សុខ​ភាព​ក្រពះ​ពោះ​វៀន​មិន​ល្អ​អាច​រំខាន​ដល់​ការ​មក​រដូវ​

  • 2024-01-14 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សុខ​ភាព​ក្រពះ​ពោះវៀន​មាន​ទំនាក់​ទំនង​បែប​ណា​ដល់​វដ្ដ​រដូវ? សំណួរ​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​គ្នា​យើង​ឆ្ងល់​មិន​ខាន តែ​វា​ជា​ការ​ពិត សុខភាព​ភាព​ក្រ​ពះ​ពោះ​វៀន​ជា​ចំណែក​​មួយ​ជួយ​នារី​ៗ​យើង​មាន​រដូវ​ទៀង​ទាត់ ប៉ុន្តែ​បើ​សុខ​ភាព​ក្រពះ​ពោះ​វៀន​មិន​ល្អ​នឹង​នាំ​ឲ្យ​យើង​មាន​រដូវ​មិន​ទៀងដែរ។ ហេតុ​អ្វី? តស់! ស្វែង​យល់​បន្ថែម​ទាំង​អស់​គ្នា​។

​ក្រពះ​ពោះវៀន​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​រំលាយអាហារ ការ​ស្រូប​សារជាតិ​ចិញ្ចឹម​របស់​រាង​កាយ​ និង​ការ​ធ្វើ​មេតាប៉ូលិស​។ បន្ថែម​ពី​នេះ​សុខភាព​ក្រពះ​ពោះវៀន​ក៏​មាន​ឥទ្ធិពល​លើ​​វដ្ដ​រដូវ​ផង​ដែរ​។ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​បណ្ណាល័យ​ជាតិ​វេជ្ជសាស្រ្ត​អាមេរិក​បាន​បង្ហាញ​ថា​អតុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​អាច​នាំ​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​។ ការណ៍​នេះ​នាំ​ឲ្យ​ជះឥទ្ធិពល​ដល់​ការ​មក​រដូវ ដែល​អាច​ធ្វើ​ឲ្យ​រដូវ​​មក​មិន​ទៀង​ទាត់។​ ហេតុ​នេះ​ហើយ បើ​យើង​ចង់​ឲ្យ​រដូវ​មក​ទៀង​ទាត់​ល្អ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ភាព​ក្រពះ​ពោះ​វៀន​ដូច​គ្នា​។​

​​ក្រពះ​ពោះវៀន​ជា​អ្នក​រំលាយ​អាហារ​ដែល​យើង​បាន​ញ៉ាំ និង​ជួយ​ស្រូប​យក​សារជាតិ​ចិញ្ចឹម​សម្រាប់​ទ្រទ្រង់​ដល់​រាង​កាយ​។ ពេល​ក្រ​ពះ​ពោះវៀន​យើង​មាន​សុខភាព​ល្អ​​ បាក់តេរី​ក្នុង​ពោះវៀន​ក៏​មាន​តុល្យភាព ហើយ​នៅ​ពេល​ក្រពះ​ពោះវៀន​មាន​សុខភាព​មិនល្អ​ធ្វើ​ឲ្យ​តុល្យភាព​របស់​បាក់តេរី​នេះ​ប្រែ​ប្រួល​។ ការ​ប្រែ​ប្រួល​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​អាច​មក​ពី​របប​អាហារ​មិន​ល្អ ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ គេង​មិន​គ្រប់​គ្រាន់ និង​ការ​ប្រើ​ថ្នាំ​ផ្សះ​ច្រើន​ជា​ដើម​។ នៅ​ពេល​អតុល្យភាព​បាក់តេរី​កើត​ឡើង វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយអាហារ ហើយ​ឈាន​ដល់​មាន​បញ្ហា​ដល់​សុខភាព​ទូទៅ​ផង​ដែរ។​​

ដើម្បី​ជួយ​ឲ្យ​ក្រពះ​ពោះ​វៀន​យើង​មាន​សុខ​ភាព​ល្អ ត្រូវ​កាត់​បន្ថយ​ស្រ្តេស ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​បន្លែ និង​ផ្លែ​ឈើ ព្រម​ទាំង​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ផង​ដែរ។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម