តន្រ្តី​អាច​សម្រួលអាការៈ​ឈឺ​ក្បាល​ប្រកាំង?

  • 2024-01-27 00:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​មួយ​ចំនួន​មាន​រំញោច​ទៅ​នឹង​សំឡេង​​ ហើយ​ដើម្បី​កុំ​ឲ្យ​អាការៈ​​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង អ្នក​ទាំង​នោះ​ត្រូវ​នៅ​ឆ្ងាយ​ពី​សំឡេង​រំខាន​ទាំង​នោះ​។​ ប៉ុន្តែ​អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​ខ្លះ​ទៀត​បែរ​ជា​ទទួល​ផល​ល្អ​ពី​​សំឡេង​តន្ត្រី​ទៅ​វិញ​។ ការ​ស្ដាប់​តន្រ្ដី​បាន​ជួយ​ឲ្យ​អ្នក​មាន​ជំងឺ​ប្រកាំង​មួយ​ចំនួន​បាន​ធូរ​ស្រាល​។​

តន្រ្តី​ពិត​ជា​ជួយ​សម្រួល អាការៈ​ឈឺ​ក្បាល​ប្រកាំង?

​ថ្វី​បើ​មិន​ទាន់​មាន​ការ​សិក្សា​បាន​ស៊ី​ជម្រៅ​ក៏​ដោយ ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​រក​ឃើញ​ថា​តន្រ្តី​បាន​ជួយ​ឲ្យ​អ្នក​មាន​អាការៈ​ឈឺ​ក្បាល​ប្រកាំង​បាន​ធូរ​ស្បើយ​ពី​ការ​ឈឺ​ចាប់​​។​

ការ​សិក្សា​តូច​មួយ​ក្នុង​ឆ្នាំ​២០២១ លើ​អ្នក​ចូល​រួម​ជា​មនុស្ស​ពេញ​វ័យ​២០​នាក់ ដែល​ជា​អ្នក​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង បាន​រក​ឃើញ​ថា​ ៥០​ភាគរយ​នៃ​អ្នក​ចូល​រួម​មាន​អាការៈ​​ឈឺ​ក្បាល​តិច​ជាង​មុន​ក្រោយ​បាន​ស្ដាប់​តន្ត្រី​​បី​ខែ​ជាប់​ៗ​គ្នា។​ ប្រ​ហាក់​ប្រហែល​គ្នា​នេះ​ដែរ កាល​​ពី​ឆ្នាំ​២០១៣ ការ​សិក្សា​លើ​ក្មេង​ៗ​ដែល​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង ក៏​បាន​រក​ឃើញ​ដែរ​ថា​២០​ភាគរយ​នៃ​កុមារ​ទាំង​នោះ​​បាន​ថយ​ចុះ​​នៃ​​ចំនួន​ដង​នៃ​អាការៈ​ប្រកាំង​ដែល​កើត​លើ​ពួក​គេ​ ក្រោយ​ទទួល​ការ​ព្យាបាល​តាម​រយៈ​តន្រ្តី​។

ការ​សិក្សា​ដែល​​មាន​ច្រើន​គឺ​ការ​សិក្សា​អំពី​តន្ត្រី និង​បញ្ហា​ស្រ្តេស​។ ការសិក្សា​បាន​រក​ឃើញ​ថា​តន្រ្តី​បាន​ជួយ​កាត់​បន្ថយ​ស្រ្តេស​ ខណៈ​ដែល​ស្ត្រេស​ជា​ដើម​ចម​នៃ​ការ​នាំ​ឲ្យ​មាន​អាការៈ​ឈឺ​​ក្បាល​នៃ​អ្នក​ជំងឺ​ឈឺ​ក្បាល​​ប្រកាំង​រហូត​ដល់​៧០​ភាគ​រយ​។

​សំឡេង​បែប​ណា​ខ្លះ​អ្នក​ជំងឺ​ប្រកាំង​គួរ​ចៀស​វាង​?

សំឡេង​តន្ត្រី​បែប​ក្លាសិក​ (Classic) ឬ​បែប​ Jazz ឬ​សំឡេង​ធម្មជាតិ ដូច​ជា​សំឡេង​ចាប ទឹក​ហូរ ទំនង​ជា​មិន​សូវ​មាន​បញ្ហា​ជា​មួយ​អ្នក​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​នោះ​ទេ។ សំឡេង​ដែល​អ្នក​​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​គួរ​ចៀស​វាង​បំផុត​​នោះ​គឺ​សំឡេង​ទាំង​ឡាយ​ណា​ដែល​មាន​លក្ខណៈ​បុក​ខ្លាំង​ៗ រន្ថើន​ខ្លាំង ឬ​សំឡេង​ខ្លាំងៗ​ដូច​សំឡេង​ស៊ីផ្លេ​រថ​យន្ត​ជា​ដើម​។​ ​យ៉ាងណា អ្នក​ជំងឺ​ត្រូវ​សម្គាល់​ខ្លួន​ឯង​ដែរ​ថា​សំឡេង​ណា​មួយ​ធ្វើ​ឲ្យ​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ និង​ត្រូវ​ចៀស​វាង​ពី​សំឡេង​ទាំង​នោះ​។

ប្រភព៖ healthline ប្រែសម្រួល៖ សុខា