ហេតុអ្វីគួរអប់រំក្មេងប្រុសឲ្យយល់ដឹងពីវដ្ដរដូវរបស់ក្មេងស្រី?
- 2023-10-07 08:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីគួរអប់រំក្មេងប្រុសឲ្យយល់ដឹងពីវដ្ដរដូវរបស់ក្មេងស្រី?
ក្មេងប្រុសមិនមានមករដូវទេ តើចាំបាច់អ្វីដែលត្រូវឲ្យក្មេងប្រុសស្វែងយល់ពីរឿងមករដូវ? ការសិក្សាមួយចំនួនលើកឡើងថាដើម្បីកុំឲ្យក្មេងស្រីត្រូវក្មេងប្រុសចំអកចំអន់រឿងមករដូវ គឺត្រូវតែមានការអប់រំ រឿងវដ្ដរដូវទៅដល់ក្មេងប្រុសៗដែរ មិនមែនអប់រំតែក្មេងស្រីៗទេ។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលក្រុមអ្នកស្រាវជ្រាវថាក្មេងប្រុសគួរទទួលការអប់រំរឿងវដ្ដរដូវដែរ។
ការមករដូវជារឿងធម្មជាតិ៖ ការអប់រំពីវដ្ដរដូវដល់ក្មេងប្រុស គឺអាចធ្វើឲ្យពួកគេយល់ច្បាស់ថាការមករដូវមិនមែនជារឿងគួរឲ្យរអើម ឬខ្មាសអៀនអ្វីទេ តែវាជាដំណើរធម្មតានៃរាងកាយរបស់មនុស្សស្រីពេញវ័យ។
ផ្ដល់ការយល់ចិត្ត៖ ពេលក្មេងប្រុសបានដឹងពីបញ្ហាមករដូវ អាចធ្វើឲ្យពួកគេយល់ពីអ្វីដែលមនុស្សស្រីជួបប្រទះប្រចាំខែ រួមមានទាំងម្ដាយ បងស្រី ឬប្អូនស្រី មិត្តភក្ដិស្រីៗ ក៏ដូចជាអនាគតភរិយារបស់ពួកគេផងដែរ។ នៅពេលដែលក្មេងប្រុសដឹងដូចនេះ នឹងអាចកាត់បន្ថយការចំអកចំអន់លើក្មេងស្រីពេលមករដូវ។
កាត់បន្ថយភាពអៀនខ្មាស៖ ដើម្បីកាត់បន្ថយភាពអៀនខ្មាសចំពោះការមករដូវ ការអប់រំដើរតួយ៉ាងសំខាន់។ ការបង្រៀនទាំងក្មេងប្រុស និងក្មេងស្រីពីដំណើរការប្រព្រឹត្តិទៅនៃវដ្ដរដូវ និងការបើកឲ្យមានការជជែកដោយចំហលើប្រធានបទនេះ នឹងអាចជម្រះការយល់ច្រឡំនានាលើការមករដូវ និងជួយឲ្យក្មេងស្រីអាចថែរក្សាអនាម័យខ្លួនប្រាណបានល្អ និងនិយាយទៅអ្នកដទៃបើសិនជាមានបញ្ហា។
សុវត្ថិភាពពេលរួមភេទ៖ ក្មេងប្រុសដែលបានយល់ដឹងពីវដ្ដរដូវរបស់ស្រ្តី អាចជួយឲ្យពួកគេមានចំណេះដឹងទាក់ទងនឹងការរួមភេទដែរនៅពេលពួកគេធំពេញវ័យ និងមានដៃគូរួមភេទ។ ការយល់ច្បាស់ពីវដ្ដរដូវអាចជួយឲ្យគេអនុវត្តការរួមភេទដោយសុវត្ថិភាព និងបង្ការដៃគូពីការមានផ្ទៃពោះដោយចៃដន្យផងដែរ។