ហេតុ​អ្វី​ស្រ្តី​មួយ​ចំនួន​អាច​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​​ពពោះ​?

  • 2023-12-12 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ កើត​ឡើង​តែ​អំឡុង​ពេល​ស្រ្តី​ពពោះ​ប៉ុណ្ណោះ​។ នៅ​សហរដ្ឋ​អាមេរិក​ស្រ្តី​ពពោះ​៦​នាក់​ក្នុង​ចំណោម​១០០​នាក់​អាច​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ។ ស្រ្តី​អាច​កើត​ជំងឺ​នេះ​បើ​ទោះ​បី​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មុន​ពពោះ​ក៏​ដោយ​។ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ គឺ​ចាំបាច់​សម្រាប់​សុខ​ភាព​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​។​

​​ការ​ពពោះ និង​កម្រិត​ជាតិ​ស្ករ​ខ្ពស់​

នៅ​ពេល​យើង​ញ៉ាំ​អាហារ រាង​កាយ​បាន​បំបែក​កាបូអ៊ីដ្រាត​ពី​អាហារ​ទៅ​ជា​ស្ករ​ដែល​គេ​ហៅ​ថា​គ្លុយកូស ហើយ​ស្ករ​ប្រភេទ​នេះ​ក៏​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​។ បន្ទាប់​មក​ស្ករ​នេះ ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​កោសិកា​ក្នុង​រាង​កាយ​ដើម្បី​បង្កើត​ជា​ថាមពល​។ លំពែង ជា​សរីរាង្គ​មួយ​បង្កើត​អាំងស៊ុយ​លីន ដែល​ជួយ​​នាំ​ស្ករ​ចូល​ទៅ​ក្នុង​កោសិកា និង​ធ្វើ​ឲ្យ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​​។

ពេល​ពពោះ សុក​បញ្ចេញ​អ័រម៉ូន​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​។ អ័រម៉ូន​ទាំង​នេះ​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​​ប្រើ​ប្រាស់​អាំងស៊ុយ​លីន​។ ការណ៍​​នេះ​គេ​ហៅ​ថា​ធន់​នឹង​អាំងស៊ុយលីន​។

ដើម្បី​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម លំពែង​ត្រូវ​ផលិត​អាំងស៊ុយ​លីន​ច្រើន​ជាង​ធម្មតា​រហូត​ដល់​បី​ដង។ បើ​សិន​ជា​​លំពែង​មិន​អាច​ផលិត​អាំង​ស៊យ​លីន​បាន​គ្រប់​គ្រាន់​ទេ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង ដែល​នាំ​ឲ្យ​ស្រ្តី​ពពោះ​​នឹង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។

កត្តា​មួយ​ចំនួន​អាច​នាំ​ឲ្យ​ស្រ្តី​ពពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម

  • ​ស្រ្តី​មាន​បញ្ហា​លើស​ទម្ងន់​តាំង​ពី​មុន​ពេល​ពពោះ ព្រោះ​ថា​ទម្ងន់​ខ្លួន​កាន់​តែ​ធ្ងន់​​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​ប្រើ​ប្រាស់​អាំងស៊ុយលីន​
  • ​ស្រ្តី​ឡើង​ទម្ងន់​លឿន​ពេល​កំពុង​ពពោះ​
  • មាន​ឪពុក​ម្ដាយ ឬ​បង​ប្អូន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២
  • ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់ តែ​មិន​ទាន់​ចូល​ដល់​ដំណាក់​កាល​ជំងឺ​ទឹក​នោម​ផ្អែម
  • ​​ធ្លាប់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​​ពពោះ​ម្ដង​ហើយ ​​

​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ច្រើន​កើន​​លើ​ស្រ្តី​ពពោះ​នៅ​ត្រីមាស​ទី​៣។ យ៉ាងណា បើ​សិន​ជា​យើង​ជា​ស្រ្តី​ដែល​ប្រឈម​នឹង​ជំងឺ​មួយ​នេះ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យ​ធ្វើ​តេស្ត​នៅ​ចុង​ត្រី​មាស​ទី​១ និង​អាច​ធ្វើ​ម្ដង​ទៀត​នៅ​សប្ដាហ៍​ទី​២៤​ទៅ​២៨ ហើយ​បើ​សិន​ជា​ដំណាក់​កាល​នេះ​​លទ្ធ​ផល​អវិជ្ជមាន​ គ្រូពេទ្យ​នឹង​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​តេស្ត​ទៀត​នោះ​ទេ​។

ប្រភព៖ webmd ប្រែសម្រួល៖ សុខា