តើ​អំបិល​មាន​ឥទ្ធិ​ពល​បែប​ណា​លើ​សម្ពាធ​ឈាម បេះ​ដូង​និង​តម្រង​នោម?​

  • 2023-10-17 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​គ្នា​យើង​ពិត​ជា​ធ្លាប់​ឮ​ការ​ណែ​នាំ ឬ​ការ​ប្រាប់​តៗគ្នា​ថា «ការ​ញ៉ាំ​​ប្រៃ​អាច​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​» ប៉ុន្តែ​​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា​ការ​ញ៉ាំ​ប្រៃ​ប៉ះពាល់​តម្រង​នោម​ និង​បេះដូង​បែប​ណា​ដែរ? ​​

តម្រង​នោម​របស់​យើង​ច្រោះ​ឈាម​​ជិត​១២០​លីត្រ​ក្នុង​មួយ​ថ្ងៃ​ៗ។ តម្រង​នោម​ជួយ​ចម្រោះ​ជាតិ​ពុល និង​សារជាតិ​ទឹក​ដែល​មិន​ត្រូវ​ការ​ចេញ​ពី​កោសិកា​ក្នុង​រាង​កាយ រួច​ក៏​បញ្ជូន​សារធាតុ​ទាំង​នោះ​ទៅ​ក្នុង​ប្លោក​នោម​។

ការ​ញ៉ាំ​អំបិល​ច្រើន​ ឬ​អាហារ​ប្រៃ​ៗ​ច្រើន​អាច​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹក ដែល​អាច​ធ្វើ​ឲ្យ​ជាតិ​ទឹក​ទាំង​នោះ​កើន​ឡើង​ក្នុង​ប្រព័ន្ធ​រាងកាយ និង​​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម​ដែរ​។

វដ្ដ​នៃ​ការ​ខូច​ខាត​

​នៅ​ពេល​យើង​ញ៉ាំ​អាហារ​ប្រៃ​ ឬ​អំបិល​លើស​កម្រិត​ក្នុង​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ឬ​លើស​សម្ពាធ​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​ចង្អៀត​។ ពេល​នោះ​ឈាម និង​អុកស៊ីសែន ហូរ​ទៅ​កាន់​សរីរាង្គ​សំខាន់​ៗ​របស់​រាង​កាយ​ក៏​ថយ​ចុះ​។ ដូច​នេះ​ បេះ​ដូង​ក៏​ខំ​បូម​ឈាម​កាន់​តែ​ខ្លាំង ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​កើន​ឡើង​ថែម​ទៀត​។

នៅ​ពេល​សម្ពាធ​ឈាម​ចេះតែ​បន្ត​កើន​ឡើង​ក្នុង​រយៈ​ពេល​យូរ​ គឺ​បេះ​ដូង​ក៏​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ដែរ​។ សម្ពាធ​នេះ​អាច​ធ្វើ​ឲ្យ​បេះ​ដូង​រីក​នៅ​ថត​ខាង​ឆ្វេង​ និង​ធ្វើ​ឲ្យ​សាច់​ដុំ​បេះដូង​ចុះ​ខ្សោយ​។​

ក្នុង​ករណី​ដែល​បញ្ហា​លើស​សម្ពាធ​ឈាម​មិន​បាន​ទទួល​កា​ព្យាបាល​ត្រឹម​ត្រូវ នោះ​បញ្ហា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ជញ្ជាំង​របស់​សរសៃ​ឈាម ដែល​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ដោយ​ខ្លាញ់ ជា​ហេតុ​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង និង​មាន​លទ្ធភាព​កាន់​តែ​ខ្ពស់​ក្នុង​ការ​កើត​ជា​បញ្ហា​គាំង​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។​

ការ​លើស​សម្ពាធ​ឈាម​និង​បញ្ហា​តម្រង​នោម

បញ្ហា​លើស​សម្ពាធ​ឈាម បាន​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​តម្រង​នោម​ដូច​គ្នា​​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹក ដែល​ការណ៍​អាច​នាំ​ឲ្យ​តម្រង​នោម​មាន​សម្លាក​ និង​កាត់​បន្ថយ​សមត្ថភាព​របស់​តម្រង​នោម​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ទឹក​​។​ បើ​សិន​ជា​សម្ពាធ​​លើ​តម្រង​នោម​នៅ​តែ​បន្ត​មាន​មិន​ឈប់ អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​អាច​នឹង​មាន​ជំងឺ​តម្រង​នោម ឬ​ខ្សោយ​តម្រង​នោម​ដែរ​។​

ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា​ខ្លួន​មា​នបញ្ហា​តម្រង​នោម​ឬ​អត់​នោះ​ទេ​ដរាប​ណា​មិន​ទាន់​​​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​​ដូច​ជា​ល្ហិតល្ហៃ ពិបាក​គេង ​មិន​សូវ​នោម ឬ​នោម​មាន​ឈាម ហើម​ជើង កជើង ឬ​ហើម​ជុំ​វិញ​ភ្នែក។

បើ​សិន​ជា​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​នេះ ហើយ​ជាពិសេស​​សម្រាប់​អ្នក​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ កំពុង​មាន​បញ្ហា​លើស​សម្ពាធ​ឈាម ឬ​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​សុខ​ភាព​តម្រង​នោម និង​បរិមាណ​អំបិល​ដែល​ត្រូវ​ញ៉ាំ​។

ប្រភព៖ Cleveland Clinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម