រួមភេទ​លើក​​ទី​១ អាច​មាន​ផ្ទៃពោះ​អត់?​

  • 2023-10-17 06:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ក្មេង​ស្រី​ ឬ​មនុស្ស​ស្រី​ក្នុង​វ័យ​បន្ត​ពូជ ក៏​អាច​នឹង​មាន​ផ្ទៃ​ពោះ​បាន​ដែរ​បើ​ទោះ​បី​ជា​ការ​រួម​ភេទ​ធ្វើ​ឡើង​​ជា​លើក​ដំបូង​ក៏​ដោយ​។ រាល់​ពេល​ដែល​មនុស្ស​ស្រី​រួម​ភេទ​តាម​ទ្វារ​មាស ​ជាមួយ​នឹង​បុរស​ណា​ម្នាក់ ភាគី​ខាង​ស្រី​នឹង​ប្រឈម​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​។ ទោះ​បី​ជា​ភាគី​ខាង​ប្រុស​បាន​ប្រើ​វិធី​​បាញ់​ទឹក​កាម​នៅ​​ខាង​ក្រៅ​ប្រដាប់​ភេទ​ខាង​ស្រី ឬ​ដក​លិង្គ​ចេញ​ពី​ប្រដាប់​ភេទ​ខាង​ស្រី​មុន​ពេល​ចេញ​ទឹក​កាម ក៏​នៅ​តែ​មាន​ឱកាស​ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​មាន​ផ្ទៃ​ពោះ​ដូច​គ្នា​។​

ក្រៅ​ពី​ការ​ប្រឈម​នឹង​ការ​មាន​ផ្ទៃ​ពោះ ការ​រួម​ភេទ​មិន​បាន​ការ​ពារ ទោះបី​ជា​លើក​ដំបូង​ក៏​ដោយ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​កាម​រោគ​បាន​ដែរ។ រាល់​ពេល​នៃ​ការ​រួម​ភេទ​មិន​ថា​តាម​មាត់ តាម​រន្ធ​គូទ ឬ​តាម​ទ្វារ​មាស គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​កាម​រោគ​បើ​សិន​ជា​មិន​បាន​ការពារ​ត្រឹម​ត្រូវ​។

ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ ឬ​ឆ្លង​ជំងឺ​កាម​រោគ យើង​ត្រូវ​អនុវត្ត​វិធី​មួយ​ចំនួន​៖

តម​ការ​រួម​ភេទ​៖ វិធី​ដែល​ល្អ​បំផុត​មិន​ឲ្យ​មាន​ផ្ទៃពោះ ឬ​ឆ្លង​ជំងឺ​កាម​រោគ​គឺ​តម​ការ​រួម​ភេទ ឬ​កុំ​ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ​មិន​ថា​រួម​ភេទ​តាម​មាត់ តាម​រន្ធ​គូទ​ឬ​ទ្វារ​មាស​។

ប្រើ​ប្រាស់​ស្រោម​អនាម័យ​៖ ​បើ​សិន​ជា​យើង​ត្រូវ​ការ​រួម​ភេទ ហើយ​មិន​ទាន់​ចង់​បាន​កូន ឬ​មិន​ចង់​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កាម​រោគ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​​ជា​ជម្រើស​ល្អ​បំផុត​មួយ​។ ភាគី​ខាង​ស្រី ត្រូវ​និយាយ​ជាមួយ​ដៃ​គូ​ឲ្យ​បាន​ច្បាស់​លាស់​ពី​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​នៅ​ពេល​រួម​ភេទ ព្រោះ​ថា​ការ​ប្រើ​ប្រាស់​ស្រោម​ជា​វិធី​ការ​ពារ​ទាំង​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​ និង​ឆ្លង​ជំងឺ​កាម​រោគ​។ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​គឺ​ជា​ការ​ចាំ​បាច់ មិន​មាន​​ថា​ប្រើ​ក៏​បាន​អត់​ក៏​បាន​នោះ​ទេ បើ​យើង​មិន​ទាន់​ចង់​បាន​កូន ឬ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កាម​រោគ​។

ក្នុង​ករណី​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ ឬ​មាន​បញ្ហា​បែក​ស្រោម​ពេល​រួម​ភេទ ​បើ​ភាគី​ខាង​ស្រី​បារម្ភ​ពី​បញ្ហា​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ​គួរ​ស្វែង​រក​ឱសថ​សម្រាប់​លេប​ដែល​គេ​ស្គាល់​ថា​ជា​ថ្នាំ​៧២​ម៉ោង ឬ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ហើយ​បើ​សង្ស័យ​ថា​ដៃគូ​មាន​ជំងឺ​កាម​រោគ មិន​ថា​ភាគី​ខាង​ស្រី ឬ​ប្រុស គួរ​ស្វែង​រក​ការ​ធ្វើ​តេស្ត​ជំងឺ​កាម​រោគ​ដូច​គ្នា​។

​មួយ​វិញ​ទៀត​ក្នុង​ករណី​ធ្លាប់​រួម​​ភេទ ឬ​គិត​ថា​នឹង​បន្ត​ការ​រួម​ភេទ ភាគី​ខាង​ស្រី​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​ពន្យារ​កំណើត​​បើ​មិន​ទាន់​ចង់​មាន​ផ្ទៃពោះ​។ ដូច​គ្នា​ដែរ ​ការ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​អំពី​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កាម​រោគ​ និង​វិធី​ការពារ​ជំងឺ​កាម​រោគ​ក៏​គួរ​ធ្វើ​ដែរ ដើម្បី​ធានា​ថា​យើង និង​ដៃ​គូរ​បាន​រួម​ភេទ​ដោយ​សុវត្ថិ​ភាព​នៅ​ពេល​ខាង​មុខ​។

ប្រភព៖ kidshealth ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម