ម៉ាក់ៗមានកូនតូចគួរដឹងពីរឿងទាំង៥ អាចធ្វើឲ្យកូនឧស្សាហ៍ឈ្លក់ទឹកដោះ

  • 2023-10-02 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបំបៅ គឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារកក្រោម​៦ខែ មិនថាជាការបំបៅទឹកដោះគោ ឬទឹកដោះម្តាយនោះទេ។ យ៉ាងណាមិញ ការបំបៅមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ថែមទៀតផង។

អ្វីទៅជាការឈ្លក់ទឹកដោះ?

ការឈ្លក់ទឹកដោះ ជាការលេបចូលទឹកដោះដោយចៃដន្យរបស់ទារកចូលទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។

កត្តាអ្វីខ្លះដែលធ្វើឲ្យទារកឈ្លក់?

មូលហេតុអាចបណ្តាលឲ្យទារកឈ្លក់ មានដូចជា៖

  • ទារកដែលកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់
  • ទារកដែលមានបញ្ហាបេះដូង
  • ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
  • ទារកដែលក្អែរញឹកញាប់
  • ក្រៅពីនេះក៏មានការរៀបចំស្ថានភាពឲ្យទារកបៅ ឬការបំបៅមិនបានត្រឹមត្រូវជាដើម
តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?

ទារកឈ្លក់ទឹកដោះ អាចប្រឈមនឹងផលវិបាកដូចជា៖

  • អាចបង្កឲ្យមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួត ពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
  • ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
  • ទារកអាចនឹងមិនសូវឡើងទម្ងន់
តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?

ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។ រោគសញ្ញាអាចមាន៖

  • លែងចង់បៅ ឬងាកចេញ
  • ប្តូរពណ៌សម្បុរពីក្រហម ទៅជាស្វាយ ឬខ្មៅ
  • ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម
  • ក្អក ពេលកំពុងបៅ ឬក្រោយបៅ
  • ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់
តើម៉ាក់ៗគួរធ្វើដូចម្តេចកុំឲ្យទារកឈ្លក់ទឹកដោះ?

ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។ ដូច្នេះម្តាយគួរ៖

  • បំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ

  • រៀបចំស្ថានភាពទារកឲ្យបានត្រឹមត្រូវដោយលើកទារកបញ្ឆិតឲ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ

  • ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឲ្យបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់ឲ្យទារកគេងលើផ្ទៃរាបស្មើវិញ

  • ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង

ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់ គប្បីមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលា។ ម៉ាក់ៗជាម្តាយគួរចងចាំថា “ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម