គន្លឹះ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ការពារ​សុខ​ភាព​តម្រង​នោម​

  • 2023-12-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជំងឺ​តម្រង​នោម​ ជា​ផល​វិបាក​ទូទៅ​មួយ​អាច​កើត​លើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​ប្រភេទ​២។ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៅ​សហរដ្ឋអាមេរិក​​កើត​មាន​បញ្ហា​នេះ​។

​​ជំងឺ​តម្រង​នោម​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រក្រតី​ក្នុង​ការ​កម្ចាត់​ជាតិ​ពុល និង​ជាតិ​ទឹក​ដែល​លើស​ចេញ​ពី​រាង​កាយ​។ វិធី​ល្អ​ក្នុង​ការ​ការពារ​ខ្លួន​ពី​បញ្ហា​តម្រង​នោម​នេះ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​គ្រប់​គ្រង​សម្ពាធ​ឈាម កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ​តាម​ការ​ណែ​នាំ និង​មាន​បែប​បទ​រស់​នៅ​ល្អ​។​

វិធី​ការពារ​ជំងឺ​តម្រង​នោម​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

ជួប​គ្រូពេទ្យ​ឲ្យបាន​ទៀងទាត់៖ ជួប​គ្រូពេទ្យ​តាម​ណាត់​មាន​សារសំខាន់​ណាស់​ក្នុង​ការ​តាម​ដាន និង​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ដៅ​។ គ្រូពេទ្យ​ក៏​អាច​វាយ​តម្លៃ និង​ពិនិត្យ​​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ឈម​ជំងឺ​តម្រង​នោម ឬ​ផល​វិបាក​ផ្សេង​ៗ​ឬ​អត់​។ ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​អាច​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ ឬ​ញឹក​ញាប់​ជាង​នេះ​អាស្រ័យ​លើ​ស្ថាន​ភាព​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ផ្ទាល់​។​

ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម៖ ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ត្រឹម​ត្រូវ​ ជួយ​អ្នក​ជំងឺ​​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ល្អ​ត្រឹម​ត្រូវ​តាម​គោល​ដៅ។ ការណ៍​នេះ​អាច​ជួយ​អ្នក​ជំងឺ​ការពារ ឬ​ពន្យឺត​ល្បឿន​នៃ​ការ​វិវត្ត​ទៅ​ជា​បញ្ហា​តម្រង​នោម​។​

គ្រប់​គ្រង​សម្ពាធ​ឈាម​៖ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​នោះ ត្រូវ​ព្យាយាម​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ​ដូច​គ្នា។ ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ក៏​ជា​ហានិភ័យ​នាំ​ឲ្យ​មាន​ជំងឺ​តម្រង​នោម​ដែរ។​ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​ច្បាស់​លាស់​ពី​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​។

គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ៖ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បន្ត​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​កម្រិត​សុខភាព​ល្អ ហើយ​បើ​សិន​ជា​លើស​ទម្ងន់​ត្រូវ​សម្រក​ទម្ងន់។ ដើម្បី​សម្រក​ទម្ងន់​មក​នៅ​កម្រិត​សុខភាព អ្នក​ជំងឺ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​សមស្រប​សម្រាប់​ខ្លួន​។

កុំ​ជក់​បារី៖ ​ការ​ជក់​បារី​អាច​បំផ្លាញ​​តម្រង​នោម ឬ​ធ្វើ​ឲ្យ​តម្រង​នោម​ខូច​ខាត​កាត់​តែ​ធ្ងន់ធ្ងរ។ បើ​សិន​ជា​អ្នក​ជំងឺ​ជា​អ្នក​ជក់​បារី គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​ផ្ដាច់​បារី។ ការ​ឈប់​ជក់​បារី​មាន​ផល​ល្អ​ទាំង​សុខភាព​ទូទៅ និង​សុខភាព​តម្រង​នោម​។

ប្រភព៖ mayoclinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម