​បញ្ហា​លើស​សម្ពាធ​ឈាម​​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង

  • 2024-03-08 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​មួយ​ធ្វើ​ឡើង​​នៅ​ប្រទេស​អូស្រា្តលី​បាន​លើក​ឡើង​ថា​បញ្ហា​លើស​សម្ពាធ​ឈាម​ជា​កត្តា​ចម្បង​​មួយ​បណ្ដាល​ឲ្យ​​មាន​អ្នក​ស្លាប់​ក្នុង​ចំណោម​ប្រជា​ជន​អូស្រ្តាលី​​សម្រាប់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ។​​ បន្ថែម​ពី​នេះ​បញ្ហា​លើស​សម្ពាធ​ឈាម​ជា​ដើម​ចម​មួយ​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង​ និង​បង្ក​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​ជីវិត​។​

ដូច​គ្នា​ដែរ​​ CDC អាមេរិក​បញ្ជាក់​ថា​បញ្ហា​លើស​សម្ពាធ​ឈាម​ជា​កត្តា​ហានិភ័យ​ធំ​មួយ​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង​។​ បញ្ហា​លើស​សម្ពាធ​ឈាម​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​អាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​សរសៃ​ឈាម​បេះដូង​។ ការ​ខូច​ខាត​សរសៃ​ឈាម​បេះដូង​ បាន​ធ្វើ​ឲ្យ​កាត់​បន្ថយ​លំហូរ​របស់​ឈាម និង​អុកស៊ីសែន​ទៅ​កាន់​បេះដូង​។ វា​ក៏​អាច​បង្ក​ឲ្យ​សរសៃ​ឈាម​ទៅ​កាន់​ខួរក្បាល​បែក​ ឬ​ស្ទះ​ផង​ដែរ។​

បញ្ហា​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង

ការ​សិក្សា​ធ្វើ​ឡើង​ពី​ឆ្នាំ​១៩៩០​​ដល់​ឆ្នាំ២០១៩ ដោយ​​កំណត់​ការសិក្សា​សំខាន់​លើ​កត្តា​នាំ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត រួម​ទាំង​កត្តា​ជំងឺ​បេះដូង​ផង​ដែរ។ ពេល​វិភាគ​ទិន្នន័យ​ដែល​ប្រមូល​បាន អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​បញ្ហា​លើស​សម្ពាធ​ឈាម​បាន​រួម​ចំណែក​​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​​៤៤​ភាគរយ​។​ បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​ជាប់​ជា​កត្តា​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន បន្ទាប់​ពី​ឆ្នាំ​ជក់ និង​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង​ដែរ។​

គន្លឹះ​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ​

ក្រោយ​គ្រូ​ពេទ្យ​វិនិច្ឆ័យ​ឃើញ​ថា​យើង​មាន​បញ្ហា​លើស​សម្ពាធ​ឈាម ការ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​ជា​រឿង​ចាំ​បាច់​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព និង​ហាត់​ប្រាណ​ជា​ប្រចាំ​ជា​ដើម​។ ដូច​គ្នា​ការ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង និង​ការ​ឈប់​ជក់​បារី ក៏​រួម​ចំណែក​ជួយ​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​ផង​ដែរ។​

ក្រៅ​ពី​នេះ ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចៀស​វាង​អាហារ​ប្រៃ ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​។ ការ​សិក្សា​បាន​បញ្ជាក់​ដែរ​ថា កាល​ណា​យើង​គ្រប់​គ្រង​បញ្ហា​លើស​សម្ពាធ​ឈាម​បាន​ល្អ ក៏​បាន​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង​ដូច​គ្នា។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម