តើ​អ្វី​ជា​អូទីហ្សឹម?​ សម្គាល់បែបណា​ដឹងថាក្មេងមានអូទីហ្សឹម?

  • 2023-10-01 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អូទីហ្សឹម គឺ​ជា​ការ​វិវត្ត​នៃ​ភាព​មិន​ប្រក្រតី​ប្លែកៗ​គ្នា​នៅ​ក្នុង​ខួរក្បាល។ អ្នក​មាន​បញ្ហា​អូទីស្សឹម​តែង​តែ​​ជួប​បញ្ហា​ទំនាក់​ទំនង​សង្គម ការ​ឆ្លើយ​​តប​ទៅ​នឹង​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ច្រើន​តែ​បង្ហាញ​នូវ​កាយវិការ​ ឬ​ចំណាប់​អារម្មណ៍​ដដែល។ អ្នក​មាន​បញ្ហា​អូទីហ្សឹម​ក៏​អាច​មានភាព​​ផ្សេង​ពី​អ្នក​ដទៃ​លើ​ការ​សិក្សា​រៀន​សូត្រ ការ​លេង និង​ការ​ធ្វើ​ចលនា​ជា​ដើម​។ អ្នក​មិន​មាន​បញ្ហា​អូទីហ្សឹម​ពេល​ខ្លះ​ក៏​មាលក្ខណៈ​ ដូច​គ្នា​នេះ​ដែរ គ្រាន់​តែ​ថា​សម្រាប់​អ្នក​មាន​បញ្ហា​អូទីហ្សឹម បញ្ហា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​គេ​ជួប​ការ​លំបាក​ខ្លាំង​​ក្នុង​ជីវិត​។ យ៉ាងណា ការ​ទទួល​បាន​ការ​ថែទាំ​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​នេះ​ទទួល​បាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​ដែរ​។

​អូទីហ្សឹម​អាច​កើត​ឡើង​ដោយ​កត្តា​ហ្សែន និង​បរិស្ថាន​។ អ្នក​មាន​បញ្ហា​អូទីហ្សឹម​មាន​ទាំង​ភាព​ខ្លាំង និង​កត្តា​ប្រឈម​។ អ្នក​មាន​អូទីហ្សឹម​វិធី​រៀន ការ​គិត និង​ការ​ដោះ​ស្រាយ​បញ្ហា​ក៏​អាច​មាន​កម្រិត​ជំនាញ​ខ្ពស់ ហើយ​ក៏​អាច​មាន​អ្នក​ខ្សោយ​ពិបាក​ផង​ដែរ។ អ្នក​មាន​អូទីហ្សឹម​ខ្លះ​ត្រូវ​រស់​នៅ​ដោយ​មាន​ការ​ជួយ​ពី​អ្នក​ដទៃ​ច្រើន​ ខណៈ​អ្នក​ខ្លះ​អាច​ត្រូវ​ការ​ជំនួយ​តិច​តួច និង​មាន​អ្នក​ខ្លះ​ទៀត​អាច​រស់​នៅ​ដោយ​ឯករាជ្យ​ផង​ដែរ។

សញ្ញា​នៃ​អូទីហ្សឹម​អាច​លេច​ចេញ​នៅ​ពេល​ក្មេង​មាន​អាយុ​២ ឬ៣​ឆ្នាំ​។ ក្មេង​ខ្លះ​អាច​បង្ហាញ​សញ្ញា​យូរ​ជាង​នេះ ឬ​ខ្លះ​អាច​លឿន​ជាង​នេះ តែ​ជា​ទូទៅ​គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថា​ក្មេង​មាន​អូទីហ្សឹម​ឬ​អត់​នៅ​អាយុ​១៨​ខែ​។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ការ​ជួយ​អន្តរាគមន៍​លើ​ក្មេង​អូទីហ្សឹម​បាន​កាន់តែ​លឿន លទ្ធ​ផល​ដែល​ទទួល​បាន​ក៏​កាន់​តែ​ល្អ​នៅ​ពេល​ក្មេង​មាន​វ័យ​កាន់​តែ​ធំ​។

ក្មេង​អូទីហ្សឹម​នឹង​ទំនាក់ទំនង​ក្នុង​សង្គម

ក្មេង​មាន​អីទីហ្សឹម​អាច​មាន​បញ្ហា​ក្នុង​ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ និង​ការ​បង្កើត​ទំនាក់​ទំនង​ក្នុង​សង្គម​។ ខាង​ក្រោម​នេះ​ជា​សញ្ញា​នៃ​បញ្ហា​មួយ​ចំនួន​នៃ​បញ្ហា​ទំនាក់ទំនង​ក្នុង​សង្គម​របស់​ក្មេង​ដែល​មាន​អូទីហ្សឹម​។

  • ចៀសវាង ឬ​មិន​មើល​ភ្នែក​ដៃគូ​សន្ទនា
  • មិន​ឆ្លើយ​តប​នឹង​ការ​ហៅ​ឈ្មោះ​នៅ​អាយុ​៩ខែ
  • មិន​បង្ហាញ​អារម្មណ៍​រំភើប ខឹង ឬ​សប្បាយ​នៅ​អាយុ​៩ខែ
  • មិន​ប្រើ ឬ​ប្រើ​កាយវិការ​តិចតួច​នៅ​វ័យ​១២​ខែ ដូច​ជា​ការ​មិន​ចេះ​លើក​ដៃ​លា
  • មិន​ចាប់​អារម្មណ៍​លើ​របស់​ជុំវិញ​ខ្លួន ឬ​មិន​បង្ហាញ​ថា​ខ្លួន​ចូល​ចិត្ត​របស់​ណា​មួយ​នៅ​វ័យ​១៥ខែ
  • មិន​ចង្អុល​ទៅ​កាន់​របស់​ដែល​ខ្លួន​​ចូល​ចិត្ត​នៅ​វ័យ​១៨ខែ
  • មិន​មាន​អារម្មណ៍​ដឹង​ពី​ការ​ពិបាកចិត្ត ឬ​ការ​ឈឺ​ចាប់​របស់​អ្នក​ដទៃ​នៅ​វ័យ​២៤​ខែ
  • មិន​ចូល​លេង​ជាមួយ​ក្មេង​ដទៃ​នៅ​វ័យ​៣៦​ខែ
  • មិន​ច្រៀង មិន​រាំ ឬ​មិន​សម្ដែង​ជា​អ្វី​មួយ​នៅ​វ័យ​៦០​ខែ​​

សញ្ញា​លើ​អាកប្បកិរិយា

ក្មេង​មាន​អូទីហ្សឹម​អាច​មាន​ចំណាប់​អារម្មណ៍ ឬ​កាយវិការ​ខុស​ពី​ក្មេង​ដទៃ​។ កាយវិការ​ទាំង​នោះ​អាច​មាន​ដូច​ជា៖

  • និយាយ​តែ​ពាក្យ ឬ​ឃ្លាដដែលៗ
  • លេង​របស់​លេង​ក្នុង​ទម្រង់​ដដែល
  • ចូល​ចិត្ត​ផ្ដោត​លើ​តែ​ផ្នែក​ណា​មួយ​នៃ​វត្ថុ
  • ងាយ​តូច​ចិត្ត​លើ​រឿង​បន្តិច​បន្តួច
  • មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​អ្វី​មួយ​
  • មាន​ទម្លាប់​ជាក់​លាក់​
  • មាន​ប្រតិកម្ម​ខុស​ធម្មតា​លើ​សំឡេង ក្លិន រសជាតិ ឬ​ក៏​តម្លៃ

​យ៉ាងណា​​មិន​មែន​ក្មេង​មាន​អូទីហ្សឹម​សុទ្ធ​តែ​មាន​គ្រប់​នូវ​ចំណុច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ទេ។ បើ​ប៉ា​ម៉ាក់​សង្ស័យ​ថា​កូន​​អាច​មាន​បញ្ហា​អូទីហ្សឹម គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​ ។ គ្រូ​ពេទ្យ​អាច​វាយ​តម្លៃ​ថា​ក្មេង​មាន​អូទីហ្សឹម​ឬ​អត់​ដោយ​ផ្អែក​លើ​ប្រវត្តិ​នៃ​ការ​លូត​លាស់ និង​អាកប្បកិរិយា​របស់​ក្មេងៗ​ទាំង​នោះ​។

ប្រភព៖ CDC ប្រែសម្រួល៖ សុខា