តើការឈឺចាប់ពេលមករដូវសុទ្ធតែជារឿងធម្មតា?
- 2023-11-14 00:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការឈឺចាប់ពេលមករដូវសុទ្ធតែជារឿងធម្មតា?
ការឈឺចាប់ពេលមករដូវត្បិតថាភាគច្រើនគឺជារឿងធម្មតា ប៉ុន្តែក៏មានករណីខ្លះមិនធម្មតាដូចយើងគិតនោះដែរ។ ស្រ្តីជាច្រើនអាចមានបញ្ហាឈឺចាប់ខ្លាំងពេលមករដូវពីរបីថ្ងៃដំបូង ចំណែកអ្នកខ្លះទៀតអាចមានបញ្ហាឈឺចាប់ខ្លាំងនៅអាងត្រគាកពេលមករដូវ ដែលករណីនេះអាចថាមិនធម្មតានោះទេ គឺអាចជាសញ្ញានៃជំងឺendometriosis ដែលជាលិកាស្បូនដុះខុសកន្លែង។
រាល់ការឈឺចាប់ខ្លាំងពេលមករដូវ ហើយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ គឺមិនមែនជាការឈឺចាប់ធម្មតានោះទេ ហើយបញ្ហានេះអាចវាយតម្លៃបានច្បាស់លុះណាតែយើងជួបប្រឹក្សាជាមួយគ្រូពេទ្យខាងរោគស្ត្រី។
ចំពោះអាការៈឈឺចាប់ពេលមករដូវកម្រិតស្រាល ឬមធ្យម ជាទូទៅអាចគ្រប់គ្រងបានដោយគ្រាន់តែប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជា និងអាចរកទិញបាននៅតាមឱសថស្ថានស្របច្បាប់។ ប៉ុន្តែបើសិនជាការឈឺចាប់នេះនៅតែមិនបាត់ក្រោយប្រើថ្នាំ និងបង្កការរំខានដល់សកម្មភាពប្រចាំថ្ងៃ រួមទាំងមានអាការៈក្អួត ឬចង្អោរ ឬមានឈាមរដូវធ្លាក់មកច្រើន គួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
ដូចគ្នាដែរ បើសិនជាការឈឺចាប់តែងកើតមានមួយសប្ដាហ៍មុនមករដូវ និងបន្តដល់ពេលមករដូវ នោះអាចថាយើងមានជំងឺendometriosis ហើយដើម្បីឲ្យប្រាកដក្នុងចិត្តថាយើងមានបញ្ហាសុខភាពឬអត់គឺត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
ក្រៅពីជំងឺ endometriosis នៅមានបញ្ហាសុខភាពមួយចំនួនទៀតដែលអាចធ្វើឲ្យយើងមានការឈឺចាប់ខ្លាំងពេលមករដូវដូចគ្នា។ ជំងឺទាំងនោះមានដូចជាដុំសាច់ក្នុងស្បូន (សាច់មិនមែនមហារីក) ឬរលាកអាងត្រគាកជាដើម។ ក្រៅពីនេះកត្តាវ័យ ប្រវត្តិគ្រូសារ ការប្រើប្រាស់ថ្នាំជក់ បរិមាណឈាមរដូវមកច្រើន ឬបញ្ហារដូវមិនទៀង ក៏សុទ្ធតែជាកត្តារួមចំណែកធ្វើឲ្យស្រីៗមានការឈឺចាប់ពេកមករដូវដែរ។