អ្វី​ជា​ខ្លាញ់​មិន​ល្អ​ក្នុង​រាង​កាយ?

  • 2024-03-07 14:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ខ្លាញ់​មិន​ល្អ​​ក្នុង​រាង​កាយ​ច្រើន​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ​បើ​អីចឹង តើ​ខ្លាញ់​មិន​ល្អ​គឺ​ជា​អ្វី កើត​ឡើង​បាន​ដោយ​របៀប​ណា?​

​អ្វី​ជា​ខ្លាញ់​មិន​ល្អ​​?

​ខ្លាញ់​មិន​ល្អ ឬ​​LDL​ ជា​ប្រ​ភេទ​ខ្លាញ់​ម្យ៉ាង​មាន​នៅ​ក្នុង​ឈាម​របស់​យើង​។ ​ខ្លាញ់​ប្រភេទ​ផ្ទុក​ទៅ​ដោយ​​កូលេស្តេរ៉ូល​ភាគ​ច្រើន​​ និង​មាន​មួយ​ភាគ​តូច​ជា​ប្រូតេអ៊ីន​ ហើយ​បើ​ខ្លាញ់​ប្រភេទ​នេះ​មាន​កាត់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​​ខ្ពស់​ដែរ​ក្នុង​ការ​កើត​ជំងឺ​បេះដូង ឬ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។​

​ពេល​ខ្លះ​គេ​ហៅ​ខ្លាញ់​អាក្រក់ និង​កូលេស្តេរ៉ូល​​​អាក្រក់​ក្នុង​ន័យ​ដូច​គ្នា​​ ប៉ុន្តែ​ថា​បើ​កម្រិត​កូលេស្តេរ៉ូល​​ប្រភេទ​នេះ​នៅ​ទាប​មិន​មាន​អ្វី​អាក្រក់​ចំពោះ​សុខភាព​នោះ​ទេ ហើយ​វា​ថែម​ទាំង​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​ទៀត​ផង​។ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ខ្លាញ់ ឬ​កូលេស្តេរ៉ូល​ LDL នេះ​កើន​ឡើង​ច្រើន​ពេក​។​​​

ហេតុ​អ្វី​​គេ​ហៅ​ថា​កូលេស្តេរ៉ូល​អាក្រក់​?

ដោយសារ​តែ​​កម្រិត​កូលេស្តេរ៉ូល​កើន​ឡើង​ខ្ពស់​អាច​នាំ​ឲ្យ​មាន​ដុំ​កំណក​នៅ​ក្នុង​សរសៃ​ឈាម​​ ហើយ​អាច​​បង្ក​ឲ្យ​មាន​ជំងឺ​បេះ​ដូង ទើប​គេ​ហៅ​វា​ថា​ជា​ខ្លាញ់​អាក្រក់ ឬ​កូលេស្តេរ៉ូល​អាក្រក់​។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ណែ​នាំ​ឲ្យ​យើង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព និង​ហាត់​ប្រាណ​ជា​ប្រចាំ​​ដើម្បី​រក្សា​កម្រិត​កូលេស្តេរ៉ូល​ LDL ឲ្យ​នៅ​កម្រិត​ល្អ​ចំពោះ​សុខ​ភាព​។​

មូល​ហេតុ​នាំ​ឲ្យ​ឡើង​កូលេស្តេរ៉ូល ឬ​ខ្លាញ់​មិនល្អ​

របប​អាហារ៖ ​អាហារ​ដូច​ជា​សាច់​មាន​ខ្លាញ់ និង​អាហារ​ប្រភេទ​ Fast Food អាច​ធ្វើ​ឲ្យ​យើង​ឡើង​កូលេស្តេរ៉ូល​ ព្រោះ​ថា​អាហារ​ទាំង​នេះ​មាន​ផ្ទុក​​​បរិមាណ​ខ្លាញ់​ឆ្អែត​ច្រើន និង​ពេល​ខ្លះ​មាន​ខ្លាញ់​ចម្រាញ់​ទៀត​។ ខ្លាញ់​ទាំង​ពី​ប្រភេទ​នេះ ​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​កូលេស្តេរ៉ូល​មិន​ល្អ។​

វ័យ​៖ កត្តា​វ័យ​ក៏​ដូច​គ្នា នៅ​ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន ជា​ទូទៅ​នឹង​ឡើង​កម្រិត​កូលេស្តេរ៉ូល​ដូច​គ្នា​។

ជក់បារី៖ សារធាតុ​គីមី​ក្នុង​ថ្នាំ​ជក់​នឹង​ធ្វើ​ឲ្យ​ចំនួន​កូលេស្តេរ៉ូល​ល្អ ឬ​ HDL ​ធ្លាក់​ចុះ ខណៈ​កូលេស្តេរ៉ូល​ល្អ មាន​នាទី​ជួយ​គ្រប់​គ្រង​លើ​កូលេស្តេរ៉ូល​អាក្រក់​។ ដូច​នេះ ​បើ​​បារី​អាច​បំផ្លាញ​កូលេស្តេរ៉ូលល្អ​​ នោះ​នឹង​ធ្វើ​ឲ្យ​កូលេស្តេរ៉ូល​អាក្រក់​ក្នុង​រាង​កាយ​កើន​ឡើង​។

ប្រភព៖ Cleveland Clinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម