សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​អ្នកជំងឺ​ទឹកនោមផ្អែម​កំពុង​ធ្លាក់​ចុះ​ជាតិ​ស្ករ​​

  • 2023-11-30 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​អាច​គិត​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​តែង​តែ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។ ប៉ុន្តែ​មិន​ដូច​នេះ​​ទេ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​ប្រឈម​នឹង​​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ផង​ដែរ​។ ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ជំងឺ​បាន​ដូច​គ្នា។

​នៅ​ពេល​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ក្រោម​៧០មិល្លីក្រាម​ក្នុង​មួយ​ដេស៊ីលីត្រ (70mg/dL) គឺ​អ្នក​ជំងឺ​កំពុង​មាន​បញ្ហា​ធ្លាក់​ចុះ​ជាតិ​ស្ករ​ ប៉ុន្តែ​អ្នក​ជំងឺ​ម្នាក់​ទៅ​ម្នាក់​អាច​មាន​កម្រិត​នេះ​ផ្សេង​គ្នា។ ដូច​នេះ​ការ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ពី​កម្រិត​ជាតិ​ស្ករ​​គឺ​ជា​រឿង​ចាំ​បាច់​។​

ហេតុ​ដូច​នេះ​ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ចំពោះ​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ អ្នក​ជំងឺ​អាច​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ ឬ​ស្ករ​គ្រាប់​ដើម្បី​បំពេញ​ជាតិ​ស្ករ​ឡើង​វិញ​ ឬ​បើ​ធ្ងន់ធ្ងរ​ សាច់​ញាតិ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​។​ ​

រោគសញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

សញ្ញា​ព្រមាន​ដំបូង​ៗ​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ដូច​ជា​ ស្លេកស្លាំង វិលមុខ ធេងធោង ញ័រ បែក​ញើស ឃ្លាន ឬ​ចង្អោរ បេះដូង​លោត​ញាប់ ពិបាក​ផ្ចង់​អារម្មណ៍ ថប់បារម្ភ ស្ពឹក​អវយវៈ អណ្ដាត និង​ឈឺ​ក្បាល​ជា​ដើម​។

ចំណែក​រោគ​សញ្ញា​នៅ​ពេល​យប់​វិញ​មាន​ដូច​ជា​បែក​ញើស​សើម​អាវ យល់សប្ដិ​​អាក្រក់ និង​អស់​កម្លាំង​ជា​ដើម​។

ដោយ​ឡែក​សម្រាប់​រោគ​សញ្ញា​ធ្ងន់ធ្ងរ​វិញ​អាច​មាន​ដូច​ជា​វង្វេង ពិបាក​និយាយ ព្រិល​ភ្នែក ពិបាក​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ ខ្សោយ​សាច់​ដុំ និង​ងងុយ​ដេក​ជាដើម​។​

កម្រិត​ជាតិ​ស្ករ​អ្នក​ជំងឺ​ទឹក​​នោម​ផ្អែម​ធ្លាក់​ចុះ​ខ្លាំង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​ ដូចជា​ប្រកាច់ ឬ​សន្លប់ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

វិធី​ការពារ​បញ្ហា​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

ដើម្បី​បង្ការ​បញ្ហា​នេះ​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ខ្លួន​ឲ្យ​បាន​​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​។ មួយ​វិញ​ទៀត​អ្នក​ជំងឺ​មិន​ត្រូវ​រំលង​ពេល​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់​ឡើយ​ ពោល​គឺ​ត្រូវ​ញ៉ាំ​ឲ្យ​បាន​ទៀង​ពេល​។ ដូច​គ្នា​ដែរ បើ​សិន​ជា​អ្នក​ជំងឺ​ចង់​ញ៉ាំ​គ្រឿង​ស្រវឹង គូរ​កម្រិត​ការ​ញ៉ាំ និង​ត្រូវ​ញ៉ាំ​អាហារ​ក្នុង​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​នោះ​ដែរ​។

ប្រភព៖ mayoclinic ប្រែសម្រួល៖ សុខា