យានយន្ត​អគ្គិសនី​ទំនោរ​អនាគត​ សន្ទុះ​បន្ត​កើន​ឡើង​ចិន​កំពុង​សម្រុក

  • 2023-10-26 12:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សង្វាក់​ផលិតកម្ម​របស់​ចិន​​មាន​ទំហំ​ធំ​ស្បើម​សឹងគ្រប់​វិស័យ។ ក្នុង​នោះ​យុទ្ធ​យុទ្ធសាស្ត្រ​ផ្លូវ​សូត្រ​របស់​ចិន"ផលិតកម្ម​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ចិន-អាស៊ាន" ហៅ​កាត់​ថា “The Base” ក៏​ជា​កម្លាំង​ចលករ​មួយ​ជួយ​រុញ​កម្លាំង​សេដ្ឋកិច្ច​ចិន​និង​ចំណង​ការ​ទូត​លើ​ឆាក​អន្តរជាតិ ហើយ​ចិន​ខ្លួន​ឯង​ក៏​កំពុង​សម្រុក​ផលិត​ដើម្បី​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការទាំង​នោះ​។ យានយន្ត​របស់​គម្រោង the Base មិន​រាប់​បញ្ចូល​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី(EV) ​ទេ គឺ​រាប់​តែ​ប្រភេទ​តូច​ចក្រយាន (យាន​កង់២) និង ត្រី​ចក្រយាន (យាន​កង់ ៣)។

យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជា​ទំនោរ​ដ៏​ធំ ជា​អនាគត​ក្នុង​ពេល​ដ៏​ខ្លី ដោយ​ជ្រុងម្ខាង​ពី​អ្នក​ប្រើប្រាស់​គឺ​ផ្ដោត​លើ​ការ​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​ប្រេងសាំង តម្រូវការ​ប្រើ​តិច ឬ​សម្រាប់​អ្នក​ជិះ​ជិតៗ យឺតៗ ការ​រចនា ប្រើប្រាស់​កម្ចប់​លុយ​តិច ពិសេស​សម្រាប់​ក្មេងៗ សិស្សសាលា ឬ​មនុស្ស​ចាស់​ជា​ដើម។

ជិត ១០ឆ្នាំ ចុងក្រោយ​នេះ ​ក្រុមហ៊ុន​សផលិត​កង់និង​ម៉ូតូ​អាគុយ​ល្បីៗ​ច្រើន ដោយ​ឡែក​បើ​រាប់​តែម៉ូដែល​របស់​ម៉ូតូ​ទាំង​នោះ​មាន​លើស ១០០​ម៉ាក​ខុសៗ​គ្នា។ បើ​ពិនិត្យ​មើល​ទិន្ន័យ​និង​កម្លាំង​ផលិតកម្ម​របស់​ ​ក្រុម​ហ៊ុន​ក្នុងស្រុក​ធំៗ​ដូចជា Emma, Luyuan, Tailg, Lima, Zuboo និង OPAI ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ The Base ​ក្នុង​មួយ​ឆ្នាំៗ ក្រុមហ៊ុន​ធំៗ ៦នេះ ផលិត​ម៉ូតូ​អាគុយ​បាន ៥លាន​គ្រឿង និង ត្រីចក្រយាន​អាគុយ​បាន ៥០ម៉ឺន​គ្រឿង។

កម្លាំង​សង្វាក់ផលិតកម្ម​ដ៏​មមាញឹក​ដើម្បី​កាត់​បន្ថយ​ចំហេះ​ដោយ​ប្រេងសាំង​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ រហូត​មក​ដល់​​ឆ្នាំ២០២២ ផលិតកម្ម​បាន​កើន​​​​រហូតដល់ ៨,៧លាន​គ្រឿង។ ក្រៅ​ពី​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក យុទ្ធសាស្ត្រ​ផ្លូវសូត្រ​ចិន​ក៏​នាំ​ចេញ​ទៅ​កាន់​បណ្ដាប្រទេស​នានា​នៅ​អាស៊ាន និង​បណ្ដា​ប្រទេស​ធំៗ​ដូចជា​ហូល្លង់ ឥណ្ឌា ណេប៉ាល់ ប៉េរូ និង​កូស្ដារីកា​ជាដើម។ ក្នុងនោះ​ឥណ្ឌូណេស៊ី​បាន​កុម្ម៉ង់​ម៉ូតូ​អគ្គិសនី(EV)​ រហូត​ដល់​ទៅ ២០ម៉ឺន​គ្រឿង ក្នុង​បេក្ខភាព​អាស៊ាន​រុញ​កំណើន​យានយន្ត​ប្រើប្រាស់​ថាពល​អគ្គិសនី ហើយ​ទំនោរ​នៃ ការ​ប្រើប្រាស់យានយន្ត EV ក៏​បន្ត​ងើប​បណ្ដើរៗ​ដូចគ្នា។

ស្រប​ទៅ​តាម​កម្រិត​នៃ​ម៉ូតូ យោង​ទៅ​តាម​ការ​ប្រកួតប្រជែង​ខ្លាំង​លើ​កម្រិត​បច្ចេកវិទ្យានិង​ការ​រចនា ម៉ូតូ​អាគុយ​ម៉ាក​ខ្លះ​អាច​បើក​បរ​បាន​ល្បឿន​លឿន រហូត​ដល់ ៦៥-៧៥គីឡូម៉ែត្រ/ម៉ោង​ក៏​បាន។ តម្លៃ​លក់​ក្នុង​ស្រុក​ម៉ូដែល​ខ្លះ​អត់​ដល់ ១០០​ដុល្លារ​អាមេរិក​ទេ។ ដោយ​ឃើញ​ពី​កត្តា​តម្លៃ ស្រប​ទៅ​តាម​តម្រូវការ​និង​កម្រិត​ជីវភាព​អ្នក​ប្រើប្រាស់ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេងសាំង តំណាងក្រុមហ៊ុន Guangxi Luyuan បាន​លើក​ឡើង​ថា ជាក់ស្ដែង​តម្លៃ​ម៉ូតូ​អាគុយ(EV) ពិត​ជា​ឆ្លើយ​ទៅ​ទៅ​នឹង​អ្វី​ដែល​អ្នក​ប្រើប្រាស់​ចង់​បាន ប៉ុន្តែ​នៅ​មាន​ឧបសគ្គ​ធំ​ដែល​ត្រូវ​ដោះ​ស្រាយ​គឺ តម្លៃ​ពន្ធ​នាំចូល​ខ្ពស់។

ប្រសិន​បើ​តម្លៃ​ពន្ធ​ទាប ឬ​ the base ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​កម្រិត​ល្អ​ណា​មួយ នោះ​វត្តមាន​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​ធំៗ​របស់​ខ្លួន​អាច​នឹង​បោះ​ទុន​ក្រោម​រូបភាព​ណាមួយ​លើ​ប្រទេស​ដែល​វាយ​តម្លៃ​ខ្ពស់​ដល់​ម៉ូតូ​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ​មិន​ខាន។ បើ​រាប់​ទិន្នន័យ​របស់​ក្រុមហ៊ុន Luyuan តែឯង ក្នុង​ការ​ផលិតយានយន្ត​អគ្គិសនីបាន ២៣ម៉ឺន​គ្រឿង​នៅ​ឆ្នាំ២០២១ ហើយ​ឆ្នាំ​បន្ទាប់សង្វាក់ផលិតកម្ម​បាន​កើន​ដល់ ៥២ម៉ឺន​គ្រឿង និង ៦៣ម៉ឺន​គ្រឿង​នៅ​ ៨ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣​នេះ។

The base ឬ "ផលិតកម្ម​យានយន្ត​ដើរ​ដោយ​ថាមពល​អេឡិចត្រូនិក ចិន-អាស៊ាន" ចាប់​ផ្ដើម​ដំណើរការ​សាងសង់​ឡើង​​ដោយ​រដ្ឋាភិបាលនៅ​ឆ្នាំ២០១៥ ​ស្ថិតនៅស្រុក ហ្គងប៊ី លើទឹកដី​ខេត្តហ្គងហ្គាង ​ប្រទេសចិន ក្នុងសួន​ឧស្សាហ៍កម្មអេកូជាតិ ក្នុង​ទំហំវិនិយោគ​ជាង ២ពាន់លានដុល្លារអាមេរិកលើផ្ទៃដីជិត ៧០០ហិកតា។

ដោយ៖ ជីព ចិត្ត

អត្ថបទពេញនិយម