មកដឹងពីរោគសញ្ញាមួយចំនួន នៃជំងឺស្ទះសរសៃឈាមបេះដូង

  • 2024-02-19 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើអោយស្លាប់ និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចំបងនៃការស្លាប់។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ ១សែននាក់ អ្នកស្លាប់ដោយសារស្ទះសរសៃឈាម បេះដូងមានចំនួន១២៨។

ដោយសារតែមូលហេតុខាងលើនេះហើយ បានជាការតាមដាន និងការរករោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូងនៅដំណាក់កាលដំបូងៗ (មុននឹងគ្រោះថ្នាក់កើតឡើង) តាមគ្រប់វិធីសាស្ត្រដែលមាន ជាពិសេសដោយមានជំនួយពីគ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាពជំនាញវិភាគរូបភាពវេជ្ជសាស្ត្រសរសៃឈាមបេះដូង តាមរយះម៉ាស៊ីនស្កែនបច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានរោគសញ្ញាដូចខាងក្រោម៖

  • ឈឺចុក ឬណែនដើមទ្រូង

  • ថប់ដង្ហើម

  • អារម្មណ៌ ឫ សញ្ញាហត់ភ្លាមៗដោយគ្មានមូលហេតុ

ជាពិសេសលើអ្នកដែលមានកត្តាប្រឈមគ្រោះថ្នាក់សរសៃឈាមបេះដូងដូចជា៖

  • អ្នកដែលមានអាយុច្រើន

  • អ្នកដែលលើសទំងន់

  • អ្នកពិសារបារី

  • អ្នកដែលមានជំងឺលើសឈាម

  • អ្នកដែលមានជំងឺទឹកនោមផ្អែម

  • អ្នកដែលលើសជាតិខ្លាញ់

  • អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly