ហេតុ​អ្វី​ពេល​មក​រដូវ​ខ្ញុំ​ឧស្សាហ៍​មាន​អារម្មណ៍​ចង់​ក្អួត ឬ​ចង្អោរ?

  • 2023-09-25 04:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​យើង​មួយ​ចំនួន​អាចជួប​ងាការៈ​ចង្អោរ វិល​មុខ ឬ​ឈឺ​ក្បាល​ពេល​កំពុង​មក​រដូវ​ពិត​អត់? គ្រូពេទ្យ​មិន​ទាន់​អាច​​បញ្ជាក់​បាន​ទេ​ថា​មូល​ហេតុ​អ្វី​បាន​ជា​កើត​មាន​អាការៈ​បែប​នេះ​ ប៉ុន្តែ​​ការ​ប្រែ​ប្រួល​អ័រម៉ូន​អំឡុង​ពេល​មក​រដូវ​នេះ​ហើយ​ដែល​គេ​ជឿ​ថា​ជា​​​ដើម​ចម​នៃ​អាការៈទាំង​នេះ​។​

អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ ឬមុន​មក​រដូវ​

អាការៈ​ឈឺ​ចាប់​មុន​មក​រដូវ ឬ​​ពេល​មក​រដូវ​អាច​មាន​សភាព​ផ្សេងៗ​គ្នា​ពី​ស្រ្តី​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ​ស្រីៗ​យើង​ខ្លះ​អាច​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន និង​ឈឺ​ចាប់​មុន​ពេល​មក​រដូវ ឬ​ក៏​ពេល​មក​រដូវ​នៅ​ខែ​នីមួយៗ​តែម្ដង​។ ​សម្រាប់​ស្រ្តី​ខ្លះ​ទៀត​អាច​មាន​អាការៈ​ឈឺ​ចាប់​ ឬ​មិន​ស្រួល​ខ្លួន​បន្ទាប់​ពី​ថ្ងៃ​ធ្លាក់​មេជីវិត​ញី​ទៅ​វិញ​។ អាការៈ​ទាំង​នេះ​ជា​ទូ​ទៅ​​អាច​កើត​មាន​ក្នុង​រង្វង់​១០​ទៅ​១៦​ថ្ងៃ​មុន​ពេល​ចាប់​ផ្ដើម​ធ្លាក់​ឈាម​រដូវ​ ដែល​វា​​អាស្រ័យ​​លើ​វដ្ដ​រដូវ​របស់​​ស្រីៗ​យើង​ម្នាក់ៗ​។​ ចំពោះ​អាការៈឈឺចាប់​មុន ឬ​ពេល​មក​រដូវ​អា​ច​មាន​កម្រិត​ពី​ស្រាល​ទៅ​ធ្ងន់ និង​មាន​រយៈពេល​ពី​​១ទៅ៣​ថ្ងៃ​។​

រោគ​សញ្ញា​ផ្សេងៗ​ទៀត​មាន​ដូច​ជា​​ ចង្អោរ រាក ទល់លាមក វិលមុខ ក្អួត អស់កម្លាំង ឈឺក្បាល ចុកពោះ ហើមពោះ និង​​រួយ​ខ្នង​ជា​ដើម​។​​

ហេតុ​អ្វី​មាន​អាការៈ​ទាំង​នេះ?

​អ្នក​ជំនាញ​ជឿ​ថា​ការ​ប្រែ​ប្រួល​កម្រិត​គីមី​ជាក់​លាក់​មួយ​ចំនួន​​ក្នុង​រាង​កាយ​​អំឡុងពេល និង​មុន​ពេល​មក​រដូវ​អាច​មាន​ទំនាក់​ទំនង​នៅ​នឹង​អាការៈ​ទាំង​នេះ​។​​

Prostaglandins​ គឺ​ជា​មួលេគុល​ដែល​​ដើរតួជា​អ្នក​នាំ​សារធាតុ​គីមី​​នៅ​ក្នុង​រាង​កាយ ដូច​ជា​អ័រម៉ូន​ជា​ដើម​។ បើ​សិន​ជា​យើង​មាន​អារម្មណ៍​ថា​ក្ដៅខ្លួន នោះ​មាន​ន័យ​ថា​រាង​កាយ​យើង​កំពុង​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស បាក់តេរី ឬ​​មេរោគ​ផ្សិត​។ ប្រព័ន្ធ​ភាព​ស៊ាំ​យើង​នឹង​​​ដំណើ​ការ​អង់ទីករ​ និង​សារធាតុ​គីមី​ផ្សេង​ទៀត​ដូច​ជា​ prostaglandin ដើម្បី​បំផ្លាញ​វីរុស ឬ​បាក់តេរីទាំងនោះ​។ ពេល​ស្ថានការណ៍​បែប​នេះ​កើត​ឡើង រាង​កាយ​របស់​យើង​នឹង​ឡើង​កម្ដៅ​។

ដូច​គ្នា​ដែរ រាង​កាយ​យើង​ផលិត​ prostaglandin នៅ​ជញ្ជាំង​ស្បូន​ពេល​យើង​ចាប់​ផ្ដើម​មក​រដូវ​។ មូលេគុល​នេះ​បាន​ភ្ជាប់​ទៅ​នឹង​ធ្មួល​ក្នុង​ hypothalamus ដែល​ជា​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​ដែល​គ្រប់​គ្រង​លើសីតុណ្ហភាព​រាងកាយ។ ការណ៍​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មួយ​ចំនួន​មាន​អារម្មណ៍​ក្ដៅ​ខ្លួន​តិច​តួច​ផង​ដែរ​។​

Prostaglandin ក៏​អាច​បង្ក​ឲ្យ​មាន​ការ​កន្ទ្រាក់​សាច់ដុំ​ក្នុង​ស្បូន​ខ្លាំង​ដែល​នាំ​ឲ្យ​មាន​អាការៈ​ឈឺ​ចាប់ មិន​ស្រួល​ខ្លួន ចង្អោរ និង​រាក​ផង​ សម្រាប់​ស្រ្តី​មួយ​ចំនួន​។ បន្ថែម​ពី​នេះ​បើ​សិន​ជា​ការ​កន្ទ្រាក់​នេះ​មាន​សភាព​ខ្លាំង​ក្លា​ពេក វា​ក៏​អាច​សង្កត់​ទៅ​លើ​សរសៃ​ឈាម​នៅ​ជុំ​វិញ និង​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង់​អុកស៊ីសែន​មួយ​ចំនួន ជា​ហេតុ​ធ្វើ​ឲ្យ​ស្រ្តី​មួយ​ចំនួន​មាន​អាការៈ​ចុក​រមួល​ក្នុង​ពោះ​។​

អ័រម៉ូន​អឺស្រ្តូហ្សែន​ កម្រិង​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​នឹង​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​នៅ​​រយៈ​ពេល​មុន និង​អំឡុង​ពេល​មក​រដូវ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្រីៗ​យើង​ខ្លះ​អាច​ប្រឈម​​នឹង​បញ្ហា​អស់កម្លាំង ចុកពោះ និង​អារម្មណ៍​ប្រែ​ប្រួល​​។​ ដូច​គ្នា​ដែរ ពេល​ធ្លាក់​មេជីវិត​ ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​ស្រីៗ​យើង​ឡើង​កម្ដៅ​ពីរ​បី​ថ្ងៃ​ដែរ​។​

ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា? យើង​អាច​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ដែល​មិន​ត្រូវ​ការវេជ្ជបញ្ជា និង​រក​ទិញ​បាន​នៅ​តាម​ឱសថស្ថាន​ស្រប​ច្បាប់​។ ការ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហៗ​លើ​ពោះ ក៏​ជា​មធ្យោបាយ​មួយ​ផ្សេង​ទៀត​ជួយ​បំបាត់​អាការៈឈឺ​ចុក​ចាប់​នេះ​ដែរ។ ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ មិន​ជក់​បារី កម្រិត​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹង​ក៏​ចូល​រួម​កាត់​បន្ថយ​អាការៈ​ទាំង​នេះ​បាន​ដែរ​។ យ៉ាងណា បើ​អាការៈ​ទាំង​នេះ ​រំខាន​ដល់​ការ​រស់​នៅ ឬ​ការ​ឈឺ​ចាប់​មាន​សភាព​ធ្ងន់​ធ្ងរ ស្រីៗ​យើង​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​​​ទើប​ជា​ការ​ប្រសើរ​។​

ប្រភព៖ webmd | healthline ប្រែ​សម្រួល៖ ទូច សុខា