គន្លឹះសាមញ្ញៗជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
- 2024-03-09 00:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសាមញ្ញៗជួយកាត់បន្ថយហានិភ័យជំងឺបេះដូង
ជំងឺបេះដូងបានឆក់យកជីវិតមនុស្សចម្បងគេមួយក្នុងចំណោមជំងឺមួយចំនួនទៀត។ យ៉ាងណា អ្នកជំនាញជឿថាការអនុវត្តទម្លាប់សាមញ្ញៗមួយចំនួនជួយឲ្យយើងកាត់បន្ថយហានិភ័យពីជំងឺមួយនេះ។
ការដឹងពីស្ថានភាពសុខភាពរបស់ខ្លួនថាអាចប្រឈមនឹងជំងឺបេះដូងឬអត់គឺជារឿងសំខាន់។ កម្រិតកូលេស្តេរ៉ូល ប្រវត្តិគ្រួសារ លើសសម្ពាធឈាម មានជំងឺទឹកនោមផ្អែម និងជក់បារី ជាដើម គឺសុទ្ធតែអាចធ្វើឲ្យយើងមានហានិភ័យជំងឺបេះដូង។ បើសិនជាយើងមានបញ្ហាសុខភាពប្រចាំកាយណាមួយក្នុងចំណោមបញ្ហាសុខភាពទាំងនេះ គួរប្រឹក្សាជាមួយគ្រូពេទ្យដើម្បីបង្ការជំងឺបេះដូង។
អាហារដែលល្អសម្រាប់សុខភាពបេះដូង គឺអាហារសម្បូរដោយបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ។ ដូចគ្នាដែរ ការកម្រិតការញ៉ាំអាហារខ្លាញ់ និងខ្លាញ់ចម្រាញ់ក៏រួមចំណែកថែរក្សាសុខភាពបេះដូងដែរ។
ការធាត់លើសទម្ងន់ បង្កជាហានិភ័យនៃជំងឺបេះដូង។ អ្នកមានបញ្ហាធាត់ ច្រើនឃើញមានកើតបញ្ហាលើសសម្ពាធឈាម និងលើសជាតិខ្លាញ់ដែរ។ អ្នកធាត់ខ្លះទៀតក៏កើតជំងឺទឹកនោមផ្អែមដែរ ដោយសារតែមានបញ្ហាភាពធន់នឹងអាំងស៊ុយលីន។ ហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារល្អចំពោះសុខភាពជាវិធីមួយជួយឲ្យស្រកគីឡូ និងកាត់បន្ថយហានិភ័យកើតជំងឺទាំងនេះ។
បើសិនគ្នាយើងជាអ្នកជក់បារី គួរផ្ដាច់បារី ព្រោះថាការជក់បារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពសួតប៉ុណ្ណោះទេ តែក៏ប៉ះពាល់សុខភាពបេះដូងដែរ។ ការសិក្សារកឃើញថាការជក់បារីមានផលអវិជ្ជមានខ្លាំងលើសុខភាពបេះដូង ព្រោះថាសារធាតុគីមីក្នុងផ្សែងបារីអាចបំផ្លាញសរសៃឈាមបេះដូង អាចបង្កឲ្យមានដុំកំណកក្នុងសរសៃឈាម ដែលបញ្ហាទាំងនេះអាចនាំឲ្យកើតមានបញ្ហាគាំងបេះដូងទៅថ្ងៃខាងមុខ។
ស្រ្តេសជាបញ្ហាទូទៅមួយដែលយើងគ្រប់គ្នាតែងជួបប្រទះ ប៉ុន្តែបើសិនជាបញ្ហាស្រ្តេសញ៉ាំញីយើងខ្លាំងពេកក៏អាចមានផលអវិជ្ជមានដល់សុខភាពបេះដូង និងនាំឲ្យមានហានិភ័យជំងឺបេះដូង។ ស្រ្តេសកើតចេញពីការងារ បញ្ហាផ្ទាល់ខ្លួន ឬស្ថានភាពសេដ្ឋកិច្ចគ្រួសារ អាចធ្វើឲ្យមានការរលាកក្នុងរាងកាយកើតឡើង និងធ្វើឲ្យឡើងសម្ពាធឈាម។ ការធ្វើរឿងដែលយើងចូលចិត្ត បង្កើតទម្លាប់ល្អសម្រាប់ខ្លួន និងការហាត់ប្រាណជាប្រចាំ សុទ្ធតែមានប្រយោជន៍ក្នុងការកាត់បន្ថយស្រ្តេស។