កូនកើតលើសទម្ងន់បណ្តាលមកពីអ្វី? ហើយមានបញ្ហាប្រឈមអ្វីខ្លះ?

  • 2023-09-14 01:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូនកើតមកមានសុខភាពល្អ មានកាយសម្បទារឹងមាំ ជាបំណងប្រាថ្នារបស់ម៉ាក់ប៉ាគ្រប់រូប។ យ៉ាងណាមិញ ការមើលថែទាំទារកក្នុងផ្ទៃឲ្យមានសុខភាពល្អ និងរក្សាសុខុមាលភាពកូនឲ្យស្ថិតក្នុងលក្ខខណ្ឌសមប្រកបមួយ ពិតជាមិនមែនជារឿងងាយស្រួលនោះទេ។

ទារកក្នុងផ្ទៃដែលវិវត្តទៅរកការសម្រាលអាចប្រឈមនឹងបញ្ហាជាច្រើន ដែលបញ្ហាមួយក្នុងចំណោមបញ្ហាដែលកើតឡើងលើទារកកំឡុងពេលសម្រាលនោះគឺ ទារកលើសទម្ងន់

អ្វីទៅជាទារកដែលលើសទម្ងន់?

ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើតលើសពី ៤គីឡូក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។

តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំណើតទារកដែលលើសទម្ងន់។

តើមូលហេតុអ្វីដែលបណ្តាលឲ្យទារកលើសទម្ងន់?

មូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់រួមមាន៖

  • ម្តាយមានជំងឺទឹកនោមផ្អែម ដែលពុំមានការគ្រប់គ្រងជាតិស្ករបានត្រឹមត្រូវ

  • ការឡើងទម្ងន់ខុសពីធម្មតារបស់ម្តាយក្នុងកំឡុងពេលមានគភ៌

  • កត្តាតំណពូជ (ឪពុក ឬម្តាយ មានមាឌធំ ឬធាត់)

តើបញ្ហាទារកលើសទម្ងន់បង្កផលវិបាកអ្វីខ្លះ?

ផលវិបាកដែលអាចកើតក្នុងករណីទារកលើសទម្ងន់រួមមាន៖

ក. កត្តាប្រឈមលើម្តាយ

  • ការសម្រាលតាមផ្លូវធម្មជាតិមានការពិបាក

  • អត្រាខ្ពស់ប្រឈមទៅនឹងការសម្រាលដោយការវះកាត់

ខ. កត្តាប្រឈមលើទារកក្នុងផ្ទៃ និងកំឡុងពេលសម្រាល

  • ការកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ដែលបណ្តាលឲ្យទារកអាចប្រឈមនឹងការកើតពុំគ្រប់ខែ

  • ទារកអាចជាប់ស្មា រងរបួសពុំអាចលើកដៃរួច ឬ បាក់ឆ្អឹង

  • ទារកអាចប្រឈមនឹងការស្លាប់ក្នុងពោះ

គ. កត្តាប្រឈមលើទារកក្រោយកើត

  • ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលឲ្យប្រកាច់ ឬប៉ះពាល់ដល់ខួរក្បាល
  • ទារកអាចមានវិបត្តិផ្លូវដង្ហើម (ហត់ដង្ហក់ និងថ្ងូរ)
  • ទារកអាចមានកំហាប់ឈាមខាប់ខុសពីធម្មតា ដែលបណ្តាលឲ្យមានខាន់លឿងខ្លាំង និងរយៈពេលយូរ
  • ទារកអាចមានសាច់ដុំបេះដូងរីក

វិធីបង្ការ និងព្យាបាល

សម្រាប់ស្ត្រីជាម្តាយ គួរតាមដានផ្ទៃពោះឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព ដោយទទួលយកការវាស់ប្រវែង និងប៉ាន់ប្រមាណទម្ងន់ទារកមុនសម្រាល តាមរយៈអេកូសាស្រ្តមុនការសម្រាលឲ្យបានត្រឹមត្រូវ។

ក្រៅពីនេះ ស្ត្រីគួរទទួលការពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ប្រសិនបើខ្លួនមានជំងឺទឹកនោមផ្អែម ដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ និងកាត់បន្ថយអត្រាផ្តល់កំណើតទារកលើសទម្ងន់។

លើសពីនេះ វាពិតជាមានសារៈសំខាន់ដែលស្ត្រីជាម្តាយមានការគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការឡើងទម្ងន់ខុសពីធម្មតាក្នុងកំឡុងពេលមានផ្ទៃពោះ។ ការឡើងទម្ងន់ខុសពីប្រក្រតី អាចបង្កឲ្យមានផលប៉ះពាល់សុខភាពទៅ​ថ្ងៃ​មុខ​ទាំង ម្តាយ និងទារក ដូចជាការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសសម្ពាធឈាម​ ព្រមទាំងជំងឺធាត់។

ជាទូទៅ ទារកដែលមានទម្ងន់ធ្ងន់ ឬលើសគីឡូ នឹងត្រូវបានវាយតម្លៃ ពិនិត្យ តាមដាន និងព្យាបាល នៅផ្នែកទារកដោយគ្រូពេទ្យឯកទេសផ្នែកកុមារ។ ដូច្នេះ ប្រសិនបើស្ត្រីជាម្តាយសង្កេតឃើញមានគសញ្ញា ឬករណីដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសពាក់ព័ន្ធ ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ដែលធានាបានសុខមាលភាពទាំងម្តាយ និងទារក។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម