តិចនិកកាត់បន្ថយ កើតមុន មុខស្ងួតមានខ្លាញ់ ជ្រុះសក់ នៅអំឡុងពេលពពោះ

  • 2023-10-27 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតា ស្ត្រីពេលចាប់ផ្តើមមានគភ៌ដំបូងៗ ចាប់ផ្តើមផ្លាស់ប្តូរអាក្រក់ទៅៗ រហូតដល់សម្រាលហើយ ទើបប្រែទៅជាធម្មតាឡើងវិញបន្តិចម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរយៈពេលវែង និងចំនួននៃការកើតមុនក៏មានច្រើន..ហើយវាបានប៉ះពាល់ដល់សោភ័ណភាព ធ្វើឱ្យមិនស្រួលចិត្ត ថែមទាំងបន្សល់ស្នាមអុចខ្មៅ ដែលពិបាកលុបចេញ ធ្វើឱ្យស្បែកកាន់តែយ៉ាប់យ៉ឺនទៅៗ។ ខាងក្រោមនេះគឺជាតិចនិចមួយចំនួន ក្នុងការថែរក្សាស្បែកមុខ សក់ ដែលតែងកើតមានឡើងអំឡុងពេលមានផ្ទៃពោះ៖

១ វិធីកាត់បន្ថយការកើតមុន ខ្លាញ់ និងស្ងួតក្នុងពេលមានផ្ទៃពោះ

វាពិតជារឿងដែលពិបាកបំផុត ក្នុងការថែរក្សាស្បែកក្នុងអំឡុងពេលមានផ្ទៃពោះ។ ក្នុងពេលនេះ ស្ត្រីគ្រប់រូបតែងមានបញ្ហាស្បែកមានស្នាមខ្មៅ ខ្លះមានប្រេងលើមុខច្រើនខុសប្រក្រតី ខ្លះស្ងួត តែស្ត្រីទាំងនេះមិនហ៊ានប្រើគ្រឿងសម្អាងក្នុងពេលនោះទេ។ ក្នុងអំឡុងពេលនេះ គាត់មិនដឹងថាត្រូវដោះស្រាយបែបណានោះទេ។ ដូចនេះដើម្បីកាត់បន្ថយ ស្នាមមុន និងស្បែកយារធ្លាក់ពេលមានផ្ទៃពោះ ស្ត្រីអាចធ្វើតាមវិធីដូចខាងក្រោមនេះបាន៖

  • ស្ត្រីមានផ្ទៃពោះអាចប្រើហ្វូមលាងមុខសម្រាប់ស្បែកដែលងាយកើតមុន រួមផ្សំជាមួយការលាប Toner ជារៀងរាល់ថ្ងៃ និងជូតស្បែកចេញម្តងក្នុងមួយសប្តាហ៍ ដើម្បីការពារកុំឱ្យកើតមុន ។

  • ហាមប្រើឱសថព្យាបាលរោគដែលជាកម្មសិទ្ធិរបស់ក្រុម Retinoid (អាស៊ីត retinoic, Retinol, adapalen...) ឬថ្នាំដែលបណ្តាលអោយកើត keratolysis នៅលើស្បែក។

  • អ្នកគួរតែប្រើផលិតផលថែរក្សាស្បែកដែលមានប្រភពដើមច្បាស់លាស់ និងចំរាញ់ចេញពីធម្មជាតិ។

  • កំណត់គ្រឿងសម្អាង រក្សាស្បែកឱ្យស្អាត និងការពារការប៉ះពាល់គ្រឿងសម្អាងច្រើនពេក ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទារកក្នុងផ្ទៃ។

  • អ្នកគួរតែកំណត់ការទទួលទានអាហារផ្អែម ហឹរ ប្រៃ ឬជាតិខាញ់ ដើម្បីកុំឱ្យស្បែករបស់អ្នកបញ្ចេញជាតិប្រេងច្រើនពេក កាត់បន្ថយហានិភ័យនៃការកើតមុន ។

  • ទទួលទានបន្លែបៃតង ផ្លែឈើស្រស់ៗ ផឹកទឹកឱ្យបាន ២លីត្រ/ថ្ងៃ ដើម្បីជួយឱ្យស្បែកមានភាពប្រសើរឡើងក្នុងពេលមានផ្ទៃពោះ។

  • ព្យាយាមគេងឱ្យបានលឿន រក្សាស្មារតីរីករាយ គិតវិជ្ជមាន កុំគេងយឺត ឬតានតឹង។

២ វិធីកាត់បន្ថយសក់ជ្រុះអំឡុងពេលមានផ្ទៃពោះ

មូលហេតុនៃការជ្រុះសក់អំឡុងពេលមានផ្ទៃពោះគឺដោយសារតែការផ្លាស់ប្តូរអ័រម៉ូន។ ការផ្លាស់ប្តូរនេះមិនត្រឹមតែប៉ះពាល់ដល់ស្បែកប៉ុណ្ណោះទេ ថែមទាំងសក់ទៀតផង។ ប្រសិនបើអ្នកធ្លាប់ជ្រុះសក់ប្រហែល 100 សរសៃសក់កាលពីមុន នោះអំឡុងពេលមានផ្ទៃពោះ វាអាចកើនដល់ទៅ 300 សរសៃសក់។ ដូចនេះដើម្បីកាត់បន្ថយ សក់ជ្រុះស្ត្រីអាចធ្វើតាមវិធីដូចខាងក្រោមនេះបាន៖

  • អ្នកគួរតែប្រើផលិតផលសរីរាង្គ មិនត្រឹមតែថែរក្សាស្បែកប៉ុណ្ណោះទេ ថែមទាំងថែរក្សាសក់ ធានាសុវត្ថិភាពសម្រាប់សុខភាពម្តាយ និងទារកផងដែរ។

  • ម៉ាស្សាស្បែកក្បាលដោយជែលបន្ទាលកន្ទុយក្រពើ (aloe vera ) ព្រោះវាមានសមត្ថភាពផ្តល់សំណើម និងប្រឆាំងនឹងការរលាក និងចិញ្ចឹមសក់យ៉ាងមានប្រសិទ្ធភាព។ម្តាយមានផ្ទៃពោះអាចលាបជែល aloe vera លើស្បែកក្បាល ហើយម៉ាស្សាថ្នមៗ ដើម្បីឱ្យជែលជ្រាបចូលជ្រៅទៅក្នុងឫសសក់ ផ្តល់សំណើម និងចិញ្ចឹមសក់ឱ្យរឹងមាំ និងមានសុខភាពល្អ។

  • បន្ថែមបន្លែបៃតង និងផ្លែឈើស្រស់ៗ ព្រោះវាមានវីតាមីន និងសារធាតុរ៉ែជាច្រើន ជួយពង្រឹងសក់ និងកាត់បន្ថយការបែកចុង។

  • អ្នកម្តាយដែលមានផ្ទៃពោះគួរទំលាក់សក់ តែបើចង់ចងកុំចង់ឲ្យតឹងពេក ក្រែងវាងាយដាច់ជ្រុះ។

  • កុំប្រើប្រាស់សារធាតុគីមីដើម្បីធ្វើអោយសក់ស្អាត ដូចជា អ៊ុត ត្រង់ និងលាបពណ៌ ព្រោះធ្វើអោយសក់ខូច ហើយក៏ប៉ះពាល់ដល់ទារកផងដែរ។

ប្រភព៖kenh14

អត្ថបទ៖ Tep Sovannmoly