លើសជាតិខ្លាញ់​ពីរ​ប្រភេទនេះ អាចប៉ះពាល់សុខភាពបេះដូង

  • 2023-09-19 01:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​និយាយ​ដល់​ការ​លើស​ជាតិ​ខ្លាញ់​​​​យើង​គួរ​ស្វែង​យល់​ថា​អ្វី​ទៅ​ជា​ខ្លាញ់​ និង​ហេតុ​អ្វី​រាង​កាយ​យើង​លើស​ជាតិ​ខ្លាញ់។ កូលេស្តេរ៉ូល និង​ Triglycerides គឺ​ជា​​ប្រភេទ​ខ្លាញ់​ដូច​គ្នា ហើយ​បើ​​ខ្លាញ់​ទាំង​ពីរ​នេះ​លើស​ក្នុង​រាង​កាយ​អាច​ធ្វើ​ឲ្យ​​យើង​មាន​ហានិភ័យ​កើត​ជំងឺ​បេះ​ដូង​។

តើ​កូលេស្តេរ៉ូល និង​ Triglycerides ខុស​គ្នា​បែប​ណា? ​លេស្តេរ៉ូល និង​ Triglycerides ជា​ប្រភេទ​ខ្លាញ់​ដូច​គ្នា តែមាន​នាទី​ខុស​គ្នា​​សម្រាប់​រាង​កាយ​។ លេស្តេរ៉ូល​ប្រើ​សម្រាប់​បង្កើត​កោសិកា និង​អ័រម៉ូន​ជាក់​លាក់​មួយ​ចំនួន​ ខណៈ​ដែល​Triglycerides ​មាន​នាទី​ផ្ទុក​កាឡូរីដែល​មិន​ប្រើ​ប្រាស់ និង​ផ្ដល់​ថាមពល​ដល់​រាង​កាយ​។

កូលេស្តេរ៉ូល​មាន​ពីរ​ប្រភេទ គឺ​កូលេស្តេរ៉ូល​អាក្រក់​ឬ​LDL និង​កូលេស្តេរ៉ូល​ល្អ​ ឬ​HDL។ កូលេស្តេរ៉ូល​អាក្រក់​​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ខ្លាញ់​ក្នុង​សរសៃ​ឈាម ដែល​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​​នៃ​បញ្ហា​គាំង​បេះដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល និង​ជំងឺ​សរសៃឈាម​បេះ​ដូង​ជា​ដើម​។​ ចំណែក​កូលេស្តេរ៉ូល​ល្អ​វិញ​មាន​នាទី​ជួយ​នាំ​កូលេស្តេរ៉ូល​អាក្រក់​ចេញ​ពី​សរសៃ​ឈាម និង​បញ្ជូន​ត្រឡប់​ទៅ​ថ្លើម​ ជា​កន្លែងដែល​ត្រូវ​បំបែក និង​បញ្ចេញ​ពី​រាង​កាយ​។​

ពេល​​យើង​មាន​ទាំង​បញ្ហា​លើស​កូលេស្តេរ៉ូល​អាក្រក់​ និង​ Triglycerides ក្នុង​ពេល​តែ​មួយ​ យើង​នឹង​ប្រឈម​ខ្ពស់​ទៅ​នឹង​ជំងឺ​បេះដូង​។

កត្តា​មួយ​ចំនួន​នាំ​ឲ្យ​មាន​ការ​លើស​កូលេស្តេរ៉ូល​អាក្រក់​ និង​ Triglycerides៖

  • របបអាហារ​មិនល្អ៖ ​​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ឆ្អែត និង​ខ្លាញ់​ចម្រាញ់​ច្រើន​នាំ​ឲ្យ​យើង​កើត​​មាន​កូលេស្តេរ៉ូល​អាក្រក់​។ ចំណែក​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​ក៏​អាច​​នាំ​​ថ្លើម​ផលិត​កូលេស្តេរ៉ូល​អាក្រក់​ច្រើន​ និង​ខ្លាញ់​​Triglycerides និង​បែរជា​បន្ថយ​កូលេស្តេរ៉ូល​ល្អ​ទៅវិញ​។​

  • ធាត់​លើស​ទម្ងន់​៖ ការ​ធាត់​លើស​ទម្ងន់​បា​ន​រួម​ចំណែក​នៃ​ការ​កើន​ឡើង​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​ និង​ Triglycerides​។​

  • មិន​សូវ​មាន​សកម្ម​ភាព​រាង​កាយ៖ មិន​ហាត់​ប្រាណ មិន​បាន​ធ្វើការ​បញ្ចេញ​ញើស គឺ​ជា​កត្តា​មួយ​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ និង​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​ និង​ Triglycerides​។

ដើម្បី​បញ្ជុះ​កម្រិត​ កូលេស្តេរ៉ូល​អាក្រក់​ និង​ Triglycerides ការ​ផ្លាស់​ប្ដូរ​បែប​បទ​នៃ​ការ​រស់​នៅ​គឺ​ជា​រឿង​ចាំ​បាច់។ ការ​កែ​ប្រែ​នេះ​មាន​ដូច​ជា​ញ៉ាំ​អាហារ​ល្អៗចំពោះ​សុខភាព​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​មាន​ស្ករ​ទាប​​ជាដើម។ ក្រៅពីនេះ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ ក៏​ជា​រឿង​ចាំ​បាច់​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាំមួន រក្សា​ទម្ងន់​ខ្លួន​បាន​ល្អ​ កាត់​បន្ថយ​ហានិភ័យ​ធាត់​លើស​ទម្ងន់​។​​ ក្រៅពី​នេះ​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​កាន់​តែ​ចាំបាច់​បើ​សិន​ជា​យើង​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់​នេះ ករណី​ខ្លះ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ដើម្បី​គ្រប់គ្រង​ជាតិ​ខ្លាញ់​។​

ប្រភព៖ Cleveland Clinic | CDC អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម