កូន​ក្នុង​ផ្ទៃ​ទម្ងន់​៤គីឡូជា​សញ្ញា​ល្អ ឬ​ជា​សញ្ញា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​?​

  • 2024-01-01 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មាន​កូន​ក្នុង​ផ្ទៃ​ថ្លោស​ពេក​រហូត​ដល់​ទម្ងន់​៤​គីឡូ​ក្រាម​គឺ​មិន​មែន​ជា​សញ្ញា​ល្អ​សម្រាប់​ម៉ាក់​ៗ​ និង​កូន​​នោះ​ទេ។ បើ​មាន​ករណី​​បែប​នេះ​ម៉ាក់​ៗ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ដិត​ដល់​ព្រម​ទាំង​​តាម​ដាន​សុខ​ភាព​ម្ដាយ ​កូន និង​ប្រឹក្សាជម្រើស​នៃ​ការ​សម្រាល​ឲ្យ​បាន​ល្អ​​។

ហេតុ​អ្វី​បាន​កូន​ក្នុង​ផ្ទៃ​ទម្ងន់​បួន​គីឡូក្រាម​​ជា​ហានិភ័យ? អ្នកស្រី​វេជ្ជបណ្ឌិត​ រ៉ាវុឌ្ឃ ​សោភារចនា ឯកទេស​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្ភព​រ៉ូស មាន​ប្រសាសន៍​ថា​នៅ​ពេល​កូន​ក្នុង​ផ្ទៃ​ធំ ឬ​​ថ្លោស​ពេក​មាន​ទម្ងន់​រហូត​ដល់​បួន​គីឡូក្រាម​ អាច​ប្រឈម​បញ្ហា​ច្រើន​ពេល​សម្រាល​។ បញ្ហា​ទី​មួយ​គឺ​ថា​បើ​ម្ដាយ​សម្រាល​ដោយ​ធម្មជាតិ កូន​អាច​ប្រឈម​នឹង​បញ្ហា​ជាប់​ស្មា​ពិបាក​សម្រាល​។

អ្នក​ស្រី​វេជ្ជបណ្ឌិត​ពន្យល់​ថា៖ «​ពេល​ខ្លះ​អាង​ត្រគាក​ម្ដាយ​សមស្រប​សម្រាប់​ក្បាល​កូន​ ប៉ុន្តែ​នៅ​ពេល​ដែល​ចេញ​តែ​ក្បាល​មក វា​ធ្វើ​ឲ្យ​ស្មា​ដែល​កូន​​​ធាត់​ទ្រលុក​ទ្រលន់​ហ្នឹង​វា​ជាប់នឹង​អាង​ត្រគាក​របស់​ស្រ្តី ដែល​ចំណុច​នេះ​វា​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ស្រ្តី...​ពេល​ខ្លះ​វា​ប្រ​ឈម​នឹង​ការ​បាក់​ឆ្អឹង​ដង​កាំ​បិត​របស់​ទារក និង​ពេល​ខ្លះ​មិន​អាច​យក​ទារក​ចេញ ដោយ​សារ​កូន​ធាត់​ខ្លាំង​ពេក​ហើយ​ចាល់​ជាប់​នៅ​នឹង​អាង​ត្រគាក»

អ្នកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា៖ «ហើយ​បើ​សិន​ជា​មិន​ជាប់​ស្មា​ទៅ​ចុះ ហើយ​ពេល​កូន​ចេញ​រួច​ហើយ ក៏​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម ព្រោះ​ពេល​កូន​ធំ​ខ្លាំង​ពេក​នៅ​ក្នុង​ស្បូន ទំហំ​ស្បូន​ក៏​រីក​ធំ​ទៅ​តាម​ហ្នឹង ហើយ​ស្បូន​មិន​អាច​រួម​តូច​បាន​ទាន់​ពេល​វេលា ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​»

បើ​តាម​អ្នក​ស្រី​វេជ្ជបណ្ឌិត ស្រ្តី​ដែល​មាន​កូន​ថ្លោស​ខ្លាំង​បែប​នេះ​​គឺ​ប្រឈម​នឹង​ការ​វះកាត់​ខ្ពស់​ ប៉ុន្តែ​ហានិភ័យ​ធ្លាក់​ឈាម​អំឡុង​ពេល​វះ​កាន់​នៅ​តែ​មាន​ដូច​គ្នា​។ អ្នកស្រី​វេជ្ជ​បណ្ឌិត​ណែ​នាំ​ថា​ បើ​សិន​ជា​ម៉ាក់​ៗ​មាន​កូន​ថ្លោស​បែប​នេះ​គឺ​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា និង​សេវា​ថែទាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​សុវត្ថិ​ភាព​ម្ដាយ និង​កូន​។

ស្វែងយល់បន្ថែចុចទីនេះ!

ប្រភព៖ ប្រភព អត្ថបទ៖ សុខា

អត្ថបទពេញនិយម