តើការត្រូវទឹកភ្លៀងពិតជាអាចធ្វើឲ្យយើងផ្តាសាយមែនទេ?

  • 2023-10-09 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកណាខ្លះតែងគិតថា ពេលដើរកាត់ភ្លៀង ឬត្រូវសើមទឹកភ្លៀងអាចធ្វើឲ្យយើងឈឺផ្តាសាយ? តើអ្នកដែលគិតទេ ថាការគិតនេះជាការពិតដែរឬទេ? ថ្ងៃនេះ កញ្ញានឹងបកស្រាយចម្ងល់នេះឲ្យអ្នកទាំងអស់គ្នាបានដឹង។

មនុស្ស​ជា​ច្រើន​យល់ច្រលំថាត្រូវទឹកភ្លៀងអាចធ្វើឱ្យយើងកើតផ្តាសាយ។ តាមពិតទៅ ទឹកភ្លៀងមិនអាចធ្វើឱ្យអ្នកឈឺទេ។ ទោះជាយ៉ាងណាក៏ដោយ ការត្រូវទឹកភ្លៀង និងត្រូវត្រជាក់ក្នុងរយៈពេលយូរអាចបន្ថយសីតុណ្ហភាពរាងកាយ ដែលជាលទ្ធផលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ដែលធ្វើឱ្យយើងប្រឈមនឹងការឆ្លងជំងឺផ្តាសាយ។

តើឈឺផ្តាសាយដោយរបៀបណា បើមិនមែនដោយសារទឹកភ្លៀងនោះ?

ការត្រូវទឹកភ្លៀងយូរ ឬការរត់ក្នុងភ្លៀងមិនធ្វើឱ្យយើងឈឺទេ ព្រោះទឹកភ្លៀងមិនចម្លងមេរោគនោះឡើយ។ ផ្ទុយទៅវិញ មេរោគដែលបង្កឱ្យកើតជំងឺផ្តាសាយ និងជំងឺគ្រុនផ្ដាសាយ ត្រូវបានឆ្លងកាត់តាមរយៈសារធាតុរាវក្នុងខ្លួនរបស់អ្នកផ្ទុកជំងឺ។

នោះមានន័យថា វាជាទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សឈឺរួមមាន ការប៉ះផ្ទៃដែលមានទឹកមាត់ដែលមានមេរោគ បន្ទាប់មកយកមកប៉ះភ្នែក មាត់ ឬច្រមុះរបស់យើងទៅវិញទេដែលជាមូលហេតុធ្វើឲ្យឈឺ។

ទោះបីវាជាការពិតដែលមនុស្សច្រើនឈឺក្នុងរដូវត្រជាក់ និងរដូវវស្សា ប៉ុន្តែនេះទំនងជាមកពីការនៅក្នុងផ្ទះ ឬបន្ទប់បិទជិតក្នុងរយៈពេលយូរទៅវិញទេ។ ការស្រាវជ្រាវបានបង្ហាញថា មេរោគផ្តាសាយ និងគ្រុនផ្តាសាយទំនងជាលូតលាស់ក្នុងស្ថានភាពត្រជាក់ និងស្ងួត។

មេរោគទាំងនេះមិនអាចចម្លងទៅរលូនឡើយក្នុងស្ថានភាពសើម ដូចជាភ្លៀងនោះ។ ដូច្នេះ អាកាសធាតុអាប់អួរ និងមេឃភ្លៀងអាចត្រឹមផ្តល់ឱកាសដោយប្រយោលឱ្យមេរោគឆ្លងទៅកាន់មនុស្សដែលនៅជិតខ្លួនពួកគេកាន់តែច្រើន។

ហេតុអ្វីបានជាអ្នកឈឺផ្តាសាយ?

ខណៈពេលដែលរាងកាយមិនអាចឆ្លងមេរោគផ្តាសាយក្នុងពេលភ្លៀង យើងអាចនឹងទទួលបានភាពត្រជាក់ដែលធ្វើឱ្យសីតុណ្ហភាពរាងកាយរបស់ធ្លាក់ចុះ ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ជាទូទៅ សំណើមអាចធ្វើឱ្យរាងកាយពិបាកក្នុងការគ្រប់គ្រងសីតុណ្ហភាព នេះដោយសារនៅពេលរាងកាយត្រូវបានគ្របដណ្តប់ដោយទឹកភ្លៀង ឬញើស រាងកាយនឹងបាត់បង់កម្ដៅ ព្រោះវាបង្កឲ្យមានប្រតិកម្មរំហួតសំណើមចេញពីស្បែករហូតឥតឈប់ឈរ។

ការស្រាវជ្រាវបានរកឃើញថាការធ្លាក់ចុះនៃសីតុណ្ហភាពរាងកាយអាចបន្ថយការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ក្នុង​ការជួយប្រយុទ្ធប្រឆាំងនឹងមេរោគ។ ជាលទ្ធផល យើងអាចនឹងងាយឆ្លងមេរោគប្រសិនបើមានអារម្មណ៍ថារាងកាយចុះត្រជាក់អំឡុងពេល ឬបន្ទាប់ពីត្រូវទឹកភ្លៀង។

ការស្រាវជ្រាវថ្មីមួយចំនួនបានបញ្ជាក់ថា នៅពេលរាងកាយអ្នកចុះត្រជាក់ សរសៃឈាមច្រមុះរបស់អ្នកនឹងរួមតូច។ ជាលទ្ធផល វាអាចបង្ការកោសិកាឈាម-ស មិនឱ្យទៅដល់ភ្នាសរំអិល ដែលធ្វើឲ្យវាមិនអាចជួយយើងកម្ចាត់មេរោគក្នុងច្រមុះបាន។

ប្រភព៖ Health.com អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម