"Women Shaping Cambodia" កម្មវិធីនិយាយពី​ស្រ្ដី​ និង​ភាព​ជា​អ្នក​ដឹកនាំ

  • 2023-09-23 08:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​​និយាយ​ពី​ស្រ្តី​មាន​ឈ្មោះ​ថា​ «Empowering Growth: The Women Shaping Cambodia» បាន​ប្រកាស​បើក​កម្ម​វិធី​ផ្លូវការ​​របស់​ខ្លួន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​កម្មវិធី​នេះ​រៀបចំ​ឡើង​នៅ​ Chip Mong Mega Mall ក្នុង​រាជធានី​ភ្នំពេញ​។

(អ្នក​ស្រី Kim Tol Tan អគ្គនាយក​ Grow4Growth Consultant កំពុងថ្លែ​ងបើកកម្មវិធី)

អ្នក​ស្រី Kim Tol Tan អគ្គនាយក​ Grow4Growth Consultant និង​ជា​អ្នករៀបចំ​កម្មវិធី​ Empowering Growth: The Women Shaping Cambodia បាន​លើក​ឡើង​ថា​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ហាញ និង​អបអរ​ចំពោះ​ស្រ្តី​កម្ពុជា​ដែល​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​អ្នក​ដឹក​នាំ​​នៅ​ក្នុង​ស្ថាប័ន ឬ​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​។

អ្នកស្រី​បន្ថែម​ទៀត​ថា កម្ម​វិធី​នេះ​ក៏​មាន​បំណង​ញ៉ាំង​ចិត្ត​ដល់​ស្រ្តី​ផ្សេង​ទៀត​ទាំង​នៅ​កម្ពុជា និង​ពិភព​លោក​តាម​រយៈ​ការ​បង្ហាញ​ពី​បទពិសោធន៍ និង​​ជំនាញ​វិជ្ជាជីវៈ​ដែល​ស្រ្តី​លេច​ធ្លោ​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ទាំង​នេះ​បាន​ឆ្លង​កាត់ និង​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ និង​ដោះ​ស្រាយ​បាន​ជោគជ័យ​។​

លើស​ពី​នេះ​អ្នកស្រី Kim Tol Tan បាន​បញ្ជាក់​ថា​កម្ម​វិធី​​និយាយ​ពី​រឿង​រ៉ាវ​ស្រ្តី​ជា​អ្នក​ដឹក​នាំ​នេះ​ក៏​នឹង​ចូល​រួម​ជំរុញ​ឲ្យ​មាន​សមភាព​យេនឌ័រ និង​ភាព​ចម្រុះ​ក្នុង​ការ​ដឹក​នាំ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​តួនាទី​របស់​ស្រ្តី​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

(លោកជំទាវ​ គ្រី ណាល់លីស កំពុង​ថ្លែង​ក្នុង​កម្មវិធី)

លោកជំទាវ​គ្រី ណាល់លីស រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី មាន​ប្រសាសន៍​ក្នុង​កម្មវិធី​នោះ​ដែរ​ថា​៖ «​គំនិត​ផ្ដួច​ផ្ដើម និង​កម្ម​វិធី​ដែល​ដាក់​សម្ពោធ​នៅ​ថ្ងៃ​នេះ​ជា​ផ្នែក​មួយ​បន្ថែម​ទៀត​ដែល​នឹង​​ចូល​រួម​ចំណែក​ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​ប្រ​ឈម​នានា និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ស្រ្តី និង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ...​ដែល​អាច​បញ្ជាក់​ថា​ស្រ្តី និង​ក្មេង​ស្រ្តី​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ​នៅ​គ្រប់​កម្រិត​»។

​​​​​​​​​​​​​​​​លោក​ជំទាវ​បញ្ជាក់​ថា​តាម​រយៈ​ការ​ចូល​រួម​នេះ ក្រ​សួង​កិច្ច​ការ​នារី​ប្រកាស​គាំទ្រ និង​បន្ត​សហការ​ជាមួយ​កម្ម​វិធី​ Empowering Growth: The Women Shaping Cambodia និង​បន្ត​ស្វែង​រក​លទ្ធភាព​ដើម្បី​ពង្រីក​លទ្ធភាព​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ថា កម្មវិធី Empowering Growth: The Women Shaping Cambodia នឹង​រៀប​ចំ​ផលិត​មាតិកា​អំពី​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ញ៉ាំង​ចិត្ត​របស់​ស្រ្តី​កម្ពុជា​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​នៅ​តាម​ស្ថាប័ន ឬ​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​​។ ​​​​​​​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម