ដូរទម្លាប់ញេច​មុន​ បើ​មិន​ចង់​ឲ្យ​ស្បែក​មុខ​កាន់តែ​ដុនដាប​

  • 2023-09-10 00:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​គ្នា​យើង​មិន​តិច​នាក់​ទេ​ដែល​មិន​អាច​ទ្រាំ​​បាន​ពេល​ឃើញ​មុន​គឺ​ដឹង​តែ​ចង់​ញេច​តែ​ម្ដង​។ ប៉ុន្តែ​គ្នា​យើង​ធ្លាប់​បាន​ដឹង​ទេ​ថា​ការ​ញេច​មុន​អាច​បង្ក​ផល​អវិជ្ជមាន​ដល់​សុខ​ភាព​ស្បែក​មុខ​បែប​ណា​ខ្លះ? ថ្ងៃនេះ កញ្ញា នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​ពី​បញ្ហា​នេះ។​

ការ​ញេច​មុន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​មុខ​មួយ​ចំនួន​៖​

របួស​៖ ការ​ញេច​មុន​លើ​ផ្ទៃ​មុខ​អាច​បង្ក​ឲ្យ​​មាន​របួស​នៅ​លើ​ស្បែក​មុខ ដែល​របួស​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​​ជា​ស្នាម​លើ​ផ្ទៃ​មុខ​តែ​ម្ដង​។​

ឆ្លង​មេរោគ​៖ ការ​ញេញ​មុន​ក៏​អាច​បង្ក​ឲ្យ​មានហានិភ័យ​ឆ្លង​មេរោគ​ដែរ ហើយ​ការ​ឆ្លង​មេរោគ​នេះ​អាច​នឹង​ធ្វើ​មុន​កើត​​ឡើង​បន្ថែម​ទៀត​។​ មុន​កើត​ឡើង​ថែម​ទៀត​នេះ​អាច​មក​ពី​ការញេច​មុន​ធ្វើ​​ខ្លាញ់​លើ​ផ្ទៃមុខ​រាល​ទៅ​កន្លែង​ផ្សេង ដៃ​មិន​ស្អាត​ក៏​បន្ថែម​ភាព​កខ្វក់​ និង​បាក់តេរី​លើ​ផ្ទៃមុខ​បន្ថែម​ទៀត​​នាំ​ឲ្យ​មុន​កើត​កាន់​តែ​ច្រើន​។​

ស្នាម​លើ​មុខ​៖ ការ​ញេច​មុន​អាច​ធ្វើ​ស្បែក​បាត់​បង់​ជាលិកា​​នៅ​​​ពេល​ជាសះ​ឡើង​វិញ ដែល​ការ​បាត់​បង់​ជាលិកា​នេះហើយ​អាច​នាំ​ឲ្យ​ផ្ទៃ​មុខ​មាន​ស្នាម​ដោយ​សារមុន​។

ឡើងក្រមរ​លើ​មុខ៖ គ្នា​យើង​ធ្លាប់​សម្គាល់​ឬអត់ថា​ពេល​ខ្លះ​ការ​ញេច​មុន​អាច​នាំ​ឲ្យ​មាន​ចេញ​ទាំង​ខ្ទុះ និង​ឈាម និង​ក្រោយ​មក​ទៀត​ក៏​កើត​ជា​ក្រមរ​តែម្ដង​។ ការណ៍​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​មុន​មិនងាយជាសះស្បើយ និង​អាច​នាំ​ឲ្យ​មាន​ស្នាម​ឡើ​​មុខ​ទៀត​ផង​។

ក្នុង​ករណី​គ្នា​យើង​កើត​មុន​ ហើយ​គិត​ថា​រំខាន​ មិនបាត់​ទៅ​វិញ ឬ​បន្ត​កើត​កាន់​តែ​ច្រើន គ្នា​យើង​មិន​គួរ​ញេច ឬ​ប្រើ​ផលិត​ផល​ផ្ដេស​ផ្ដាស​នោះទេ គឺ​យក​ល្អគួរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សើស្បែក​ ដើម្បី​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។​

ប្រភព៖ Harvard | ប្រភព អត្ថបទ៖ ទូច សុខា