ហេតុ​អ្វី​ប្រេះ​បបូរ​មាត់​ពេល​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​?

  • 2023-11-28 03:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ទេ​នៅ​ពេល​រដូវ​រងា គ្នា​យើង​មួយ​ចំនួន​ជួប​បញ្ហា​ប្រេះ​បបូរ​មាត់​នោះ​។ អាកាស​ធាតុ​ត្រជាក់ បូក​រួម​ទាំង​មាន​ខ្យល់​បក់រំភើយៗ​ និង​បរិយាកាស​ខាង​ក្រៅ​ស្ងួត​ទៀត​នោះ គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​មាន​សភាព​តឹង និង​ស្ងួត ឬ​ប្រេះ​។​

មួយ​វិញ​ទៀត​ស្បែក​ត្រង់​បបូរ​មាត់​មាន​សភាព​ស្ដើង​ជាង​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ ហើយ​ស្បែក​ត្រង់​បបូរ​មាត់​ងាយ​ស្ងួត​លឿន​ជាង​កន្លែង​ផ្សេង​ដល់​តែ​១០​ដង​ឯង​នោះ។ ហេតុ​នេះ​ហើយ​នៅ​រដូវ​រងា ស្បែក​ត្រង់​បបូរ​មាត់​ងាយ​ស្ងួត​និង​ប្រេះ​ជាង​កន្លែង​ផ្សេង។

ការ​ពារ​បញ្ហា​ប្រេះ​បបូរ​មាត់​បែប​ណា​?

ថ្វី​បើ​ខែ​រងា​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ងាយ​ប្រេះ​ក៏​ពិត​មែន​តែ​យើង​ក៏​មាន​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​ដែរ​។

ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​៖ ​បើ​រាង​កាយ​យើង​ខ្វះ​ជាតិ​ទឹក នឹង​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ងាយ​ប្រេះ​។ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​មាន​ផល​ល្អ​ចំពោះ​សុខ​ភាព​ស្បែក រួម​ទាំង​ស្បែក​ត្រង់​បបូរ​មាត់​ផង​ដែរ​។

ប្រើ​ក្រែម​លាប​មាត់​៖ ​ក្រែម​លាប​មាត់​ដែល​មាន​ផ្ទុក​សារធាតុ​ petrolatum ប្រេង​ក្រអូប ឬ​glycerin ជួយ​ការ​ពារ​បបូរ​មាត់​បាន​ដែរ។ សារធាតុ​ទាំង​នេះ​​អាច​ជួយ​ទប់​សំណើម​ និង​ជួយ​ព្យាបាល​ការ​ប្រេះ​បបូរ​មាត់​ផង​ដែរ​។​

ហាម​លិឍ​មាត់​៖ គ្នា​យើង​ប្រហែល​ជា​យល់​ថា​ការ​លិឍ​បបូរ​មាត់​អាច​ជួយ​បន្សើម​បបូរ​មាត់​បាន តែ​មិន​ដូច​នេះ​ទេ។ ការ​លិឍ​បបូរ​មាត់​បែរ​ជា​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត​ទៅ​វិញ​ទេ​។ ទឹក​មាត់​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត​កាន់​តែ​លឿន​ ព្រោះ​ថា​ទឹក​មាត់​​ជា​ប្រភេទ​អង់ស៊ីម​សម្រាប់​រំលាយ​អាហារ ហើយ​បើ​វា​នៅ​លើ​បបូរ​មាត់​នឹង​ធ្វើ​ឲ្យ​ស្បែក​បបូរ​មាត់​ស្ងួត​កាន់​តែ​លឿន​។

ប្រភព៖ Cleveland Clinic ប្រែសម្រួល៖ សុខា