បញ្ហាសុខភាពទាំងនេះ អាចកើតចេញពីបញ្ហាលើសសម្ពាធឈាម
- 2023-10-16 14:12:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសុខភាពទាំងនេះ អាចកើតចេញពីបញ្ហាលើសសម្ពាធឈាម
លើសសម្ពាធឈាមសំដៅដល់កម្លាំងលំហូរឈាមនៅក្នុងសរសៃឈាមមានកម្រិតខ្ពស់ខ្លាំងជាប្រចាំ។ សម្ពាធឈាមធម្មតាគឺSystolic ក្រោម១២០មិល្លីម៉ែត្របារត និងDiastolic ក្រោម៨០មិល្លីម៉ែត្របារត (ក្រោម១២០/៨០)។
សម្រាប់អ្នកដែលគ្រូពេទ្យរកឃើញថាមានបញ្ហាលើសសម្ពាធឈាម ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ បញ្ហានេះនឹងអាចបង្កឲ្យមានផលវិបាកមួយចំនួនលើផ្នែកផ្សេងទៀតនៃរាងកាយ។
បញ្ហាដែលអាចកើតចេញពីការលើសសម្ពាធឈាមដែលមិនបានព្យាបាលត្រឹមត្រូវ ឬគ្រប់គ្រងមិនបានល្អមានដូចជា៖
បញ្ហាគាំងបេះដូង៖ សម្ពាធឈាមខ្ពស់អាចបំផ្លាញសរសៃឈាមដែលអាចរាំងស្ទះ ឬទប់ស្កាត់ឈាមមិនឲ្យហូរទៅកាន់សាច់ដុំបេះដូងបានគ្រប់គ្រាន់។
គ្រោះថ្នាក់សរសៃឈាមខួរក្បាល៖ សម្ពាធឈាមខ្ពស់អាចបង្កឲ្យសរសៃឈាមដែលនាំឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាលស្ទះ ឬបែក។
ខ្សោយបេះដូង៖ សម្ពាធឈាមខ្ពស់ធ្វើឲ្យបេះដូងធ្វើការកាន់តែធ្ងន់ និងធ្វើឲ្យបេះដូងរីក ឬខ្សោយក្នុងការផ្គត់ផ្គង់ឈាមទៅកាន់រាងកាយ។
ជំងឺតម្រងនោម ឬខ្សោយតម្រងនោម៖ សម្ពាធឈាមខ្ពស់អាចធ្វើឲ្យខូចខាតនូវសរសៃឈាននៅជុំវិញតម្រងនោម និងអាចរំខានដល់លទ្ធភាពរបស់តម្រងនោមក្នុងការច្រោះឈាម។
បាត់បង់គំហើញ៖ សម្ពាធឈាមខ្ពស់អាចបំផ្លាញសរសៃឈាមនៅជុំវិញភ្នែក។
ខ្សោយផ្លូវភេទ៖ បញ្ហាលើសសម្ពាធឈាមអាចធ្វើឲ្យខ្សោយលិង្គ ឬលិង្គពិបាកឡើងរឹង ចំណែកឯស្រ្តីវិញក៏អាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះដែរ។
ជំងឺបេះដូង៖ សម្រាប់អ្នកមានបញ្ហាលើសសម្ពាធឈាមដែលមិនបានព្យាបាលត្រឹមត្រូវ ឬគ្រប់គ្រងមិនបានល្អក្នុងរយៈពេលយូរ ក៏អាចធ្វើឲ្យមានជំងឺបេះដូងដែរ ហើយអាការៈចុកទ្រូងជារោគសញ្ញាទូទៅនៃជំងឺនេះ។
បង្ការបញ្ហាទាំងនេះ អ្នកមានបញ្ហាលើសសម្ពាធឈាមត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យដូចជាការប្រើប្រាស់ថ្នាំទៀងទាត់ មានរបបអាហារល្អចំពោះសុខភាព ហាត់ប្រាណ និងតាមដានវាស់សម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតណែនាំជាដើម។