វដ្ដ​រដូវ​ស្រីៗប្រែ​ប្រួល​ទៅ​តាម​វ័យ​បែបនេះ

  • 2023-11-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​យើង​ពិត​ជា​បាន​ដឹង​ហើយ​ថា​វដ្ដ​រដូវ​របស់​ខ្លួន​មាន​ការ​ប្រែ​ប្រួល​បែប​ណា គិត​តាំង​ពី​ពេល​ពេញ​វ័យ​មក​។ ​វដ្ដ​រដូវ​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​វ័យ​ និង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​។ យ៉ាងណា​ថ្ងៃនេះ កញ្ញា លើក​យក​តែ​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ​តាម​វ័យ​មក​បក​ស្រាយ​ប៉ុណ្ណោះ។ តស់​ស្វែង​យល់​ទាំង​អស់​គ្នា​។

វ័យ​ជំទង់៖ ​ក្នុង​វ័យ​នេះ​វដ្ដ​រដូវ​របស់​ក្មេង​ស្រី​អាច​មាន​ភាព​មិន​ទៀង​ទាត់​ច្រើន​។ ជា​ធម្មតា​អាច​ត្រូវ​ការ​ពេល​ប្រហែល​មួយ​ឆ្នាំ​ ឬ​រហូត​ដល់​ក្រពេញ​ភីតូរីស​នៅ​ក្នុង​ខួរក្បាល និង​ក្រ​ពេញ​អូវែ​ធ្វើ​ការ​ជា​មួយ​គ្នា​បាន ដើម្បី​ផលិត​កម្រិត​​អ័រម៉ូន​បាន​ត្រឹម​ត្រូវ​។ ដូច​គ្នា​វ័យ​​ជំទង់​ជា​វ័យ​មួយ​ដែល​កម្រិត​អ័រម៉ូន​​មាន​ការ​ប្រែ​ប្រួល​លឿន​ ហើយ​ក៏​អាច​ស៊ីពេល​ពីរ​បី​ឆ្នាំ​ដែរ​ទម្រាំ​វដ្ដ​រដូវ​អាច​​មាន​ភាព​ទៀងទាត់​​។

វ័យ​ខ្ទង់​២០​ឆ្នាំ៖ ​ចូល​ដល់​វ័យ​នេះ​វដ្ដ​រដូវ​អាច​មាន​សភាព​ទៀងទាត់​ជា​ធម្មតា​។ ប៉ុន្តែ​ក៏​នៅ​មាន​ស្រ្តី​មួយ​ចំនួន​មិន​អាច​មាន​វដ្ដ​រដូវ​២៨​ថ្ងៃ បាន​រាល់​ខែ​នោះ​ដែរ​។ យ៉ាងណា រយៈពេល​ជា​ទូ​ទៅ​​នៃ​វដ្ដ​រដូវ​មាន​ចន្លោះ​ពី​២៣​តៅ​៣៥​ថ្ងៃ ហើយ​រយៈ​ពេល​មក​រដូវ​អាច​មាន​ពី​៣ទៅ​៧​ថ្ងៃ​។

វ័យ​ខ្ទង់​៣០​ឆ្នាំ​៖ សម្រាប់​វ័យ​នេះ​ចំនួន​មេ​ជីវិត​ញី​ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ដែរ ពិសេស​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ខ្លាំង​នៅ​អាយុ​ពាក់​កណ្ដាល​៣០​ឆ្នាំ​។ រយៈពេល​នៃ​វដ្ដ​រដូវ​អាច​មាន​ចន្លោះ​ពី​២៣​ទៅ​៣៥​ថ្ងៃ​ដែរ ប៉ុន្តែ​រោគ​សញ្ញា​មុន​មក​រដូវ​អាច​ធ្ងន់ធ្ងរ​ជាង​កាល​នៅ​វ័យ​ក្មេង​។​

ចូល​ដល់​វ័យ​ខ្ទង់​៤០​៖ មក​ដល់​វ័យ​នេះ​​ចំនួន​មេ​ជីវិត​ញី​ក៏​បន្ត​ធ្លាក់​ចុះ ហើយ​ក៏​ជា​ពេល​ជិត​ដល់​វ័យ​អស់​រដូវ​ផង​ដែរ​។ ថ្វី​បើ​ស្រ្តី​ភាគ​​ច្រើន​អស់​រដូវ​នៅ​វ័យ​ខ្ទង់​៥០​ឆ្នាំ ប៉ុន្តែ​ក៏​មាន​ស្រ្តី​មួយ​ចំនួន​អស់​រដូវ​មុន​ចូល​ដល់​អាយុ​នេះ​ផង​ដែរ​។

វ័យ​ខ្ទង់​៥០​ឆ្នាំ​៖ ​ចូល​ដល់​វ័យ​នេះ គឺ​ជា​វ័យ​អស់​រដូវ​ហើយ​ ដែល​ស្រ្តី​ភាគ​ច្រើន​អាច​អស់​រដូវ​នៅ​អាយុ​៥១​ឆ្នាំ ឬ​លើស​នេះ​។ ពេល​វេលា​អស់​រដូវ​នេះ ស្រ្តី​ក៏​លែង​មាន​ការ​បង្ក​កំណើត​ទៀត​ដែរ​។ វដ្ដ​រដូវ​ក៏​លែង​មាន​បន្ត​ទៀត ហើយ​ក្រពេញ​អូវែ​ក៏​ឈប់​បញ្ចេញ​មេ​ជីវិត​ញី​ដែរ​។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា