ហេតុអ្វីស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំកាហ្វេ?
- 2023-09-11 06:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំកាហ្វេ?
សម្រាប់ស្រ្តីមានផ្ទៃពោះ មានហេតុផលមួយចំនួនដែលត្រូវកាត់បន្ថយ ឬមិនគួរញ៉ាំជាតិកាហ្វេអ៊ីន។ កាហ្វេអ៊ីនត្រូវគេជឿថាអាចបង្កឲ្យសរសៃឈាមនៅក្នុងស្បូន និងសុករួមតូច ដែលជាហេតុនាំឲ្យឈាមហូរទៅកាន់គភ៌ធ្លាក់ចុះ និងនាំឲ្យកូនកើតមកមានទំហំតូច។
ដូចគ្នាដែរកាហ្វេអ៊ីនក៏ជាភ្នាក់ងាររំញោចមួយដែរ ដែលអាចធ្វើសម្ភាធឈាម និងចង្វាក់បេះដួងកើនឡើង ដែលអ្វីទាំងពីរនេះមិនត្រូវកើតមានឡើយសម្រាប់ស្រ្តីមានផ្ទៃពោះ។ ដូចគ្នាដែរ ជាតិកាហ្វេអ៊ីន ក៏អាចបង្កឲ្យស្រ្តីមានផ្ទៃពោះនោមញឹក ដែលជាហេតុនាំឲ្យឆាប់បាត់បង់ជាតិទឹក។
ទោះបីជាការផឹកកាហ្វេក្នុងកម្រិតតិចតួចមិនប៉ះពាល់ដល់សុខភាពម្ដាយ តែជាការល្អគួរកម្រិតឲ្យនៅតិចជាងឬនៅក្នុងរង្វង់៣០០មិល្លីលីត្រក្នុងមួយថ្ងៃ។ ប៉ុន្តែម៉ាក់ៗកំពុងពពោះត្រូវចាំថា ស្ថានភាពសុខភាពរបស់ស្រ្តីមានផ្ទៃពោះម្នាក់ៗមិនដូចគ្នាទេ ហេតុនេះហើយបើស្រ្តីយើងកំពុងពពោះគួរប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ ថាខ្លួនអាចផឹកកាហ្វេបានឬអត់។
តើការផឹកកាហ្វេច្រើនពេលកំពុងពពោះប៉ះពាល់អ្វីខ្លះដល់កូនក្នុងផ្ទៃ?
ការផឹកកាហ្វេ ឬញ៉ាំអាហារមានជាតិកាហ្វេអ៊ីនលើសពី២០០មិល្លីក្រាមក្នុងមួយថ្ងៃ អាចនាំឲ្យមានផលវិបាកច្រើនយ៉ាងដល់កូនក្នុងផ្ទៃ។ ហានិភ័យនៃផលវិបាកទាំងនោះអាចមានដូចជា រលូតកូន កូនកើតមិនគ្រប់ខែ កូនកើតមិនគ្រប់គីឡូ ឬកូនក្នុងផ្ទៃមានទំហំតូចមិនស្របតាមអាយុគភ៌ជាដើម។
ការសិក្សាមួយក្នុងឆ្នាំ២០១៥ បានអះអាងថាស្រ្តីមានផ្ទៃពោះមានអត្រាប្រឈមនឹងការរលូតកូនកើនឡើង១៩ភាគរយ បើសិនជាបង្កើនការផឹក ឬញ៉ាំអាហារមានជាតិកាហ្វេអ៊ីន១៥០មិល្លីក្រាមក្នុងមួយថ្ងៃ និងមានអត្រារលូតកូនកើនឡើង៨ភាគរយ រាល់ពេលបន្ថែមកាហ្វេពីរពែងរាល់ថ្ងៃ។
ដោយសារតែកាហ្វេអាចធ្វើសម្ពាធឈាម និងចង្វាក់បេះដូងស្រ្តីមានផ្ទៃពោះកើនឡើង ហេតុនេះហើយបានជាការកាត់បន្ថយ ឬចៀសវាងការផឹកកាហ្វេជារឿងដែលស្រ្តីមានផ្ទៃពោះគួរធ្វើ។ ដូចបញ្ជាក់ពីខាងដើម ស្រ្តីមានផ្ទៃពោះ គួរប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់ថាតើសុខភាពរបស់ខ្លួនអាចផឹកកាហ្វេ ឬញ៉ាំអាហារមានជាតិកាហ្វេអ៊ីនបានឬអត់។