សក់ជ្រុះក៏អាចមកពីបញ្ហាទាក់ទងនឹងអ័រម៉ូនទាំងនេះដែរ

  • 2023-09-02 07:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ័រម៉ូន​ប្រែប្រួល​ក៏​ជា​​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេង​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​សក់​ជ្រុះ​ដែរ​។ អ័រម៉ូន​ប្រែប្រួល​អាច​កើត​មាន​ឡើង​ពេល​មាន​ផ្ទៃ​ពោះ ពេល​សម្រាល​កូន ឬ​ពេល​អស់​រដូវ ហើយ​ថា​ធ្លាក់​ចុះ​អ័រម៉ូន​ក្រ​ពេញ​ទីរ៉ូអ៊ីត​ក៏​អាច​ធ្វើ​ឲ្យ​ជ្រុះ​សក់​ផង​ដែរ​។​

១. អតុល្យភាព​អ័រម៉ូន​

បញ្ហា​អតុល្យ​ភាព​អ័រម៉ូន​ ដែល​អាច​កើត​មាន​នៅ​អំឡុង​ពេល​អស់​រដូវ ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់​ដែរ​។ ពិសេស​ពេល​ដែល​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូ​ហ្សែន និង​ប្រូជេស្តេរ៉ូន​ចុះ​ទាប គឺ​អាច​ធ្វើ​ឲ្យ​ការ​ដុះ​សក់​មាន​សភាព​យឺត​ជាង​ធម្មតា ធ្វើ​ឲ្យ​សក់​កាន់​តែ​ស្ដើង និង​ជ្រុះ​​ច្រើន​។​

២. អ័រម៉ូន​អង់ដ្រូហ្សែន​ឡើង​ខ្ពស់​

ការ​ឡើង​ខ្ពស់​នៃ​អ័រម៉ូន​ប្រភេទ​នេះ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ជ្រុះ​សក់​។ ពេល​កម្រិត​អ័រម៉ូន​អង់ដ្រូហ្សែន​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​គល់​សក់ ដែល​ការណ៍​នេះ​នាំ​ឲ្យ​សក់​ចាប់​ផ្ដើម​ជ្រុះ​។ ក្នុង​ករណី​ខ្លះ ការ​កើន​ឡើង​អ័រម៉ូន​ប្រភេទ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ដុះ​រោម​នៅ​លើ​មុខ​ច្រើន​ក៏​មាន​​។​

៣. អ័រម៉ូន​ទីរ៉ូអ៊ីត​ចុះ​ទាប​

ការ​ចុះ​ទាប​នៃ​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត អាច​នាំ​ឲ្យ​សក់​ជ្រុះ​ដូច​គ្នា​។ កម្រិត​ទាប​នៃ​អ័រម៉ូន​ប្រភេទ​នេះ​អាច​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​បង្កើត​កោសិកាថ្មី ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់​នេះ​ដែរ​។

ដូច​នេះ​បើ​សិន​ជា​គ្នា​យើង​មាន​បញ្ហា​សក់​ជ្រុះ​ គួរ​ស្វែង​រក​ការ​ប្រឹក្សា​​យោបល់​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ និង​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​។​

ប្រភព៖ healthline | Cleveland Clinic អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម