បេះដូង​រីក​ជា​អ្វី? គ្រោះថ្នាក់​អត់?​

  • 2024-03-02 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បេះដូង​រីក​មាន​ន័យ​ថា​​យើង​កំពុង​មាន​បញ្ហា​សុខភាព​ណា​មួយ​ដែល​នាំ​ឲ្យ​បេះ​ដូង​រីក​ធំ​ជាង​ធម្មតា​។​ ដំណាក់​កាល​ដំបូង​ៗ​នៃ​បញ្ហា​នេះ​មិន​សូវ​បង្ហាញ​រោគ​សញ្ញា​នោះ​ទេ​។ បេះដូង​របស់​យើង​អាច​នឹង​ពិបាក​ច្របាច់​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ ដែល​នេះ​ជា​ហេតុ​នាំ​ឲ្យ​វិវត្ត​ទៅ​ជា​ខ្សោយ​បេះ​ដូង​ដែរ។ អ្នក​ជំងឺ​បេះ​ដូង​​រីក ភាគ​ច្រើន​ត្រូវ​ការ​ការ​ព្យាបាល​ពេញ​មួយ​ជីវិត​។​

បញ្ហា​បេះដូង​រីក​ធ្ងន់ធ្ងរ​ទេ?

​បេះដូង​រីក​ក៏​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​ដែរ ហើយ​វា​ក៏​អាស្រ័យ​លើ​ថា​តើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​។ ​​ជំងឺ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​បេះដូង​ធ្វើ​ការ​ធ្ងន់ ដែល​អាច​នាំ​ឲ្យ​បេះដូង​រីក​​។​

​បេះ​ដូង​រីក​ធំ​ក៏​ដោយសារ​តែ​សាច់ដុំ​បេះដូង​រង​ការ​បំផ្លាញ​។ ​ជា​ដំបូង​ៗ​បេះដូង​ដែល​រីក​នៅ​តែ​អាច​​ច្របាច់​ឈាម​បាន​ធម្មតា ប៉ុន្តែ​នៅ​ពេល​បញ្ហា​នេះ​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ សមត្ថភាព​ច្របាច់​ឈាម​របស់​បេះដូង ក៏​នឹង​ធ្លាក់​ចុះ​ដែរ។​

តើ​អ្វី​ជា​មូល​ហេតុ​នាំ​ឲ្យ​​បេះដូង​រីក?

ការ​ខូច​ខាត​នៃ​បេះដូង ឬ​បញ្ហា​សុខ​ភាព​ណា​មួយ​អាច​នាំ​ឲ្យ​មាន​បញ្ហា​បេះដូង​រីក​។​ បញ្ហា​សុខ​ភាព​ទាំង​នោះ​មាន​ច្រើន​យ៉ាង​។ តស់​ស្វែង​យល់​នៅ​ទី​នេះ។​

ឆ្លង​មេរោគ​៖ ​ការ​ឆ្លង​វីរុស​ទៅ​កាន់​បេះ​ដូង អាច​ធ្វើ​ឲ្យ​សាច់​ដុំ​បេះ​ដូង​រលាក។ ការ​រលាក​សាច់​ដុំ​បេះដូង​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​បេះ​ដូង​ចុះ​ខ្សោយ និង​បេះដូង​រីក​ធំ​។​

ប្រឹស​បេះដូង​ខុស​ប្រក្រតី៖ ប្រឹស​ទាំង​បួន​របស់​បេះ​ដូង​​មាន​នាទី​ជួយ​ដល់​លំហូរ​របស់​ឈាម​។ ក្នុង​ករណី​មាន​ប្រឹស​មួយ ឬ​ច្រើន​ខូច​នឹង​រំខាន​ដល់​លំហូរ​របស់​ឈាម ដែល​នាំ​ថត​របស់​បេះ​ដូង​រីក​។​

ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​៖ ​ដំណើរ​​ការ​មិន​ល្អ​របស់​បេះ​ដូង​ក៏​មាន​ឥទ្ធិពល​ដល់​តម្រង​នោម​។ ដូចគ្នា ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ នឹង​ជួយ​ពន្លឿន​ភាព​ទ្រុឌទ្រោម​របស់​បេះដូង ដែល​អាច​បណ្ដាល​ឲ្យ​បេះ​ដូង​រីក។​

ជំងឺ​ស្លេក​ស្លាំង៖​ រាង​កាយ​ត្រូវ​ការ​ឈាម​ដែល​មាន​អុកស៊ីសែន​ដើម្បី​សរីរាង្គ និង​ជាលិកា​។ ជំងឺ​ស្លេក​ស្លាំង​បង្ក​ឲ្យ​កោសិកា​ឈាម​ក្រហម​ដឹក​នាំ​អុកស៊ីសែន​បាន​តិច និង​ធ្វើ​ឲ្យ​បេះ​ដូង​ត្រូវ​ខំ​ច្របាច់​កាន់​តែ​ខ្លាំង​ដើម្បី​នាំ​អុកស៊ីសែន​ទៅ​តាម​តម្រូវ​ការ​រាង​កាយ​។ ការណ៍​នេះ​ ក៏​អាច​នាំ​ឲ្យ​រីក​បេះ​ដូង​។

លើស​ជាតិ​ដែក​៖ ការ​លើស​ជាតិ​ដែក ក៏​អាច​ធ្វើ​ឲ្យ​ថត​បេះដូង​ខាងឆ្វេង​ផ្នែក​ខាង​​ក្រោម​រីក​ដូច​គ្នា​។​

គ្រឿង​ស្រវឹង៖ សម្រាប់​អ្នក​មាន​ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​ច្រើន​លើស​កម្រិត និង​យូរ​អង្វែង ក៏​អាច​នាំឲ្យ​មាន​បញ្ហា​បេះ​ដូង​រីក​ដូច​គ្នា។

ប្រភព៖ webmd ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម