួច​ត្រូវ​ជូត​សម្អាត​ខ្លួន​​ថ្នមៗ​ឲ្យ​បាន​ស្អាត​ល្អ បើ​ស្បែក​នៅ​សើម នោះ​នឹង​អាច​នាំ​ឲ្យ​មាន​អាការៈ​ស្កៀប​រមាស់​វិញ​មិន​ខាន​។

ប្រទាល​កន្ទុយ​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ចុះ​ត្រជាក់ និង​ការ​ពារ​ការ​ឆ្លង​រោគ​។ យក​សាច់​ប្រទាល​លាប​លើ​ស្បែក​មាន​ចែង​ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្កៀប​រមាស់ ឬ​ឈឺ​ចាប់។​

ចែង​ថ្ងៃ​អាច​នឹង​បាត់​ទៅ​វិញ ក្រោយ​ពី​យើង​បាន​ប្រើ​ប្រាស់​វិធី​ព្យាបាល​បែប​ធម្មជាតិ​ទាំង​នេះ​ពីរ​បី​ថ្ងៃ​​។ ប៉ុន្តែ​បើ​ចែង​ថ្ងៃ​មិន​បាត់​ទៅ​វិញ ហើយ​ថែម​ទាំង​ចេញ​រោគ​សញ្ញា​ដូច​ជា​ឡើង​ហើម និង​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង យើង​គួរ​ស្វែង​រក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា