តើបញ្ហាជំងឺរលាកមាត់ស្បូន​​ និងការដុតមាត់ស្បូនបណ្តាលមកពីអ្វី?

  • 2024-03-06 03:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗយើងណាខ្លះ ដែលមានអារម្មណ៍ថាបរិវេណទ្វារមាសរបស់ខ្លួនមិនប្រក្រតី ដូចជា៖

  • មានរំអិលទ្វារមាសប្លែក
  • ធ្លាក់សប្លែក
  • និងទ្វារមាសមានលក្ខណៈរលោង ឬរលាក?

តើ​នេះជា​បញ្ហាអ្វី?

បើតាមលោកស្រីវេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរសម្ភពរ៉ូស ការមើលឃើញសភាពមាត់ស្បូនមានអាការៈក្រហម ឬរលាក មិនអាចកំណត់ថាស្ត្រីមានជំងឺរលាកមាត់ស្បូនដែរ ឬក៏អត់នោះទ។

ដើម្បីដឹងថាវាជាជំងឺរលាកមាត់ស្បូនពិតប្រាកដ ស្ត្រីគួរទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេស ដើម្បីធ្វើការបៀកកោសិកាមាត់ស្បូន យកទៅពិនិត្យ ដើម្បីអាចវិនិច្ឆ័​យ ថាភាពមិនប្រក្រតីនេះជាការរលាកធម្មតា ឬជាការប្រែប្រួលកោសិកាមាត់ស្បូន ឈានទៅរកជំងឺមហារីក។

បើសិនជាការពិនិត្យកោសិកានោះបង្ហាញថាមិនមែនជាជំងឺមហារីកទេ នេះបានន័យថាអាការៈខាងលើគ្រាន់តែជាសភាពធម្មតា ដែលវាបណ្តាលមកពីបម្រែបម្រួលអ័រម៉ូន ឬបម្រែបម្រួលក្រោយពេលសម្រាលតែប៉ុណ្ណោះ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។

លោកស្រីវេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា​ បានពន្យល់លម្អិតថាមាត់ស្បូនរបស់ស្ត្រីមានលក្ខណៈដូចនឹងបបូរមាត់របស់យើង ពោលគឺមានផ្នែកខាងក្នុង និងខាងក្រៅ។ ផ្នែកខាងក្រៅជាមាត់ស្បូន ជាទូទៅមានពណ៌ផ្កាឈូក ចំណែកឯខាងក្នុងមានពណ៌ក្រហមជាង។

ក្នុងលក្ខខណ្ឌមួយចំនួន ដូចជាការឆ្លងរោគនៅបរិវេណទ្វារមាស ឬការទើបតែសម្រាលកូនរួច ធ្វើឲ្យមាត់ស្បូនផ្នែកខាងក្នុងដែលមានសភាពពណ៌ក្រហមជាងនោះ លៀនចេញមកក្រៅ ធ្វើឲ្យយើងយល់ច្រលំថាមាត់ស្បូនមានការរលាកនៅពេលមើលនឹងភ្នែកទទេ។

ពិសេស បើបន្ទាប់ពីការពិនិត្យមើលកោសិកាមហារីកពុំបង្ហាញថាមានកោសិកាមហារីកនោះទេ ការឃើញមានពណ៌ក្រហមនៃមាត់ស្បូននេះគ្រាន់តែជាសភាពធម្មតារបស់ស្ត្រីតែប៉ុណ្ណោះ ដែលវាពុំទាមទារឲ្យមានការព្យាបាលអ្វីនោះទេ។

អំពីការដុតមាត់ស្បូន

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រីបានឲ្យនិយមន័យ ការដុតមាត់ស្បូន ជាវិធីដែលគ្រូពេទ្យយកឧបករណ៍ម្យ៉ាងដែលបញ្ចេញកម្តៅ មានរាងដូចប៊ិច យកទៅដុតបរិវេណមាត់ស្បូនដែលមានសភាពរលាក និងបង្កការរំខានដល់ស្ត្រី។ ការដុតនេះធ្វើឲ្យមាត់ស្បូនមានសភាពក្រៀម ហើយរបកដំបៅ ដើម្បីឲ្យសាច់ថ្មីដុះគ្របតំបន់នោះ ហើយធ្វើឲ្យមាត់ស្បូនត្រឡប់មកមានសភាពដូចដើមវិញក្នុងរយៈពេលប្រមាណពី ១ខែ ទៅ១ខែកន្លះ។

វិធីសាស្ត្រនេះត្រូវបានអនុវត្ត តែនៅពេលដែលមាត់ស្បូនរបស់ស្ត្រីបញ្ចេញរំអិលច្រើនខុសប្រក្រតី ដែលបង្កការរំខានដល់ស្ត្រី។ ប្រសិនបើស្ត្រីពុំមានការរំខាននោះទេ ការព្យាបាលនេះក៏មិនចាំបាច់ដែរ។

អត្ថបទ៖ សិរីរត្នន៍