តើក្មេងមានអូទីហ្សឹមត្រូវការការព្យាបាល និងការអន្តរាគមន៍បែបណាខ្លះ?
- 2023-10-02 11:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើក្មេងមានអូទីហ្សឹមត្រូវការការព្យាបាល និងការអន្តរាគមន៍បែបណាខ្លះ?
បច្ចុប្បន្នការព្យាបាលលើក្មេងមានអូទីហ្សឹម គឺដើម្បីជួយកាត់បន្ថយរោគសញ្ញាដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ។ អូទីហ្សឹមបង្កផលប៉ះពាល់ខុសៗគ្នាពីក្មេងម្នាក់ទៅម្នាក់ ដែលនេះមានន័យថាអ្នកមានបញ្ហាអូទីហ្សឹមក៏មានភាពខ្លាំងជាពិសេសរបស់ខ្លួន ហើយក៏អ្នកខ្លះទៀតមានបញ្ហាប្រឈមខ្លាំងដែរ ជាហេតុនាំឲ្យអ្នកទាំងនោះត្រូវតែទទួលការព្យាបាលត្រឹមត្រូវ។ ផែនការព្យាបាលត្រូវរៀបចំឡើងជាពិសេសទៅតាមតម្រូវការជាក់ស្ដែងរបស់ក្មេងៗម្នាក់ៗ។
ការអប់រំលើអាកប្បកិរិយា គឺផ្ដោតសំខាន់លើការកែប្រែអាកប្បកិរិយា ដោយត្រូវព្យាយាមយល់ថាមានអ្វីកើតឡើងមុន និងក្រោយនៃការមានអាកប្បកិរិយាណាមួយ។ ការព្យាបាលផ្នែកអាកប្បកិរិយានេះជាវិធីព្យាបាលមួយដែលអ្នកអប់រំ និងគ្រូពេទ្យជាច្រើនបានទទួលស្គាល់យ៉ាងទូលំទូលាយ និងក៏មានដាក់ឲ្យអនុវត្តនៅតាមសាលារៀនពិសេស និងគ្លីនិកផងដែរ។
ការអប់រំលើការលូតលាស់នេះមានគោលបំណងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍជំនាញដូចជាជំនាញភាសា ឬជំនាញខាងកាយសម្បទា។ វិធីសាស្រ្តអប់រំនេះជានិច្ចកាលត្រូវធ្វើរួមគ្នាជាមួយនឹងការអប់រំអាកប្បកិរិយា។ ការអប់រំផ្នែកភាសា និងការនិយាយស្ដីនឹងជួយឲ្យក្មេងមានបញ្ហាអូទីហ្សឹមបានយល់ខ្លឹមសារ និងអាចប្រើភាសាបានល្អ ព្រោះថាក្មេងអូទីហ្សឹមខ្លះអាចនិយាយទាក់ទងគ្នាបាន ខណៈក្មេងខ្លះប្រើកាយវិការ សញ្ញា ឬរូបភាពក្នុងទំនាក់ទំនង។
វិធីព្យាបាលមួយប្រភេទនេះត្រូវធ្វើឡើងក្នុងថ្នាក់រៀន។ ការអប់រំបែបនេះ គឺគ្រូបង្រៀននឹងរបៀបរបៀបបង្រៀនក្នុងថ្នាក់ឲ្យស្របតាមតម្រូវការជាក់ស្ដែងរបស់ក្មេងដើម្បីធ្វើឲ្យក្មេងអាចមានលទ្ធភាពរៀនសូត្របាន។ ជាក់ស្ដែងសម្រាប់ការបង្រៀនប្រចាំថ្ងៃ គ្រូអាចបង្រៀនដោយមានទាំងសរសេរ គូររូប និងដាក់សញ្ញាជាក់លាក់នៅតាមកន្លែងមួយៗ។ សម្រាប់ការទាក់ទងគ្នាវិញអាចមានទាំងការបង្ហាញជារូបភាព និងកាយវិការផងដែរ។
ការអប់រំនេះធ្វើឡើងក្នុងគោលបំណងជួយកសាងជំនាញទំនាក់ទំនងក្នុងសង្គមដល់ក្មេង និងការមានទំនាក់ទំនងផ្នែកអារម្មណ៍ផងដែរ ដែលពេលខ្លះត្រូវការការចូលរួមពីឪពុកម្ដាយ និងគ្រូព្រមគ្នា។
ជាការពិតគ្មានថ្នាំសម្រាប់ព្យាបាលបញ្ហាអូទីហ្សឹមនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំគឺដើម្បីព្យាបាលលើរោគសញ្ញាអមមកជាមួយ។ ការព្យាបាលបែបនេះធ្វើឡើងក្នុងគោលបំណងជួយក្មេងមានអូទីហ្សឹមឲ្យមានការរស់នៅប្រសើរឡើង។ ជាក់ស្ដែងថ្នាំអាចជួយឲ្យមានថាមពលរាងកាយ គ្រប់គ្រងលើអាកប្បកិរិយាដែលធ្វើបាបខ្លួនឯង ដូចជាបោកក្បាល ឬខាំដៃ។ ថ្នាំក៏អាចជួយគ្រប់គ្រងលើបញ្ហាផ្លូវចិត្តដូចជាការថប់បារម្ភ ឬបាក់ទឹកចិត្ត ជាពិសេសគ្រប់គ្រងលើអាការៈប្រកាច់ ពិបាកគេង ឬបញ្ហាក្រពះពោះវៀនជាដើម។
បើប៉ាម៉ាក់សង្ស័យថាកូនមានបញ្ហាអូទីហ្សឹម គួរឆាប់ស្វែងរកជំនួយពីគ្រូពេទ្យ។ ការទទួលបានការព្យាបាល និងអន្តរាគមន៍បានទាន់ពេលវេលាគឺអាចជួយកូនមានស្ថានភាពប្រសើរឡើង។