តស់!​ ឈ្វេងយល់បញ្ហាមួយចំនួនពេលអ្នកម៉ាក់ៗ មានផ្ទៃពោះក្តៅខ្លួនត្រូវធ្វើដូចម្តេច?

  • 2024-01-22 02:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗ ជាច្រើន ច្បាស់ជាជួបប្រទះនឹងបញ្ហាគ្រុន ហើយក៏ឈានដល់ក្តៅខ្លួន នឹងតែងកើតក្តីព្រួយបារម្ភចំពោះសុខភាពទារកក្នុងផ្ទៃ។ ជាក់ស្តែង ដោយមិនច្បាស់ថា តើកត្តាអ្វីដែលនាំឱ្យក្តៅខ្លួន ហើយម៉ាក់ៗគួរធ្វើដូចម្តេចបែលជួបបញ្ហាសុខភាពទាំងនេះ។

ចម្លើយរបស់អ្នកវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពរបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានលើកឡើងថា ការក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួន លើស ឬស្មើ ៣៧.៨ អង្សារសេ វាជាកម្តៅធម្មតាសម្រាប់ស្ត្រីពពោះប៉ុណ្នោះ។ មកដឹងអំពីមូលហេតុផ្សេងៗទៀត នៃរោគសញ្ញា និងវិធីការពារ ព្យាបាល ដល់អ្នកម្តាយកំពុងពរពោះខាងក្រោមគួរឈ្វេងយល់ក្នុងកំឡុងពេលមានផ្ទៃពោះ៖

១)មូលហេតុ៖

កត្តាដែលនាំអោយមានការកើនឡើងកំដៅក្នុងអំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ:

ក.មូលហេតុមិនសូវធ្ងន់ធ្ងរ៖

  • រលាកត្រចៀក
  • រលាកបំពង់ក
  • រលាកទងសួត
  • ផ្តាសាយធំ

ខ.មូលហេតុធ្ងន់ធ្ងរ៖

  • ការរលាកតម្រងនោម
  • ការរលាក ប្រដាប់បន្តពូជ
  • ការរលាកស្រោមទឹកភ្លោះ
  • ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍។

គ.មូលហេតុធ្ងន់ធ្ងរដែលតម្រូវអោយមានការវះកាត់បន្ទាន់មានដូចជាៈ

  • រលាកខ្នែងពោះវៀន
  • រលាកថង់ទឹកប្រមាត់

២)រោគសញ្ញា៖

អាការៈដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើងនៃកំដៅមាន

ក.សញ្ញានៃការពិបាកបត់ជើងតូចមានដូចជា:

  • ពិបាកនោម
  • នោមមិនអស់
  • នោមក្រហាយ
  • ឈឺចង្កេះ
  • នោមមានឈាម

ខ.សញ្ញាផ្នែកប្រដាប់រំលាយអាហារ

  • រាគរូស
  • ក្អួត ចងោ្អរ
  • ចុកពោះ

គ.សញ្ញាផ្លូវដង្ហើម

  • ក្អក
  • ហត់
  • ពិបាកដកដង្ហើម
  • ថប់ដើមទ្រូង

ឃ.សញ្ញានៃប្រដាប់បន្តពូជ

  • ធ្លាក់សខ្លាំង មានក្លិនស្អុយ
  • ការធ្លាក់ឈាម
  • ការហូរខ្ទុះ

ចំពោះការបង្ករោគដោយប៉ារ៉ាស៊ីត វីរុស ឬបាក់តេរីមួយចំនួនធំ គឺមិនបណ្តាលអោយមានសញ្ញាតំអូញអ្វីទាំងអស់ ដូច្នេះ ទាមទារអោយស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួន អោយបានទៀងទាត់ និងទាន់ពេលវេលា។

៣)កត្តាប្រឈម ហានិភ័យដែលអាចកើតមានឡើង បណ្តាលមកពីគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជាៈ

  • អាចបណ្តាលអោយរលូតកូន
  • កូនកើតមិនគ្រប់ខែ
  • ទារកស្លាប់ក្នុងពោះ
  • ជំងឺដែលអាចកើតមានលើទារក ដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។

៤)វិធីការពារ និងព្យាបាល៖

  • ត្រូវនៅអោយឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត
  • មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ
  • មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
  • ត្រូវនៅអោយឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្តាលអោយឆ្លងបាន *ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ

ប្រសិនបើស្ត្រីមានផ្ទៃពោះ មានអាការៈក្តៅខ្លួន កំដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុ និងទទួលបានការព្យាបាលអោយបានទាន់ពេលវេលា ជៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី