ពេល​ផ្ដាសាយ​ញ៉ាំកាហ្វេ​បាន​អត់?

  • 2023-09-22 03:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​ព្រឹកៗ​ ប្រហែល​ជា​អាច​មាន​ចម្ងល់​ទាក់ទង​នឹង​ការ​ញ៉ាំ​កាហ្វេ​ពេល​មាន​ជំងឺ​ផ្ដាសាយ​។ តើ​ពេល​កើត​ជំងឺ​ផ្ដាសាយអាច​ញ៉ាំកាហ្វេ​បាន​ឬអត់? សំណួរ​នេះ​ប្រហែល​ជា​មាន​នៅ​ក្នុង​ចិត្ត​យូរ​ហើយ​មែន​ទេ តស់​មក​ស្វែង​យល់ជា​មួយ​កញ្ញា​ទាំងអស់​គ្នា​។

ការ​ផឹក​កាហ្វេ​ពេល​យើង​កំពុង​មាន​ជំងឺ​ណា​មួយ​អាច​មាន​ទាំង​ផល​ល្អ និង​ផល​រខាន​មួយ​ចំនួន​ដែរ អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​របស់​យើង​។​ ពេល​ខ្លះ​កាហ្វេ​អ៊ីន​អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ឱសថ​មួយ​ចំនួន​ដែរ​។​

ការ​ផឹក​កា​ហ្វេ​អាច​ជួយ​ផ្ដល់​ថាមពល​​។ សម្រាប់​អ្នក​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​ទំនង​ជា​ពិបាក​ក្នុង​ការ​អត់​កាហ្វេ​នៅ​ព្រឹក​ឡើង​។ អ្នក​ញ៉ាំ​កាហ្វេ​ជា​ច្រើន​ជឿ​ថា​កាហ្វេ​អាច​ជួយ​បង្កើន​ថាមពល ដែល​នេះ​ជា​គុណ​ប្រយោជន៍​មួយ​នៃ​កាហ្វេ ហើយ​ក៏​ជា​ហេតុ​ផល​មួយ​ដែល​អ្នក​មាន​​បញ្ហា​មិន​ស្រួល​ខ្លួន​មួយ​ចំនួន​នៅ​ជ្រើស​រើស​ការ​ញ៉ាំ​កាហ្វេ​។ ដូច​គ្នា​ដែរ​សម្រាប់​អ្នក​មាន​ជំងឺ​ផ្ដាសាយ​ក៏​អាច​ផឹក​កាហ្វេ​ក្នុង​ហេតុ​ផល​ដូច​គ្នា​នេះដែរ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​ផឹកកាហ្វេ​ក៏​អាច​ធ្វើ​ឲ្យ​យើង​នោម​ញឹក​ ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​យើង​បាត់​បង់​ជាតិ​ទឹក ដែល​ការ​បាត់​បង់​ជាតិ​ទឹក​នេះ​មិន​ល្អ​សម្រាប់​អ្នក​ជំងឺ​នោះ​ទេ​។ បើ​យើង​កំពុង​មាន​ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ស្រាល​ផ្សេ​ទៀត គួរ​ញ៉ាំ​កាហ្វេ​ក្នុង​កម្រិត​តិច​តួច​ដូច​ជា​ត្រឹម​មួយ​ពែង ឬពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​។​

ចុះ​ពេល​ផ្ដាសាយ​គួរ​ផឹក​កា​ហ្វេ​ក្ដៅ ឬ​កាហ្វេ​ទឹក​កក? ​​ជាក់​ស្ដែង​អាស្រ័យ​លើស្ថាន​ភាព​ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ញ៉ាំ គ្រាន់តែ​អ្នក​ខ្លះ​មិន​អាច​ញ៉ាំ​ទឹកក​បាន​ពេល​មាន​ជំងឺ​ផ្ដាសាយ​ ឬ​ពេល​មាន​អាការៈ​ឈឺ​ក​អម​មក​ជាមួយ​ជា​ដើម​។​ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ក៏​នៅ​តែ​ញ៉ាំកាហ្វេ​ទឹក​កក​បាន​ដដែល។ ពោល​គឺការ​ញ៉ាំ​កហ្វេក្ដៅ​ ឬ​កាហ្វេ​ទឹក​កក​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត និង​ស្ថាន​ភាព​រោគសញ្ញា​របស់​ខ្លួន​។

​ជាទូទៅ​សម្រាប់​ជំងឺស្រាលៗដូច​ជា​ផ្ដាសាយ​​​យើង​អាច​ញ៉ាំ​កាហ្វេ​បាន ប៉ុន្តែ​សម្រាប់​អ្នក​មាន​ជំងឺ​ផ្សេង​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ មាន​អាការៈក្អួត ឬរាក ដែល​អាច​នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក ការផឹក​កាហ្វេ​អាច​ធ្វើ​ឲ្យ​អាការៈ​កាន់​ធ្ងន់​ធ្ងរ​។​ ដូច​គ្នា​ដែរ​បើ​សិន​ជា​យើង​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា​លើ​ជំងឺ​ផ្សេង មិន​មែន​ជា​ជំងឺ​ស្រា​ល​ដូច​ជា​ផ្ដសាយ យើង​គួរ​សាក​សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​អំពីការ​ប្រើ​ប្រាស់​ថ្នាំ និង​ការ​ញ៉ាំ​កាហ្វេ​ ព្រោះ​ថា​មាន​ប្រភេទ​ថ្នាំ​ខ្លះ​អាច​មាន​អន្តរកម្ម​ជាមួយ​ជាតិ​កាហ្វេ​អ៊ីន​។​​

ប្រភព៖ healthline ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម