វិបត្តិផ្លូវចិត្តលើស្ត្រីមានផ្ទៃពោះ ប្តីល្អត្រូវដឹង ហើយ Support

  • 2024-08-28 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រ្តីមួយចំនួនតែងតូចចិត្តលើខ្លួនឯង គិតថារូបរាងខ្លួនឯងមិនស្អាត គិតថាធ្វើខ្លួនមិនត្រូវ ខ្លាចកូនកើតមកសុខភាពមិនល្អ ហើយអ្នកជុំវិញខ្លួនក៏តែនិយាយថា យើងធ្វើពុត ធ្វើនេះធ្វើនោះមិនត្រូវសោះ។ តើនេះគឺជាអ្វីដែលស្រ្តីកើតមានមែនរឺទេ ?តើមាននរណាខ្លះយល់ពីគាត់?

ស្រ្តីតែងតែចង់បាននៅអ្វីដែលជាការ Support ពីគ្រួសារ ក៏ដូចជាអ្នកជុំវិញខ្លួន ។ជាទូទៅស្រ្តីដែលកំពុងមានផ្ទៃពោះ មានការប្រែប្រួលទាំងរូបរាង សរីរាង្គ អារម្មណ៍ បើនិយាយទៅគឺមានការប្រែប្រួលទាំងអស់របស់គាត់។ បើមើលពីរូបរាងខាងក្រៅរបស់ស្ត្រីមានផ្ទៃពោះ គឺចាប់ផ្តើមផ្លាស់ប្តូរូបរាង អាចស្គមខ្លាំងដោយសារចាញ់ បន្ទាប់មកក៏ចាប់ផ្តើមធាត់លើសគីឡូ ចាប់ផ្តើមលែងមានរូបរាងស្អាត ចាប់ផ្តើមមានស្នាមខ្មៅនៅក្លៀក នៅក នៅលើមុខ ធ្វើឲ្យរូបរាងទាំងអស់របស់ស្រ្តីមិនស្អាតដូចនៅពីក្រមុំនោះទេ។

មួយវិញទៀត នៅពេលសុខភាពខាងក្នុងមិនស្រួល គាត់ឈឺចង្កេះ ចាប់ផ្តើមឈឺក្រពះ ក្អួតញឹកញាប់ ចាប់ផ្តើមគេងមិនលក់ ចំណុចទាំងអស់នេះហើយ ជាអ្វីដែលធ្វើឲ្យកាន់តែមានភាពស្មុកស្មាញៗ ។ទាំងអស់នេះ តើយើងគួរជួយគាត់បែបណា នៅពេលដែលស្ត្រីមានផ្ទៃពោះ មានការប្រែប្រួលអារម្មណ៍របស់គាត់?

អ្នកដែលអាចជួយអារម្មណ៍របស់គាត់បានជាដំបូងនោះ គឺស្វាមី របស់គាត់ព្រោះស្វាមីនេះហើយជាអ្នកដែលមើលឃើញពីសកម្មភាពនៃការប្រែប្រួលរបស់គាត់ ត្រូវធ្វើជាមនុស្សម្នាក់ដែលស្តាប់នូវការរៀបរាប់ទុក្ខលំបាកដែលគាត់កើតមាន ហើយជួយចែករំលែកអ្វីដែលល្អទាំងផ្លូវកាយនិងផ្លុវចិត្ត។ ស្រ្តីដែលមានផ្ទៃពោះ នាងមានទុក្ខលំបាករបស់គាត់ នាងមិនមែនរំអួយ មិនមែនខ្ជឹល មិនចេះតែចេះធ្វើតាមការនឹកឃើញរបស់ខ្លួនឯងនោះទេ តាមពិតទៅនាងត្រូវការកម្លាំងចិត្ត យកចិត្តទុកដាក់ យល់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។

ដូចនេះស្វាមីដែលចង់ឲ្យកូនមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ត្រូវចាប់ផ្តើមពីម្តាយ នៅពេលដែលម្តាយមានសុខភាពល្អ មានភាពរីករាយហើយ កូនរបស់អ្នកក៏មានសុខភាពទៅតាមនោះដែរ៕

ប្រភព៖Kanha Rose

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម