គោលដៅហិរញ្ញវត្ថុទាំង ៨ របស់មនុស្សខ្ទង់ ២០ឆ្នាំគួរអនុវត្តដើម្បីជោគជ័យនាថ្ងៃអនាគត
- 2024-04-04 03:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោលដៅហិរញ្ញវត្ថុទាំង ៨ របស់មនុស្សខ្ទង់ ២០ឆ្នាំគួរអនុវត្តដើម្បីជោគជ័យនាថ្ងៃអនាគត
សម្រាប់អ្នកដែលមានវ័យត្រឹមខ្ទង់ ២០, ការគ្រប់គ្រងលុយអាចជាកិច្ចការមួយដែលគួរឱ្យខ្លាច ដោយសារតែអ្នកគិតថាខ្លួនឯងនៅក្មេង នឹងមានតម្រូវការដើរលេង ចាយវាយឡូយឆាយច្រើន។ យ៉ាងណាមិញ ប្រាក់ខែដំបូងរបស់អ្នកនេះហើយ ដែលជាគន្លឹះសម្រាប់ចាប់ផ្តើមទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអភិវឌ្ឍទម្លាប់ក្នុងការគ្រប់គ្រងលុយឱ្យបានល្អ ។
វ័យ ២០ ឆ្នាំគឺអ្នកនៅក្មេងខ្ចីមែនទែនក្នុងគិតពីគោលដៅហិរញ្ញវត្ថុ តែបើអ្នកអាចហ៊ានទទួលយកហានិភ័យច្រើន (take risk) ហើយចំណុចផ្លាស់ប្ដូរជីវិតរបស់អ្នកអាចនឹងចាប់ផ្ដើមក្នុងវ័យនេះដូចគ្នា ។
ប្រសិនបើអ្នករៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យបានឆាប់បំផុត អ្នកនឹងជោគជ័យនៅក្នុងជីវិត។ ថ្ងៃនេះ កញ្ញា នឹងណែនាំពីគោលដៅហិរញ្ញវត្ថុចំនួន ៨ ដើម្បីឲ្យអ្នកសម្រេចបាននៅវ័យខ្ទង់ ២០ ឆ្នាំខាងក្រោម៖
១. គ្រោងចំណាយ វិធានការងាយៗគឺ កែប្រែទម្លាប់របស់អ្នកឱ្យចេះសន្សំលុយ ហើយការបង្កើតទម្លាប់នៃការសន្សំនេះ នឹងនាំអ្នកឱ្យចេះគ្រប់គ្រងចំណាយកាន់តែប្រសើរឡើង។ អ្នកត្រូវរៀនគ្រោងការចំណាយដោយឈ្លាសវៃ និងលុបបំបាត់អាកប្បកិរិយានៃការចំណាយលើរបស់ដែលមិនសំខាន់ឱ្យបានច្រើន។ វិធីសាស្ត្រមួយដែលអ្នកអាចប្រើប្រាសក្នុងការគ្រប់គ្រងចំណាយគឺ ច្បាប់ថវិកា ៥០/៣០/២០ ដោយអ្នកគួរចំណាយ ៥០ ភាគរយនៃចំណូលរបស់អ្នកទៅលើតម្រូវការចាំបាច់, ៣០ ភាគរយលើតម្រូវការចំណង់ និង២០ ភាគរយដែលនៅសល់សម្រាប់សន្សំ។
២. រកចំណូលបន្ថែម (side hustle) តើអ្នកមានពេលទំនេរដែរឬទេ ក្នុងមួយសប្តាហ៍? ចម្លើយគឺប្រហែលជាមាន។ ដូចនេះ អ្នកគួរកាត់បន្ថយពេលមើលកម្មវិធីទូរទស្សន៍ ដោយទុកពេលនោះមកធ្វើអ្វីដែលអ្នកចូលចិត្ត ដើម្បីរកប្រាក់ចំណូលបន្ថែមវិញ ។ អ្នកគួរចាប់ផ្តើមបង្កើតទំនាក់ទំនងឱ្យបានច្រើន, ធ្វើការងារបន្ទាប់បន្សំដោយឯករាជ្យ, ឬរៀនជំនាញដែលនឹងជួយជំរុញអាជីពរបស់អ្នកឱ្យរកប្រាក់ចំណូលបានកាន់តែច្រើន។
៣. បង្កើតគណនីសន្សំសម្រាប់ពេលមានអាសន្ន នៅពេលអ្នកចាប់ផ្តើមរៀបចំគ្រោងចំណាយ អ្នកអាចចាប់ផ្តើមពីការបង្កើតគណនីសន្សំសម្រាប់ពេលមានអាសន្ន ដោយចាប់ផ្ដើមពីការយកពីចំណែកមួយតូចនៃប្រាក់ខែរបស់អ្នកដាក់ចូលគណនីនេះ។ បន្ទាប់មកទៀត អ្នកអាចកំណត់យកទំហំគណនីសន្សំ ល្មមអាចផ្គត់ផ្គង់ចំណាយរយៈពេលមួយខែបាន។ ហើយបន្តមក អ្នកអាចបង្កើនទំហំគណនី មកត្រឹមល្មមផ្គត់ផ្គង់ចំណាយក្នុងការរស់នៅចន្លោះពី ៣ ទៅ ៦ ខែបាន។
៤. ទទួលបានការធានារ៉ាប់រង អ្នកគួរតែមានការធានារ៉ាប់រងសុខភាពជានិច្ច ទោះបីអ្នកនៅក្មេង និងមានសុខភាពល្អក៏ដោយ។ ហេតុអ្វី? អ្នកមិនអាចដឹងបានទេថាពេលណាអ្នកត្រូវការវាទេ។ ហើយកាន់តែប្រសើរ ប្រសិនបើអ្នកមានធានារ៉ាប់រងយានយន្តនិងធានារ៉ាប់រងអាយុជីវិត ផងដែរ។
៥. ចាប់ផ្តើមវិនិយោគ ទីមួយ គឺវិនិយោគលើខ្លួនឯង។ នេះអាចមានន័យថា អ្នកអាចរៀនសូត្របន្ថែម, បង្កើតទំនាក់ទំនង, ចាប់ផ្តើមអាជីវកម្ម, បង្កើនជំនាញ, និងអានសៀវភៅបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នក។ ទីពីរ ចាប់ផ្តើមរៀនពីវិធីសាស្ត្រក្នុងការវិនិយោគ ហើយចាប់ផ្ដើមសាកល្បងវិនិយោគ។
៦. កាត់បន្ថយបំណុល អ្នកគួរផ្តល់អាទិភាពលើការទូទាត់បំណុលណាដែលមានអត្រាការប្រាក់ខ្ពស់មុន ហើយសម្រាប់បំណុលការប្រាក់ទាប អាចទុកពេលក្រោយបាន។ អ្នកប្រហែលជាត្រូវធ្វើការលះបង់ខ្លះ ដូចជាកាត់បន្ថយការញ៉ាំអាហារខាងក្រៅ ដើម្បីកាត់បន្ថយបំណុល ប៉ុន្តែនេះគ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ។ ធ្វើដូចនេះ អ្នកនឹងអាចកាត់បន្ថយបំណុលកាន់តែរហ័ស នឹងអាចមានសេរីភាពហិរញ្ញវត្ថុបានឆាប់។
៧. តើប្រទេសណាខ្ធ្វើការវាយតម្លៃចំណូល-ចំណាយឱ្យបានទៀងទាត់ អ្នកគួរចំណាយពេលក្នុងការធ្វើការវាយតម្លៃអំពីចំណូល-ចំណាយរបស់អ្នកឱ្យបានទៀតទាត់ ដើម្បីដឹងថាអ្នកកំពុងស្ថិតនៅកន្លែងណា ហើយជិតទៅដល់គោលដៅហិរញ្ញវត្ថុរបស់អ្នកឬនៅ។ អ្នកត្រូវធ្វើការវាយតម្លៃពីអ្វីដែលអ្នកបានអនុវត្តត្រូវ និងអ្វីដែលអ្នកត្រូវការដើម្បីកែលម្អ ដើម្បីឈានទៅដល់គោលដៅរបស់អ្នក។
៨. កំណត់គោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់អ្នក ប្រសិនបើអ្នកអាចសម្រេចគោលដៅហិរញ្ញវត្ថុខាងលើ អ្នកនឹងស្ថិតក្នុងស្ថានភាពល្អប្រសើរផ្នែកហិរញ្ញវត្ថុ។ ឥឡូវនេះ ដល់ពេលដែលអ្នកគួរចាប់ផ្តើមគិតអំពីគោលដៅហិរញ្ញវត្ថុរយៈពេលវែង។ គោលដៅទាំងនោះអាចជា ការកំណត់តម្លៃទ្រព្យសម្បត្តិទាំងអស់ដែលអ្នកមាន (net worth)ក្នុងអាយុ ៣០ ឬ ៤០ ឆ្នាំ, ការទិញផ្ទះ ឬសូម្បីតែចូលនិវត្តន៍មុនពេលកំណត់ (early retirement)។ ទោះបីគោលដៅទាំងនោះជាអ្វីក៏ដោយ អ្នកត្រូវសរសេរវាចុះ ហើយចាប់ផ្តើមផ្តោតលើគោលដៅទាំងនោះ ពីពេលនេះទៅ៕