តើ​កូលេស្តេរ៉ូល​ខ្ពស់​មានន័យថាម៉េច និងប៉ះពាល់​បេះដូង​បែប​ណា?​

  • 2023-09-18 04:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ កូលេស្តេរ៉ូល​ឡើង​​ខ្ពស់​មាន​​ន័យ​ថា​ក្នុង​ឈាម​របស់​យើង​មាន​ខ្លាញ់​ច្រើន។ កូលេស្តេរ៉ូល គឺ​ជា​សារធាតុ​ម្យ៉ាង​មាន​លក្ខណៈ​អន្ធឹល​ៗ​ដែល​មាន​នៅ​ក្នុង​ឈាម ហើយ​រាង​កាយ​យើង​ត្រូវ​ការ​កូលេស្តេរ៉ូល​ដើម្បី​ធ្វើ​ឲ្យ​កោសិកា​មាន​សុខ​ភាព​ល្អ​។

ប៉ុន្តែ​នៅ​ពេល​មួយ​ដែល​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឡើង​ខ្ពស់ ​នោះ​នឹង​អាច​នាំ​ឲ្យ​យើង​មានហានិភ័យ​កើយ​ជំងឺ​បេះ​ដូង​ទៅវិញ​។ ពេល​កូលេស្តេរ៉ូល​ខ្ពស់ នោះ​ក្នុង​សរសៃ​ឈាម​យើង​អាច​​មាន​ជាតិ​ខ្លាញ់​កាន់​តែ​ច្រើន​​បន្ត​កើន​ឡើង​ និង​អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ក្នុង​សរសៃ​ឈាម​មិន​បាន​​គ្រប់​គ្រាន់​។ ពេល​ខ្លះ​ទៀត ដុំ​ខ្លាញ់​ដែល​មាន​ក្នុង​សរសៃឈាម​នេះ​​អាច​បែក​ភ្លាមៗ និង​បង្កើត​បាន​ជា​ដុំ​កំណក​មួយ​ដែល​អាច​រាំង​ស្ទះ​ដល់​លំហូរ​ឈាម និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង​។​

កម្រិត​កូលេស្តេរ៉ូលខ្ពស់ គឺ​មាន​ន័យ​ថា​កូលេស្តេរ៉ូល​ក្នុង​រាង​កាយ​យើង​សរុប​ចាប់ពី​២០០​មិល្លីក្រាម/ដេស៊ីលីត្រ (200mg/dL) ឬ​ក៏​មាន​ខ្ពស់ជាង​​នេះ​។​ ហើយ​បើ​ក្នុង​ករណី​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​ជាង​កម្រិត​ធម្មតា​តិច​តួច យើង​អាច​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង ដោយ​ប្រើ​វិធី​កែ​ប្រែ​របៀប​របប​រស់​នៅ និង​របប​អាហារ​។​ ​​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​ពីជម្រើស​នៃ​ការ​គ្រប់​គ្រង​កូលេស្តេរ៉ូល​ដែល​ស័ក្តិ​សម​នឹង​ស្ថានភាព​លោក​អ្នក​។

ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ចំនួន​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល​៖

  • ញ៉ាំអាហារ​ល្អ​ចំពោះ​សុខ​ភាព​បេះដូង៖ កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ច្រើន​ ស៊ុត​ផ្នែក​ក្រហម និង​ថ្លើម​សត្វ​ ហើ​យ​អ្វី​ដែល​សំខាន់​គឺ​កុំ​ជក់​បារី​។ យើង​អាច​ញ៉ាំ​ត្រី សាច់ទ្រូង​មាន់ គ្រាប់​ផ្លែ​ឈើ និង​ប្រេង​អូលីវ​ ជំនួស​វិញ។​ ក្រៅ​ពី​នេះ អ្នក​មានបញ្ហា​លើស​កូលេស្តេរ៉ូល​គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​។

  • ហាត់ប្រាណ​ជា​ប្រចាំ​៖ ការ​ហាត់​ប្រាណ​អាច​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ និង​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និងថែមទាំងអាច​គ្រប់គ្រង​ទម្ងន់​ខ្លួនបានល្អទៀត​ផង។ យើង​អាច​ហាត់​ប្រាណ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​ពី​បួន​ទៅ​ប្រាំ​ដង​ក្នុង​មួយ​សប្ដាហ៍​។​

  • ប្រឹក្សា​ជាមួយ​គ្រូពេទ្យ៖ បើ​សិន​ជា​ការ​កែប្រែ​បែប​បទនៃ​ការ​រស់នៅ និង​របប​អាហារ​មិន​អាច​ធ្វើ​ឲ្យ​កូលេស្តេរ៉ូល​ចុះ​មក​ធម្មតា​វិញ​ទេ​ គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ​ប្រាស់​ថ្នាំ​ដើម្បី​គ្រប់​គ្រង​បញ្ហា​សុខ​ភាព​មួយ​នេះ​។​

ប្រភព៖ mayoclinic | Cleveland Clinic ប្រែ​សម្រួល៖ ទូច សុខា