រលាកក្រពះ ទុកមិនព្យាបាលត្រឹម​ត្រូវ​អាច​បង្កជាបញ្ហាធ្ងន់ធ្ងរ

  • 2023-09-13 01:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រលាក​ក្រ​ពះ គឺ​សម្ដៅ​ដល់​ការ​រលាក​ស្រទាប់​ខាងក្នុង​របស់​ក្រពះ ហើយ​ការ​រលាក​នេះ​អាច​បណ្ដាល​មក​ពី​ឆ្លង​បាក់តេរី ដែល​បាក់​តេរី​នេះ​ដូច​គ្នា​ទៅ​នឹង​បាក់តេរី​បង្ក​ជំងឺ​ដំបៅ​ក្រពះ​។​​ ការ​ផឹក​គ្រឿង​ស្រវឹង​ ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​រលាក​ក្រ​ពះ​នេះ​ដែរ​។

បញ្ហា​រលាក​ក្រពះ អាច​ជា​បញ្ហា​ស្រួច​ស្រាល់ ឬ​បញ្ហា​រ៉ាំរ៉ៃ។ ក្នុងករណី​ខ្លះ​បញ្ហា​រលាក​ក្រ​ពះ​អាច​នាំ​ឲ្យ​ក្លាយ​ជា​ដំបៅ​ក្រ​ពះ និង​អាច​នាំ​ឲ្យ​មានហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពះ​ផង​ដែរ​ បើ​សិន​ជា​មិន​បាន​ព្យាបាលត្រឹម​ត្រូវ​។​ យ៉ាងណា មនុស្ស​ភាគ​ច្រើន បញ្ហា​រលាក​ក្រ​ពះ​មិន​មាន​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ និង​អាច​បាន​ធូរ​ស្បើយ​វិញ​លឿន ក្រោយ​​បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។​​

រោគសញ្ញា​ជំងឺ​រលាក​ក្រពះ

សញ្ញា និង​រោគ​សញ្ញា​ជំងឺ​រលាក​ក្រ​ពះ​មាន​ដូច​ជា៖

  • ក្រហាយ ឬ​ឈឺ​ក្នុង​ពោះ​ផ្នែក​ខាង​លើ​ ដែល​​ពេល​ខ្លះ​អាច​ធ្វើ​ទុក្ខ​ក្រោយ​ញ៉ាំ​អាហារ ឬ​ក៏​អាច​ធូរ​ស្បើយ​ក្រោយ​ញ៉ាំ​អាហារ
  • ចង្អោរ
  • ក្អួត
  • មាន​អារម្មណ៍​ថា​តឹង​ពោះ​ផ្នែក​ខាង​លើ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ពេល​ខ្លះ​ជំងឺ​រលាក​ក្រពះ​ ក៏​មិន​បង្ហាញ​សញ្ញា ឬ​រោគ​សញ្ញា​ដែរ​។​

ពេលណា​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​?

មនុស្ស​ភាគ​ច្រើន​អាច​ជួប​បញ្ហា​មិន​ស្រួល​ក្នុង​ពោះ ឬ​មាន​បញ្ហា​ក្រពះ​ខ្លះៗ ហើយ​ករណី​ភាគ​ច្រើន​កើត​មានក្នុង​រយៈពេល​ខ្លី និង​មិន​ត្រូវ​ការការ​ព្យាបាល​នោះទេ។ ប៉ុន្តែ​បើ​សិន​ជា​យើង​មាន​សញ្ញា ឬ​រោគ​សញ្ញា​ទាក់ទង​នឹង​បញ្ហា​រលាក​ក្រពះ ដូច​បាន​រៀប​រាប់​ខាង​លើ​ចាប់​ពី​មួយ​សប្ដាហ៍ ឬ​លើស​នេះ គួរ​តែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ហើយ។​

មួយ​វិញ​ទៀត បើសិន​ជា​យើង​​មាន​អាការៈ​ឈឺចាប់​ខ្លាំង​ គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ ក៏​ដូច​ជា​មាន​​អាការៈ​ក្អួត ចង្អោរ ឬ​ធេងធោង វិល​មុខ​ជា​ដើម​។​ យើង​ក៏​គួរ​ប្រាប់​គ្រូពេទ្យ​ដែរថា​យើង​មាន​បញ្ហា​ក្រពះ​នេះក្រោយពេល​ញ៉ាំ​ថ្នាំណាមួយ​ឬ​អត់ ពិសេស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​។​

​ដូច​គ្នា​ដែរ បើ​យើង​ក្អួត​មាន​ឈាម មាន​ឈាម​ក្នុង​លាមក ឬ​លាមក​ប្រែ​ជា​ក្រមៅ​ គឺ​ពិត​ណាស់​ត្រូវ​តែ​ស្វែង​រក​ការ​ពិគ្រោះ និងព្យាបាល​ភ្លាមៗ​ដែរ​។​

កត្តា​ប្រឈមមួយ​ចំនួន​អាច​​នាំ​ឲ្យ​កើត​បញ្ហា​នេះ​

ឆ្លង​បាក់តេរី៖ ​ទោះ​បី​ជា​ការ​ឆ្លង​បាក់តេរី​ប្រភេទ Helicobacter pylori គឺ​ជា​រឿង​ទូ​ទៅ​មួយ​នៅ​លើ​ពិភព​លោក ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ការ​ឆ្លង​បាក់តេរីនេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ក្រពះ​។ គ្រូពេទ្យ​ជឿ​ថា​បញ្ហា​នេះ​អាច​មកពី​តំណពូជ ឬ​មក​ពី​បែប​បទ​នៃ​ការ​ស់​នៅ​ដូច​ញ៉ាំអាហារ​មិន​ល្អ និង​ជក់បារី​។​

ប្រើ​ប្រាស់​ថ្នាំ​បំបាត់ការ​ឈឺ​ចាប់​ជា​ប្រចាំ៖ ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់ការឈឺ​ចាប់​ច្រើន ឬ​ញឹក​ញាប់​អាច​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ក្រពះ​ស្រួចស្រាល់ ឬ​រ៉ាំរ៉ៃ​បាន​។​

កត្តាវ័យ​៖ មនុស្ស​វ័យ​ចំណាស់​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​រលាក​ក្រពះ ព្រោះ​ថា​ស្រទាប់​ក្នុងរបស់​ក្រពះ​ក៏​មាន​សភាព​ស្ដើង​ទៅ​តាម​វ័យ​ដែរ។ មួយ​វិញ​ទៀត​មនុស្ស​វ័យ​ចំណាស់​ក៏​ទំនង​ជា​ងាយ​ឆ្លង​បាក់តេរី​ Helicobacter pylori ជាង​មនុស្ស​វ័យ​ក្មេង​​ដែរ​។​

ផឹក​គ្រឿង​ស្រវឹង​ច្រើន​៖ គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ក្រ​ពះ​មាន​បញ្ហា និង​អាច​ធ្វើ​ឲ្យ​សឹក​ស្រទាប់​ខាង​ក្នុង​របស់​ក្រពះ​ ដែល​អាច​ធ្វើ​ឲ្យ​ក្រពះ​ងាយ​រង​គ្រោះ​ពី​អាស៊ីត​ក្រពះ​។ ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​មាន​លទ្ធ​ភាព​ច្រើន​ក្នុង​ការ​​កើត​បញ្ហា​រលាក​ក្រ​ពះ​ស្រួច​ស្រាល់​។​

ប្រភព៖ mayoclinic | Cleveland Clinic អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម