ហេតុអ្វីស្រ្តីមួយចំនួនអាចកើតជំងឺទឹកនោមផ្អែមពេលពពោះ?
- 2023-12-12 00:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីស្រ្តីមួយចំនួនអាចកើតជំងឺទឹកនោមផ្អែមពេលពពោះ?
ជំងឺទឹកនោមផ្អែមពេលពពោះ កើតឡើងតែអំឡុងពេលស្រ្តីពពោះប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិកស្រ្តីពពោះ៦នាក់ក្នុងចំណោម១០០នាក់អាចមានជំងឺទឹកនោមផ្អែមប្រភេទនេះ។ ស្រ្តីអាចកើតជំងឺនេះបើទោះបីមិនមានជំងឺទឹកនោមផ្អែមមុនពពោះក៏ដោយ។ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ គឺចាំបាច់សម្រាប់សុខភាពម្ដាយ និងកូនក្នុងផ្ទៃ។
នៅពេលយើងញ៉ាំអាហារ រាងកាយបានបំបែកកាបូអ៊ីដ្រាតពីអាហារទៅជាស្ករដែលគេហៅថាគ្លុយកូស ហើយស្ករប្រភេទនេះក៏ចូលទៅក្នុងចរន្តឈាម។ បន្ទាប់មកស្ករនេះ ក៏ធ្វើដំណើរទៅកាន់កោសិកាក្នុងរាងកាយដើម្បីបង្កើតជាថាមពល។ លំពែង ជាសរីរាង្គមួយបង្កើតអាំងស៊ុយលីន ដែលជួយនាំស្ករចូលទៅក្នុងកោសិកា និងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប។
ពេលពពោះ សុកបញ្ចេញអ័រម៉ូនជួយឲ្យកូនក្នុងផ្ទៃលូតលាស់។ អ័រម៉ូនទាំងនេះធ្វើឲ្យរាងកាយពិបាកប្រើប្រាស់អាំងស៊ុយលីន។ ការណ៍នេះគេហៅថាធន់នឹងអាំងស៊ុយលីន។
ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម លំពែងត្រូវផលិតអាំងស៊ុយលីនច្រើនជាងធម្មតារហូតដល់បីដង។ បើសិនជាលំពែងមិនអាចផលិតអាំងស៊យលីនបានគ្រប់គ្រាន់ទេ កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើង ដែលនាំឲ្យស្រ្តីពពោះនឹងមានជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែមពេលពពោះច្រើនកើនលើស្រ្តីពពោះនៅត្រីមាសទី៣។ យ៉ាងណា បើសិនជាយើងជាស្រ្តីដែលប្រឈមនឹងជំងឺមួយនេះ គ្រូពេទ្យអាចនឹងណែនាំឲ្យធ្វើតេស្តនៅចុងត្រីមាសទី១ និងអាចធ្វើម្ដងទៀតនៅសប្ដាហ៍ទី២៤ទៅ២៨ ហើយបើសិនជាដំណាក់កាលនេះលទ្ធផលអវិជ្ជមាន គ្រូពេទ្យនឹងមិនតម្រូវឲ្យយើងធ្វើតេស្តទៀតនោះទេ។