ទាំង​នេះ​ជា​ផលវិបាក​បញ្ហា​លើស​សម្ពាធ​​ឈាម បើ​គ្រប់​គ្រង​មិន​បាន​ល្អ

  • 2024-01-28 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លើស​សម្ពាធ​ឈាម​ជា​បញ្ហា​សុខ​ភាព​មួយ​ដែល​កើត​ឡើង​ដោយ​មិន​ចេញ​រោគ​សញ្ញា ហើយ​ទម្រាំ​តែ​ចេញ​រោគ​សញ្ញា​ បញ្ហា​នេះ​អាច​បំផ្លាញ​រាង​កាយ​របស់​យើង​អស់​ជា​ច្រើន​ឆ្នាំ​។ បើ​សិន​ជា​​យើង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ នោះ​អាច​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​​។​

ធ្វើ​ឲ្យ​ខូច​​សរសៃឈាម​

សម្រាប់​អ្នកមាន​សុខ​ភាព​ល្អ សរសៃ​ឈាម​មាន​សភាព​រស់រវើក​ និង​រឹងមាំ។​ ឈាម​រត់​ក្នុង​សរសៃ​ឈាម​ដោយ​សេរី មិន​មាន​ការ​រាំង​ស្ទះ​ឡើង​ទាំង​នៅ​សរសៃ​ឈាម​ និង​សរសៃ​ឈាម​បេះ​ដូង​។

បញ្ហា​លើស​សម្ពាធ​ឈាម​ធ្វើ​ឲ្យ​សរសៃ​ឈាម​ចង្អៀត និង​ថយ​ចុះ​ភាព​រស់​រវើក​របស់​វា​។ ដោយសារ​តែ​ហេតុនេះ​ វា​ងាយ​នឹង​ធ្វើ​ឲ្យ​មាន​កំណក​ខ្លាញ់​ពី​របប​អាហារ​នៅ​ក្នុង​សរសៃ​ឈាម និង​រឹតត្បិតលំហូរ​របស់​ឈាម​។ ការ​ខូច​ខាត​នេះ​អាច​នាំ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​កើន​ឡើង​ រាំងស្ទះ ឬ​ចុង​ក្រោយ​អាច​នាំ​ឲ្យ​អាការៈ​គាំង​បេះដូង និង​​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​។​

ប៉ះពាល់​សុខ​ភាព​​បេះដូង

​ពេល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នឹង​ធ្វើ​ឲ្យ​បេះ​ដូង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​។ ការ​កើន​សម្ពាធ​ទៅ​លើ​សរសៃ​​ឈាម​នាំ​ឲ្យ​សាច់ដុំ​បេះ​ដូង​ប្រឹង​ច្របាច់​​កាន់​តែ​ច្រើន​ដង និង​ប្រើ​កម្លាំង​ខ្លាំង​ជាង​បេះដូង​ដែល​មាន​សុខ​ភាព​ល្អ។​

ការណ៍​នេះ​អាច​បង្ក​ឲ្យ​​បេះ​ដូង​រីក​ធំ ហើយ​ពេល​បេះ​ដូង​រីក​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​សុខ​ភាព​មួយ​ចំនួន​ដូច​ជា​៖

  • ខ្សោយ​បេះដូង​
  • គាំង​បេះដូង ឬ​​
  • ស្លាប់​ភ្លាម​ៗ​ដោយ​សារ​គាំង​បេះដូង​

ប៉ះពាល់​ខួរ​ក្បាល​

​ខួរ​ក្បាល​របស់​យើង​ពឹង​ផ្អែក​ទៅ​លើ​​ការ​ផ្គត់​ផ្គង់​ឈាម​ដែល​សម្បូរ​ដោយ​​អុកស៊ីសែន ដើម្បី​ដំណើរ​ការ​បាន​ល្អ​។ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ហើយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​អាច​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​ការ​ផ្គត់​ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​។​

ដូច​គ្នា​ដែរ ការ​មិន​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ ក៏​អាច​ប៉ះ​ពាល់​ដល់​ការ​ចង​ចាំ ពិបាក​រក​នឹង​រឿង​អ្វី​មួយ​​ និង​ពិបាក​និយាយ​ជា​ដើម​។​ ការ​គ្រប់​គ្រប់​គ្រង​បញ្ហា​លើស​សម្ពាធ​ឈាម​បាន​ល្អ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ​នៅ​ពេល​ខាង​មុខ​។ ដូច​នេះ​បើ​​ដឹង​ថា​ខ្លួន​មាន​បញ្ហា​លើស​សម្ពាធ​ឈាម គួរ​ស្វែង​រក​ការ​ប្រឹក្សា​ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម