៦វិធី ដើម្បីកុំឲ្យអ្នកជំងឺស្ទះឬដាច់សរសៃឈាមខួរក្បាល ហូបអាហារនិងទឹក(ឈ្លក់)

  • 2023-11-13 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល តែងតែមានវិបត្តិនៃការហូបអាហារ (ឈ្លក់)។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់នៅចំហៀងខាងណាមួយ។ នៅពេលមានកាកសំណល់ធ្លាក់ចូលតាមបំពង់ខ្យល់ទៅដល់សួត វាធ្វើឲ្យមានការរលាកសួត ឬអាចស្លាប់បាននៅពេលឈ្លក់អាហារធ្ងន់ធ្ងរ។ខាងក្រោមនេះគឺជា វិធីមួយចំនួនដ៏មានប្រសិទ្ធភាពរបស់គ្រូពេទ្យកាល់ម៉ែត ៖

យើងត្រូវធ្វើតេស្តឲ្យអ្នកជំងឺផឹកទឹក៩០ម.ល បើសិនគាត់ឈ្លក់ ចាំបាច់ត្រូវដាក់សុងក្រពះដើម្បីផ្ដល់អាហារជូនគាត់

ធ្វើលំហាត់ចលនានៅមាត់ ដូចជាបូញមាត់ទៅមុខ ទាញមកក្រោយវិញ ខ្ជឹបមាត់ ហាមាត់ ធ្វើចលនាថ្គាមក្រោមងាកទៅចំហៀង (ស្ដាំ ឬឆ្វេង)

ធ្វើលំហាត់អណ្ដាតដូចជា លៀនអណ្ដាតចេញក្រៅ ទាញចូលមកវិញ ក្រលៀសអណ្ដាតក្នុងមាត់ ដើម្បីពង្រឹងកំលាំងសាច់ដុំអណ្ដាតឲ្យខ្លាំងក្នុងការជួយរុញច្រានអាហារចូលទៅក្នុងបំពង់ក

ធ្វើលំហាត់ដោយស្រែក អាហ៏ៗៗៗៗៗ ឲ្យវែងដើម្បីពង្រឹងសាច់ដុំខាងក្នុងបំពង់ក និងបង្កើនកំលាំងដកដង្ហើម។

ស្រែក អ៊ីៗៗៗៗ ឲ្យវែង ដើម្បីបង្កើនកំលាំងសាច់ដុំខ្ជឹបបំពង់ខ្យល់ សម្រាប់ទប់អាហារ ឬទឹកកុំឲ្យធ្លាក់ចូលបំពង់ខ្យល់ពេលលេបអាហារ។

យុទ្ធសាស្ត្រពិសារអាហារ និងទឹកឲ្យមានសុវត្ថិភាព៖

  • ត្រូវតែអង្គុយឲ្យត្រង់ខ្លួន

  • បញ្ចុក ឬហូបអាហារតាមមាត់

  • ឈប់ផ្ដល់អាហារ និងទឹក បើសិនអ្នកជំងឺក្អក ឬអស់កំលាំង

  • បន្តអង្គុយត្រង់ខ្លួនយ៉ាងហោចណាស់ ៣០នាទីទៀតក្រោយពិសាររួច

  • សូមប្រាកដថា អ្នកជំងឺលេបអាហារអស់ពីក្នុងមាត់សិនមុនឲ្យពិសារទៀត

  • សំអាតមាត់ ដុសធ្មេញឲ្យបានទៀងទាត់

ប្រសិនបើលោកអ្នកមានអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ហើយមានវិបត្តិក្នុងការពិសារអាហារ (ហូបឈ្លក់) សូមមេត្តាអញ្ជើញមកមន្ទីរពេទ្យ ដើម្បីជួបពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញៗបន្ថែមទៀត ដោយល្អិតល្អន់បំផុត។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី