ហេតុ​អ្វី​ខ្ញុំ​មាន​អាការៈ​ស្ងួត និង​ប្រេះបបូរមាត់​?

  • 2023-09-20 04:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ អាការៈ​ស្ងួត​បបូរ​មាត់ ឬ​ប្រេះ​បបូរ​មាត់​​កើត​ឡើង​ច្រើន​ដោយសារតែ​អាកាសធាតុ​ដែល​មាន​សភាព​ស្ងួត​ បាន​ន័យ​ថា​ក្នុង​បរិយាកាស​មិន​សូវ​មាន​សំណើម ហើយ​នៅកម្ពុជា​យើង ប្រជា​ជន​ភាគ​ច្រើន​មាន​អាការៈ​ស្ងួត​បបូរ​មាត់ ឬប្រេះ​បបូរ​មាត់​នៅ​រដូវ​លំហើយ​។​ ក្រៅ​ពី​កត្តា​អាកាស​ធាតុ បញ្ហា​ប្រេះ ឬ​ស្ងួត​បបូរ​មាត់​នេះ​ក៏​អាច​កើត​ចេញ​ពី​កត្តា​កង្វះ​ជាតិទឹក លិឍ​បបូរ​មាត់​ញឹក​ញាប់ ​មាន​ជំងឺប្រចាំ​កាយ ឬ​​ខ្វះ​វិមីន​មួយ​ចំនួនជា​ដើម​​។​

បញ្ហា​ប្រេះ​បបូរ​មាត់ ឬ​ស្ងួត​បបូរ​មាត់​នេះ​ជា​បញ្ហា​ទូ​ទៅ​មួយ​ដែលអាច​កើត​លើ​មនុស្ស​ភាគ​ច្រើន​។ ប៉ុន្តែ​អ្នក​ខ្លះ​​អាច​ជួប​បញ្ហា​ប្រេះ​មាត់​ធ្ងន់​ធ្ងរ​ ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​បាក់តេរី​ដែរ​។

ជា​ធម្មតា​យើង​អាច​ព្យាបាល​បញ្ហា​នេះ​ដោយ​ខ្លួន​ឯ​ង​បាន ប៉ុន្តែ​បើ​សិន​ជា​អាការៈ​ប្រេះ​បបូរ​មាត់​បន្ត​អូសបន្លាយ​យូរ​ជាង​ពីរ ឬ​បី​សប្ដាហ៍​ យើង​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​សើស្បែក​។​

​ចំពោះ​រោគ​សញ្ញា​នៃ​អាការៈ​ស្ងួត​បបូរ​មាត់​នេះ​អាច​មាន​ដូច​ជា​ប្រេះ របបក ឈឺ​ចាប់ និង​ហើម​លើ​បបូរ​មាត់​ជាដើម​ និង​ពេលខ្លះ​អា​មាន​ចេញ​ឈាម​ផង​ដែរ​។​

មូលហេតុ​បង្កជា​អ្វី?

បបូរមាត់​មិន​មាន​ក្រពេញ​ខ្លាញ់​ដូច​ផ្នែក​ផ្សេង​​ៗ​ទៀត​របស់​ស្បែក​នោះទេ​ ដែល​នេះ​មាន​ន័យ​ថា​ស្បែក​ត្រង់​បបូរ​មាត់​ងាយ​នឹង​ស្ងួត ហើយ​ប្រេះ​។ នៅ​ពេល​បបូរ​មាត់​ខ្វះ​សំណើម​ទៀត​នោះ គឺ​កាន់​តែ​ងាយ​ប្រេះ​មិន​ខាន​ មិន​ថា​ដោយសារ​តែ​អាកាសធាតុ ឬ​ខ្វះ​ការថែទាំ​នោះ​ទេ​។​

​ក្នុង​បរិយាកាស​មិន​សូវ​មាន​សំណើម​ដូច​ជា​ក្នុង​រដូវ​លំហើយ គឺ​ជា​ពេល​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​ស្ងួត និង​ប្រេះ​បបូរ​មាត់​។ មួយ​វិញ​ទៀត ការ​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង​នៅ​រដូវ​ក្ដៅ ក៏​អាច​អាច​ធ្វើ​ឲ្យ​ប្រេះ​បបូរ​មាត់​ដែរ​។​

ចំណែក​អ្នក​ចូល​ចិត្ត​លិឍ​មាត់​ក៏​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួត​ដែរ ដោយ​ថា​ទឹក​មាត់​ជាប់​នឹងអណ្ដាត​នឹង​ធ្វើ​ឲ្យ​សំណើម​លើ​បបូរ​មាត់​បាត់​បង់ និង​នាំទៅ​រក​​ការ​ស្ងួត​បបូ​រមាត់​កាន់​តែ​ខ្លាំង​។​

វិធី​ព្យាបាល និង​បង្ការ

ជាធម្មតា​យើង​អាច​ព្យាបាល​បញ្ហា​ប្រេះ​បបូរ​មាត់​ដោយ​ខ្លួន​ឯង​បាន​តាម​រយៈ​ការ​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​។ វិធីបង្ការ និង​ព្យាបាល​ទាំង​នោះ​មាន​ដូច​ជា​៖

  • លាមក្រែប​លើ​បបូរ​មាត់​ពេញ​មួយ​ថ្ងៃ
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់
  • ប្រើម៉ាស៊ីន​ផ្ដល់​សំណើម​នៅ​ក្នុង​ផ្ទះ​
  • សម្រាប់​ខែរងា​​យើង​គួរ​យក​កន្សែង​បិទ​បាំង​មាត់​ពេល​ចេញ​ក្រៅ​

ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​សើ​ស្បែក បើ​អាការៈ​ប្រេះ​បូរ​មាត់​មិន​បាន​ធូរ​ស្បើយ​ ឬ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​។​

ប្រភព៖ healthline ប្រែ​សម្រួល៖ ទូច សុខា