ស្វែងយល់ ពីជំងឺរលាកសួតស្រួចស្រាវ
- 2024-02-05 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ ពីជំងឺរលាកសួតស្រួចស្រាវ
ជំងឺរលាកសួត គឺជាជំងឺអាចបង្កឲ្យមានសភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកពេទ្យ ឬសង្គ្រោះកម្រិតធ្ងន់។ ជំងឺនេះបង្កដោយ មានការចម្លងចូលមេរោគតាមរយ:ផ្លូវដង្ហើម។ វាចូលទៅបំផ្លាញសួតបង្កឱ្យរលាកសួត ឬសាយភាយមេរោគ ឬសារជាតិរបស់មេរោគទៅសរីរាង្គផ្សេងៗដែលធើ្វឲ្យសុខភាពមនុស្សចុះខ្សោយ ហត់ គ្រុនញាក់ភ្លាមៗ ឬរហូតដល់ស្លាប់។ តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាព ឬសម្រាកពេទ្យបានទាន់ពេលវេលា និងទទួលយកការព្យាបាលពីគ្រូពេទ្យតាមវេជ្ជបញ្ជា ថ្នាំប្រឆាំងមេរោគបានត្រឹមត្រូវ នោះជំងឺរលាកសួតនេះ គឺអាចព្យាបាលឲ្យជាសះស្បើយបាន។
១) រោគសញ្ញា៖
អ្នកដែលកើតជំងឺរលាកសួតមានអាការៈ
គ្រុនក្តៅ ញាក់ភ្លាមៗ (ស្រួចស្រាវ)
ឈឺក្នុងទ្រូង ដូចគេចាក់
ហត់ដង្ហក់ មានដង្ហើមញាប់
ក្អក ពុំមានស្លេស ឬមានស្លេស និងអាចមានក្លិន
វង្វេងស្មារតី (ករណីមនុស្សចាស់ខ្លាំងជាដើម)។
២) មូលហេតុ៖
មេរោគបង្កឲ្យមានជំងឺរលាកសួត គឺបាក់តេរីភាគច្រើនចូលតាមផ្លូវដង្ហើម។
៣) ការព្យាបាល៖
ជំងឺនេះព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយូទិច ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យច្បាស់លាស់ ក្រោយពីការពិនិត្យ ពិគ្រោះ សំដៅប្រសិទ្ធភាពសំលាប់បាក់តេរី និងដោយអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃជំងឺរលាកសួត៖
ព្យាបាលនៅផ្ទះ: សំរាប់អ្នកជំងឺក្មេង ពុំមានសញ្ញាធ្ងន់ និងពុំមានជំងឺរ៉ាំរ៉ៃ។
ព្យាបាលសំរាកពេទ្យ: សំរាប់អ្នកជំងឺអាយុច្រើន ឬមានជំងឺរ៉ាំរ៉ៃ ឬមានសញ្ញាធ្ងន់ (ដង្ហើមញាប់ ចង្វាក់បេះដូងញាប់ វង្វេងជាដើម)។
ព្យាបាលសង្គ្រោះកម្រិតធ្ងន់: ខ្សោយផ្លូវដង្ហើមខ្លាំង (តម្រូវឲ្យមានប្រើម៉ាស៊ីនជំនួយដង្ហើម) ឬសម្ពាធឈាមទាបខ្លាំង (តម្រូវផ្តល់ថ្នាំជំនួយ)។
៤) ការការពារ៖
អនាម័យទូទៅ សម្អាតមាត់ធ្មេញ ដៃ និងក្អក ឬកណ្ដាស់ប្រើកន្សែងដៃខ្ទប់មាត់ច្រមុះ
ចាក់វ៉ាក់សាំងបេសេហេ្ស ចំពោះទារកទើបកើត
ចាក់វ៉ាក់សាំង ការពាររលាកសួត ឬចាក់វ៉ាក់សាំងការពារផ្តាសាយ ករណីអ្នកជំងឺមានជំងឺរ៉ាំរ៉ៃ ។
ថែរក្សាអនាម័យលំនៅដ្ឋាន មានខ្យល់អាកាសល្អ កាត់បន្ថយផ្សែងក្នុងផ្ទះ (ផ្សែងចំអិនអាហារ) ផ្សែងបារី និងផ្សែងក្រៅផ្ទះ។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital