តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ?

  • 2024-02-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមអោយបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។

២) តើជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចំបងដូចជា៖

  • ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ

  • អស់កំលាំង ល្ហិតល្ហៃជារឿយៗ

  • ហើមជើងទាំងសងខាង

  • ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា

  • ក្អកជាប្រចាំ ឬដកដង្ហើមលឺសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។

៣) តើមូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?

មូលហេតុដែលបណ្តាលអោយកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖

  • ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង (Ischemic Heart Disease and Heart Attack)

  • ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)

  • ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)

  • ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)

  • ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)

  • ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហរ ថតខាងលើ (Atrial Septal Defect)

  • ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។

៤) តើមានវិធានការអ្វីខ្លះដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?

គន្លឹះដ៏សំខាន់ក្នុងការបង្ការកុំអោយកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហនិភ័យផ្សេងៗដែលនាំអោយកើតមានជំងឺនេះ។ ការកាត់បន្ថយហនិភ័យទាំងនេះតំរូវអោយយើងមានទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទំលាប់រស់នៅ ដែលនាំអោយមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖

  • កុំជក់បារី និងពិសារគ្រឿងស្រវឹង

  • ព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមអោយបានត្រឹមត្រូវ

  • ធ្វើលំហាត់ប្រាណអោយបានខ្ជាប់ខ្ជួន

  • បរិភោគអាហារដែលនាំអោយមានសុខភាពល្អ ដូចជា បន្លែ និងត្រី

  • រក្សាទំងន់អោយសមស្រប

  • កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍

៥) អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសំរាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ

• អ្វីដែលគួរធ្វើមានដូចជា៖

  • ត្រូវលេបថ្នាំអោយបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា

  • ត្រូវរក្សាទំងន់អោយបានសមស្រប

  • ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក

  • ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង

• អ្វីដែលមិនគួរធ្វើមានដូចជា៖

  • មិនត្រូវភ្លេចលេបថ្នាំឡើយ

  • មិនត្រូវជក់បារី និងសេពគ្រឿងស្រវឹងឡើយ

  • មិនត្រូវលេបថ្នាំតាមចិត្តខ្លួនឯងឡើយ

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly