តើ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​ទប់​ស្កាត់​បញ្ហា​ខូច​តម្រង​នោម​បាន​ទេ​?

  • 2024-02-03 10:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​ខូច​តម្រង​នោម​ជា​ផល​វិបាក​ទូទៅ​មួយ​របស់​ជំងឺ​ទឹក​នោម​ផ្អែម​។ ​ប៉ុន្តែ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ពន្យឺត​ការ​វិវត្ត​នេះ ឬ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ខាត​នេះ​បាន។ ដើម្បី​ទប់​ស្កាត់​ ឬ​ការ​ពារ​កុំ​ឲ្យ​មាន​ផលវិបាក​បែប​នេះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ និង​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​ឲ្យ​បាន​ត្រឹម​ត្រូវ។​

​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ ដោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ខ្ពស់​ពេក និង​មាន​រយៈពេល​យូរ។ ការណ៍​នេះ​កើត​ឡើង​ដោយសារ​រាង​កាយ​របស់​យើង​មិន​អាច​ផលិត ឬ​ប្រើ​អ័រម៉ូន​អាំងស៊ុយ​លីន​បាន​ត្រឹម​ត្រូវ​។​ កម្រិត​ជាតិ​ស្ករ​ខ្ពស់​ពេក អាច​នាំ​ឲ្យ​មាន​ផលវិបាក​ច្រើន រួម​ទាំង​ខូច​តម្រង​នោម​ផង​ដែរ​។ ថ្វីបើ​តម្រង​នោម​ដែល​ចាប់​ផ្ដើម​ខូច​ដោយសារ​ផល​វិបាក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​កែខៃ​បាន​ក៏​ដោយ ប៉ុន្តែ​អ្នក​ជំងឺ​អាច​ពន្យឺត​ការ​វិវត្ត​នៃ​ការ​ខូច​ខាត​នេះ​បាន​។

​តម្រង​នោម​បើ​ខូច​ពិត​ជា​មិន​អាច​វិល​មក​រក​សភាព​ដើម​វិញ​?

តម្រង​នោម​ដែល​ខូច​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​វិល​ទៅ​រក​សភាព​ដើម​បាន​ទេ។ ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ពន្យឺត​ការ​ខូច​ខាត​នេះ ឬ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ខាត​នេះ​បាន​។ បើ​ការ​ខូច​ខាត​តម្រង​នោម​ទើប​តែ​កើត​មាន​ក្នុង​ដំណាក់​កាល​ដំបូង​ៗ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ទទួល​ការ​ព្យាបាល​ដើម្បី​បញ្ឈប់​ការ​ខូច​ខាត ឬ​ពន្យឺត​ការ​វិវត្ត​មួយ​នេះ។

​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ពិនិត្យ​សុខ​ភាព​តម្រង​នោម​​ជា​ប្រចាំ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ។ បើ​សិន​ជា​តម្រង​នោម​បាន​ខូច​ធ្ងន់ធ្ងរ នោះ​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ព្យាបាល​។ ក្នុង​ករណី​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​អាច​ឈាម​ដល់​ដំណាក់​កាល​ប្តូរ​តម្រង​នោម ឬ​លាង​ឈាម​។ ការ​លាង​ឈាម​គឺ​ធ្វើ​ឡើង​ដើម្បី​ដក​យក​ជាតិ​កាក​សំណល់ ឬ​ជាតិពុល​ចេញ​ពី​ឈាម​។​​

រោគ​សញ្ញា​នៃ​បញ្ហា​តម្រង​នោម​

ការ​ខូច​តម្រង​​នោម​អាច​វិវត្ត​យឺត​ៗ និង​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ ហើយ​អ្នក​ជំងឺ​មិន​បាន​ចាប់​អារម្មណ៍​ដឹង​ថា​ខ្លួន​មាន​ជំងឺ​នេះទេ រហូត​ដល់​ការ​ខូច​ខាត​នេះ​វិវត្ត​ទៅ​ជា​បញ្ហា​ខ្សោយ​តម្រង​នោម​។ នេះ​ក៏​ព្រោះ​ថា​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​មិន​ចេញ​រោគ​សញ្ញា​។ វិធី​ដែល​ល្អ​ក្នុង​ការ​ការ​ដឹង​ពី​សុខភាព​តម្រង​នោម គឺ​ការ​ពិនិត្យ​លើ​ដំណើរ​ការ​របស់​តម្រង​នោម​។ គ្រូពេទ្យ​នឹង​ពិនិត្យ​ឈាម ដើម្បី​ដឹង​ថា​តម្រង​របស់​តម្រង​នោម​នៅ​ល្អ​កម្រិត​ណា​ ឬ​ពេល​ខ្លះ​គ្រូពេទ្យ​ក៏​អាច​ពិនិត្យ​ទឹក​នោម​ផង​ដែរ។

គន្លឹះ​ការពារ​តម្រង​នោម​ពី​ជំងឺ​ទឹក​នោម​ផ្អែម​

ដោយសារ​តែ​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ជា​ផល​វិបាក​មួយ​របស់​ជំងឺ​ទឹក​នោម​ផ្អែម ដូច​នេះ​គ្រូពេទ្យ​តែង​​ណែ​នាំ​ឲ្យ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​ពិនិត្យ​សុខ​ភាព​តម្រង​នោម​។ ​ក្រៅ​ពី​​ពិនិត្យ​សុខ​ភាព​តម្រង​នោម ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​គួរ​អនុវត្ត​គន្លឹះ​សំខាន់​មួយ​ចំនួន​ទៀត​ដែរ។​

គន្លឹះ​ទាំង​នោះ​មាន​ដូច​ជា៖

  • គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ​
  • តាម​ដាន​កម្រិត​ជាតិ​ស្ករ​ជា​ប្រចាំ ឬ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​
  • បើ​មាន​ជំងឺ​លើស​ឈាម​អម​ជា​មួយ​ដែរ​​ ត្រូវ​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​នៅ​កម្រិត​ល្អ
  • ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​
  • គេង​ឲ្យ​បាន​៧​ទៅ៨​ម៉ោង​ក្នុង​មួយ​យប់
  • បើ​ជក់​បារី ត្រូវ​ឈប់​ជក់​
  • ហាត់​ប្រាណ​ជា​ប្រចាំ
  • ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​ដែល​គ្រូពេទ្យ​ណែនាំ

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម