​តើ​គួរ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ម៉ោង​ណា​ល្អ​ចំពោះ​សុខ​ភាព?

  • 2024-02-04 03:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​ពន្យារ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​យប់​ជ្រៅ​ពេក​អាច​ឲ្យ​មាន​បញ្ហា​ដល់​សុខ​ភាព​បេះ​ដូង ហើយ​ស្រ្តី​ទំនង​ជា​មាន​ផល​ប៉ះពាល់​ខ្លាំង​ជាង​បុរស​។​ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​ការ​ឆាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​ឆាប់​ញ៉ាំ​អាហារ​ពេល​ល្ងាច​មាន​ផល​ល្អ​ចំពោះ​រាង​កាយ​ក្នុង​ការ​ធ្វើ​មេតាប៉ូលិស​។​

​តើ​គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​​ល្ងាច​នៅ​ម៉ោង​ណា​ល្អ?

​ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​លើ​មនុស្ស​វ័យ​ជា​មធ្យម៤២​ឆ្នាំ ចំនួន​​ ១០៣ ​៣៨៩​នាក់ និង​មាន​ប្រហែល​៨០​​ភាគ​រយ​ជា​ស្រ្តី​។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ទាក់​ទង​នឹង​ម៉ោង​ពេល​ញ៉ាំ​អាហារ​របស់​អ្នក​ទាំង​នោះ​។

ការ​សិក្សា​រក​ឃើញ​ថា​អ្នក​ដែល​ពន្យារ​ម៉ោង​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​ហានិភ័យ​​នៃ​ជំងឺ​បេះ​ដូង​។ ដូច​គ្នា​ដែរ​សម្រាប់​អ្នក​ដែល​ពន្យារ​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​​ក្រោយ​ម៉ោង​៩​យប់​មាន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​២៨​ភាគរយ​ខ្ពស់​ជាង​អ្នក​ញ៉ាំ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​៨​​។ ការ​សិក្សា​ក៏​បាន​បញ្ជាក់​ដែរ​ថា​ស្រ្តី​មាន​ហានិភ័យ​ខ្ពស់​ជាង​បុរស​ចំពោះ​បញ្ហា​នេះ។​

បន្ថែម​ពី​នេះ​ការ​សិក្សា​រក​ឃើញ​ដែរ​ថា​ការ​ទុក​ពោះ​ឲ្យ​នៅ​ទទេ​កាន់​តែ​យូរ​​នៅ​ពេល​យប់ គឺ​​មាន​ទំនាក់​ទំនង​នឹង​ថយ​ចុះ​ហានិភ័យ​កើត​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល និង​​ប្រភេទ​ជំងឺ​បេះដូង​ផ្សេង​ទៀត។ មួយ​វិញ​ទៀត ការ​ទុក​ពោះ​ឲ្យ​នៅ​ទទេ​យូរ​នៅ​ពេល​យប់​នេះ​ មិន​មាន​ផល​ប៉ះ​ពាល់​សុខ​ភាព ឬ​​មាន​​ហានិភ័យ​នៃ​ជំងឺ​បេះដូង ឬ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​​នោះ​ដែរ​។

​ដូច​នេះ​ហើយ ការ​សិក្សា​នេះ​បាន​​ផ្ដល់​ជា​អនុសាសន៍​ថា​​យើង​គួរ​កុំ​ពន្យារ​ម៉ោង​ញ៉ាំ​អាហារ​ពេល​ព្រឹក ហើយ​គួរ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឲ្យ​បាន​ឆាប់​ដែរ ដើម្បី​បាន​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​បេះដូង​។​

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម